ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានមោទកភាពដែលទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ដោយ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) ក្នុងកម្មវិធី «ទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ ២០២៦» ដែលប្រារព្ធឡើងនៅសៀមរាប ដែលវិញ្ញាបនបត្រនេះផ្តល់ជូនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមចំណែកសប្បុរសធម៌ដែលបានចូលរួមបរិច្ចាគថវិកាចំនួន 4,000,000 រៀលទៅមូលនិធិគន្ធបុប្ផាកម្ពុជា។

ព្រឹត្តិការណ៍ ទិវាធានារ៉ាប់រងកម្ពុជា ប្រារព្ធឡើងក្រោមការរៀបចំរបស់និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការនាំយកសេវាធានារ៉ាប់រងឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ ពិធីប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក លី សារីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប៊ូ ច័ន្ទភីរូអគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រួមជាមួយប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងសមាគមជើងសាធានារ៉ាប់រងកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែចូលរួមសកម្មភាពការងារសង្គមដោយផ្តោតសំខាន់លើសុខុមាលភាព និងការអប់រំរបស់កុមារកម្ពុជាដែលក្នុងនោះមានគម្រោងជាច្រើនដែលតែងតែបន្តធ្វើ ដែលក្នុងនោះមាន ៖
- “គម្រោងសាលារៀន ១០០”ដែលក្រុមហ៊ុនបានឧបត្ថម្ភសម្ភារសិក្សាជូនដល់សិស្សានុសិស្ស
- “ការចូលរួមទំនួលខុសត្រូវលើកិច្ចការសង្គមក្នុងត្រីមាស”ដែលក្រុមហ៊ុនបានឧបត្ថម្ភជូន សម្ភារប្រើប្រាស់ និងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស ក៏ដូចជាសាលារៀនផងដែរ
- ព្រឹត្តិការណ៍ “ជិះកង់ដើម្បីជួយកុមារកម្ពុជា”ដែលធ្វើការរៃអង្គាសថវិកាជូនដល់អង្គការកុមារ មន្ទីរពេទ្យកុមារ និងសាលារៀនជាដើម ។ល។
ដើម្បីពង្រីកការប្តេជ្ញាចិត្តនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានបង្កើនការគាំទ្របន្ថែមទៀតដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាគ្រឹះស្ថានសុខាភិបាលដ៏សំខាន់បំផុតសម្រាប់សុខភាពកុមារកម្ពុជាជំនាន់ក្រោយ។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាគ្រឹះស្ថានផ្តល់សេវាថែទាំសុខភាពកុមារឈានមុខគេនៅកម្ពុជា ដែលផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ដល់កុមាររាប់លាននាក់ ដោយមិនគិតកម្រៃ។ បង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner មូលនិធិនេះដំណើរការមន្ទីរពេទ្យជាច្រើនកន្លែងទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយដើរតួជាបង្អែកដ៏សំខាន់សម្រាប់ក្រុមគ្រួសារកម្ពុជា និងធានាថាកុមារគ្រប់រូបទទួលបានសេវាថែទាំសុខភាពដែលសង្គ្រោះជីវិតបាន ទោះបីជាពួកគេស្ថិតក្នុងស្ថានភាពជីវភាពបែបណាក៏ដោយ។

លោក Loke Kah Meng នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍លោកបានលើកឡើងថា«ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងចំពោះការងារសង្គម មិនមែនត្រឹមតែជាគោលការណ៍ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតម្លៃស្នូលនៃស្ថាប័នរបស់យើង។ តាមរយៈការគាំទ្រវិស័យអប់រំក្នុងគម្រោងសាលារៀន និងវិស័យសុខាភិបាលតាមរយៈមន្ទីរពេទ្យគន្ធបុប្ផា យើងកំពុងវិនិយោគលើអនាគតដ៏ភ្លឺស្វាង និងសុខភាពល្អសម្រាប់កុមារកម្ពុជាទាំងអស់។»

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ៖ ការកសាងអនាគតដ៏រឹងមាំ សុខភាព និងការអប់រំកាន់តែច្រើនសម្រាប់កុមារកម្ពុជា គឺជាការទទួលខុសត្រូវរួមគ្នារបស់យើងទាំងអស់គ្នា។ ក្រុមហ៊ុននៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកស្ទួយសហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិតាមរយៈសកម្មភាពប្រកបដោយគោលបំណង។
