ខេត្តតាកែវថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានចូលរួម ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ដែលរៀបចំឡើងដោយ ក្លឹបអូដាកកម្ពុជា។ ព្រឹត្តិការណ៍នេះមាន កីឡាករ-កីឡាការិនីប្រមាណ ៨០០នាក់ បានធ្វើដំណើរដោយការជិះកង់ដោយផ្ទាល់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តតាកែវ ក្នុងគោលបំណងដើម្បីជួយដល់បរិស្ថាន គាំទ្រវិស័យអប់រំ និងលើកកម្ពស់ទេសចរណ៍ធម្មជាតិ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវដែលបានអញ្ជើញចូលរួមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះមានការចូលរួមពី សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា មានការសម្របសម្រួលពី អាជ្ញាធរស្រុកអង្គរបូរីដើម្បីធានាបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលលិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ហួត ហាក់ ចំពោះការចូលរួមព្រឹត្តិការណ៍ ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ កីឡាក្នុងរដូវកាលបៃតង។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានក្ដីសោមនស្សរីករាយ ការចូលរួមគាំទ្រដល់វិស័យអប់រំ បានពាំនាំនូវសម្ភារសិក្សាជូនដល់សិស្សានុសិស្សបឋមសិក្សាចំនួន ៤០០ នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ នៅជុំវិញតំបន់ភ្នំដា រួមមាន៖ សាលាបឋមសិក្សា បាក់ដៃ សាលាបឋមសិក្សា ទួលពុទ្រា សាលាបឋមសិក្សា គោកធ្លក និងសាលាបឋមសិក្សា តាជរផារ៉ារៀល ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែចូលរួមសកម្មភាពការងារសង្គមដោយផ្តោតសំខាន់លើសុខុមាលភាព និងការអប់រំរបស់កុមារកម្ពុជា។

បន្ថែមពីលើការគាំទ្រវិស័យអប់រំ អ្នកចូលរួមទាំងអស់ក៏បានរួមគ្នាដាំដើមឈើ ប្រមាណជាង ៦០០ ដើម ដែលដាំនៅអមសងខាងផ្លូវឡើងទៅកាន់ប្រាសាទភ្នំដាចូលរួមចំណែកថែរក្សាបរិស្ថានលើកកម្ពស់សម្រស់ធម្មជាតិ និងជួយជំរុញវិស័យទេសចរណ៍នៅតំបន់ប្រាសាទប្រវត្តិសាស្ត្រមួយនេះ។
លោក ឈួន សុភ័ក្រសាដា ប្រធានក្រុមក្លឹបអូដាកកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីគណៈកម្មការបានជូនដំណឹងពីការចុះឈ្មោះត្រឹមរយៈពេលខ្លីមិនដល់ ២សប្ដាហ៍ផង មានកីឡាករ-កីឡាការិនីប្រមាណ ៨០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ទេសចរណ៍ បរិស្ថាន និងសប្បុរសធម៌នេះ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន និងដៃគូទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងរួមចំណែកក្នុងសកម្មភាពសង្គម ដើម្បីលើកកម្ពស់ការអប់រំរបស់សិស្សានុសិស្ស និងចូលរួមកែលម្អបរិស្ថានឱ្យកាន់តែប្រសើរឡើង។

ការចូលរួមនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿជាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមចំណែកឆ្លើយតបទៅកាន់សង្គម តាមរយៈសកម្មភាពមនុស្សធម៌ ការគាំទ្រវិស័យអប់រំ និងចូលរួមចំណែកថែរក្សាបរិស្ថាន។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បន្តជំរុញយុវជនទាំងអស់ឱ្យចូលរួមលេងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សហគមន៍ ជាពិសេសតាមរយៈសកម្មភាព ជិះកង់ដែលរួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សុខភាព និងបរិស្ថាន។
ក្នុងឱកាសអបអរសាទរ ខួប ១០ឆ្នាំនៃទំនុកចិត្ត ១០ឆ្នាំនៃការការពារប្រជាជនកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងនៅតែបន្តបេសកកម្មក្នុងការចូលរួមកិច្ចការងារសង្គម គាំទ្រវិស័យអប់រំ និងលើកកម្ពស់បរិស្ថានទេសចរណ៍នៅកម្ពុជា។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕
