សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • ទទួលបាន ១០០% នៃទឹកប្រាក់ដែលត្រូវបានធានា ក្នុងករណីមរណភាពរបស់សមាជិកដែលត្រូវបានធានា ដោយសារជំងឺ ឬគ្រោះថ្នាក់។
  • ទទួលបាន ១០០% នៃទឹកប្រាក់ដែលត្រូវបានធានា ក្នុងករណីសមាជិកដែលត្រូវបានធានា ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយសារជំងឺ ឬគ្រោះថ្នាក់។

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៦១ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០ ដុល្លារ រហូតដល់ ៥០០០០​​ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រងមានរយៈពេល ១ ឆ្នាំ
អាចបន្តសុពលភាពបណ្ណសន្យារ៉ាប់រងនៅចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងដោយគ្មានការវាយតមៃ្លហានិភ័យធានារ៉ាប់រងឡើងវិញឡើយ
រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលនៃការធានារ៉ាប់រង
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៦១ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០ ដុល្លារ រហូតដល់ ៥០០០០​​ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង1 year term
Renewable at the end of each policy year is guaranteed without the need of any underwriting
រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលនៃការធានារ៉ាប់រង
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

បរិយាយផលិតផល

ផ្នែកទី ១៖ និយមន័យ

“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។

“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិត ដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយ ក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានា ក្នុងកិច្ចសន្យាធានារ៉ាប់រង។

“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានា ដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពី សមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមាន បណ្ណសន្យារ៉ាប់រង ផលិតផលបន្ថែម តារាងបណ្ណសន្យារ៉ាប់រង ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ឬសំណើសុំផ្លាស់ប្តូរដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពពីវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវបានចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងម្ចាស់បណ្ណសន្យារ៉ាប់រង/សមាជិកដែលត្រូវបានធានា និងក្រុមហ៊ុន។

“បុព្វលាភរ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបង់ទៅឲ្យ ក្រុមហ៊ុនជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។

“ការធានារ៉ាប់រងដោយមិនមានការរួមវិភាគទាន” សំដៅដល់ ការធានារ៉ាប់រងដែលម្ចាស់បណ្ណសន្យារ៉ាប់រងបង់បុព្វលាភរ៉ាប់រងទាំង ស្រុង។

“ការធានារ៉ាប់រងដោយមានការរួមវិភាគទាន” សំដៅដល់ ការធានារ៉ាប់រងដែលម្ចាស់បណ្ណសន្យារ៉ាប់រងបង់បុព្វលាភរ៉ាប់រងមួយផ្នែក ហើយសមាជិកដែលត្រូវបានធានាចូលរួមវិភាគទានមួយផ្នែកទៀត ឬ ការធានារ៉ាប់រងដែលសមាជិកដែលត្រូវបានធានាបង់បុព្វលាភរ៉ាប់រងទាំងស្រុង។

“តារាងបណ្ណសន្យារ៉ាប់រង” សំដៅដល់ តារាងដែលមានកំណត់ព័ត៌មានលម្អិតនៃបណ្ណសន្យារ៉ាប់រងដែលចេញដោយក្រុមហ៊ុនដែលត្រូវបានចាត់ទុកជាឯកសារបន្ថែមនៃបណ្ណសន្យារ៉ាប់រងដែលជាផ្នែកមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះ។

“ម្ចាស់បណ្ណសន្យារ៉ាប់រង” សំដៅដល់ នីតិបុគ្គលដែលជាអ្នកផ្តល់កម្ចី និងជាអ្នកទទួលផលទីមួយ ដូចមានបញ្ជាក់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ។

“ឥណវន្ត” សំដៅដល់ កូនបំណុលរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដែលខ្ចីកម្ចីពីម្ចាស់បណ្ណសន្យារ៉ាប់រង។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើម។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពរបស់សមាជិកដែលត្រូវបានធានា” សំដៅដល់ កាលបរិច្ឆេទដែលទឹកប្រាក់កម្ចីត្រូវបានផ្តល់ពីម្ចាស់បណ្ណសន្យារ៉ាប់រងទៅសមាជិកដែលត្រូវបានធានា និងក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រង ហើយក្រុមហ៊ុនយល់ព្រមធានាសមាជិកដែលត្រូវបានធានា។ កាលបរិច្ឆេទនេះ ត្រូវចាត់ទុកថាជាកាលបរិច្ឆេទកិច្ចសន្យាធានារ៉ាប់រងមានសុពលភាព សម្រាប់សមាជិកដែលត្រូវបានធានាក្នុងបណ្ណសន្យារ៉ាប់រងនេះ។

“ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ ខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការបន្តបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃឆ្នាំដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត។

“សមាជិកដែលមានសិទ្ធិ” សំដៅដល់ ឥណវន្ត ឬអ្នកខ្ចីប្រាក់ដែលបំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់ដូចមានបញ្ជាក់នៅក្នុងផ្នែកទី២ ចំណុចទី១ នៃបណ្ណសន្យារ៉ាប់រងនេះ៖ គុណវុឌ្ឍិរបស់ឥណវន្តដែលមានសិទ្ធិចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង។

“សមាជិកដែលត្រូវបានធានា” សំដៅដល់ សមាជិកដែលមានសិទ្ធិ ដែលចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង ដោយយោងតាមលក្ខខណ្ឌក្នុងផ្នែកទី2 ចំណុចទី2 នៃបណ្ណសន្យារ៉ាប់រងនេះ៖ “ការចុះឈ្មោះ”។

“កាលបរិច្ឆេទចុះឈ្មោះ” សំដៅដល់ ថ្ងៃដែលសមាជិកដែលមានសិទ្ធិ ចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង ជាសមាជិកដែលត្រូវ បានធានា។

“កាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងផុតសុពលភាព។

“អ្នកទទួលផល” សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយសមាជិកដែលត្រូវបានធានា ឲ្យធ្វើជា អ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និងជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យាធានារ៉ាប់រងបន្ទាប់ពីសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

“អ្នកទទួលផលទីមួយ” សំដៅដល់ នីតិបុគ្គលដែលជាអ្នកផ្តល់កម្ចី និងជាម្ចាស់បណ្ណសន្យារ៉ាប់រង។

“អ្នកទទួលផលទីពីរ” សំដៅដល់ បុគ្គលដែលត្រូវបានបញ្ជាក់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយសមាជិកដែលត្រូវបានធានាឲ្យក្លាយជាអ្នកទទួលផលដោយយោងតាមកិច្ចសន្យាធានារ៉ាប់រង ហើយដែលនឹងទទួលបានអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីកាត់ចេញនូវចំនួនទឹកប្រាក់ដែលត្រូវបង់ទៅឲ្យអ្នកទទួលផលទីមួយ (បើមាន) បន្ទាប់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានា។

“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់សមាជិកដែលត្រូវបានធានា ហើយដែលបណ្ដាលឲ្យសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

“ការរងរបួស” សំដៅដល់ របួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។

“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” សំដៅដល់ សមាជិកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជា អចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ

- ជើងម្ខាង និងភ្នែកម្ខាង។

ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកម្ខាង ឬទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។

ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពកម្រិតឃុំ/សង្កាត់ ឬថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាព ត្រូវបានបញ្ជាក់ត្រឹមត្រូវ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់នូវសុពលភាព ឬភាពត្រឹមត្រូវនៃលិខិតបញ្ជា្កក់សុខភាព និង/ឬ បញ្ជូនសមាជិកដែលត្រូវបានធានាទៅកាន់មន្ទីរពេទ្យផ្សេង ឬ វេជ្ជបណ្ឌិតផ្សេង ដែលការចំណាយលើការពិនិត្យសុខភាពលើកក្រោយនេះជាបន្ទុករបស់ក្រុមហ៊ុន។

ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។

ឥណវន្តរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង មានសិទ្ធិចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ លុះត្រាតែបានបំពេញតាមលក្ខខណ្ឌតម្រូវគុណវុឌ្ឍិទាំងអស់ដូចខាងក្រោម៖

១.១ ជារូបវន្តបុគ្គល និងមានសុខភាពល្អ

១.២ ជាកូនបំណុលរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដែលខ្ចីប្រាក់ពីម្ចាស់បណ្ណសន្យារ៉ាប់រងនៅកាលបរិច្ឆេទចុះឈ្មោះ

១.៣ មានអាយុចាប់ពី ...ឆ្នាំ ប៉ុន្តែមិនលើសពី ...ឆ្នាំ និង

១.៤ បំពេញតាមគុណវុឌ្ឍិដែលតម្រូវទាំងអស់សម្រាប់សំណើសុំកម្ចី ដោយយោងតាមលក្ខខណ្ឌរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង។

២.១ សមាជិកដែលមានសិទ្ធិ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវគុណវុឌ្ឍិទាំងអស់ ដែលមានបញ្ជាក់នៅក្នុងតារាងបណ្ណសន្យារ៉ាប់រង

២.២ ការចុះឈ្មោះរបស់សមាជិកដែលមានសិទ្ធិ ដែលបានបំពេញតាមលក្ខខណ្ឌតម្រូវគុណវុឌ្ឍិទាំងអស់ នៅកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាព ចាប់ផ្ដើមពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព។

២.៣ ចំពោះសមាជិកដែលត្រូវបានធានា ដែលការធានារ៉ាប់រងរបស់ខ្លួនត្រូវបានលុបចោលកន្លងមក ការចុះឈ្មោះជាសមាជិកសារជាថ្មី ត្រូវបានចាត់ទុកជាសមាជិកថ្មី។

២.៤ សមាជិកដែលមានសិទ្ធិម្នាក់ៗ ត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ចាប់ពីកាលបរិច្ឆេទចុះឈ្មោះតទៅ ដោយយោងតាមលក្ខខណ្ឌដែលបានបញ្ជាក់ និងអាស្រ័យទៅលើការឯកភាពយល់ព្រមពីក្រុមហ៊ុនចំពោះកិច្ចព្រមព្រៀងណាមួយផ្សេងទៀតសម្រាប់ការចុះឈ្មោះ បន្ទាប់ពីក្រុមហ៊ុនបានទទួលទម្រង់បែបបទចុះឈ្មោះជាឯកត្តជន ដែលមានផ្ទុកព័ត៌មានត្រឹមត្រូវ និងពេញលេញសម្រាប់អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាក្រុម។

ការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាម្នាក់ៗ នឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ បន្ទាប់ពីមានករណីណាមួយដូច ខាងក្រោមនេះបានកើតឡើង៖

៣.១ នៅពេលដែលបណ្ណសន្យារ៉ាប់រងជាក្រុមគោលត្រូវបានបញ្ចប់ ឬ
៣.២នៅពេលដែលក្រុមហ៊ុនបង់ទឹកប្រាក់ដែលត្រូវបានធានាទៅឲ្យសមាជិកដែលត្រូវបានធានា និង/ឬអ្នកទទួលផល ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ទៅតាមការកំណត់នៃកិច្ចសន្យាធានារ៉ាប់រងនេះ ឬ
៣.៣ សមាជិកដែលត្រូវបានធានាឈានដល់អាយុ ....ឆ្នាំ នៅកាលបរិច្ឆេទខួបនៃបណ្ណសន្យារ៉ាប់រង ឬ
៣.៤ កាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង ដោយយោងតាមរយៈពេលធានារ៉ាប់រង ដូចបានចែងនៅក្នុងតារាង បណ្ណសន្យារ៉ាប់រង ដែលចាប់ផ្តើមពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពរបស់សមាជិកដែលត្រូវបានធានា រហូតដល់ការបញ្ចប់នៃរយៈពេលធានារ៉ាប់រង ដែលបានចែងនៅខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ
៣.៥ នៅពេលសមាជិកដែលត្រូវបានធានាមិនបានបំពេញតាមគុណវុឌ្ឍិ ដូចមានចែងនៅក្នុងតារាងបណ្ណសន្យារ៉ាប់រង ឬ
៣.៦ នៅពេលក្រុមហ៊ុនទទួលការជូនដំណឹងពីការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ពីម្ចាស់បណ្ណសន្យារ៉ាប់រង ដោយយោងតាមតារាងបណ្ណសន្យារ៉ាប់រង ឬ
៣.៧ នៅពេលដែលសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភរ៉ាប់រងបន្ទាប់ពី រយៈពេលអនុគ្រោះត្រូវបានបញ្ចប់។

ក្រុមហ៊ុនមានសិទ្ធិមិនបន្តបណ្ណសន្យារ៉ាប់រង នៅកាលបរិច្ឆេទនៃខួបណាមួយដោយត្រូវធ្វើឡើងជាទម្រង់លាយលក្ខណ៍អក្សរ ហើយបន្ទាប់មកសុពលភាពនៃបណ្ណសន្យារ៉ាប់រងនេះ ត្រូវបញ្ចប់នៅកាលបរិច្ឆេទនៃខួបនៃឆ្នាំនោះ។

ក្នុងករណីសមាជិកដែលត្រូវបានធានាទទួលមរណភាពដោយសារជំងឺ ឬគ្រោះថ្នាក់ហើយក្រុមហ៊ុនបានទទួលភស្តុតាង គ្រប់គ្រាន់បញ្ជាក់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានា ដោយផ្អែកលើការកំណត់សមហេតុផលរបស់ក្រុមហ៊ុន និង អនុលោមតាមទម្រង់ និងវិធីសាស្ត្រដែលបានកំណត់ដោយក្រុមហ៊ុន នោះក្រុមហ៊ុនត្រូវបង់ទឹកប្រាក់ដែលត្រូវបានធានាដូចមានចែងនៅក្នុងតារាងបណ្ណសន្យារ៉ាប់រង ទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍នេះមិនត្រូវលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកដែលត្រូវបានធានាជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលមិនទាន់បានសងរួចរាល់ហើយ ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) ទៅឲ្យអ្នកទទួលផលទីពីរ ដូចមានចែងនៅក្នុងពាក្យស្នើសុំធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា ហើយបណ្ណសន្យារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានានឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។

២.១ នៅក្នុងករណីសមាជិកដែលត្រូវបានធានាទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ ឬគ្រោះថ្នាក់ដោយមានភស្តុតាងបញ្ជាក់ថាពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នេះកើតមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ហើយពិការភាពនោះនៅបន្តក្នុងរយៈពេលយ៉ាងតិច ១៨០ ថ្ងៃ ដែលមានការបញ្ជាក់ច្បាស់លាស់ពីវេជ្ជបណ្ឌិត ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពី ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាព ត្រូវបានបញ្ជាក់ត្រឹមត្រូវ។ ប្រសិនបើ ក្រុមហ៊ុនបានទទួលភស្តុតាងបញ្ជាក់ពីពិការភាពរបស់សមាជិកដែលត្រូវបានធានា ហើយដោយផ្អែកលើការកំណត់សមហេតុផល ក្រុមហ៊ុនចាត់ទុកថាសមាជិកដែលត្រូវបានធានាពិតជាទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុនត្រូវបង់ទឹកប្រាក់ដែលត្រូវបានធានាដូចមានចែងនៅក្នុងតារាងបណ្ណសន្យារ៉ាប់រងទៅឲ្យអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់អត្ថប្រយោជន៍នេះ មិនត្រូវលើសពីចំនួនទឹកប្រាក់បំណុលដែលសមាជិកដែលត្រូវបានធានា ជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលមិនទាន់បានសងរួចរាល់ហើយ ផលប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកដែលត្រូវបានធានា ហើយបណ្ណសន្យារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានានឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។

២.២ នៅក្នុងករណីដែលសមាជិកដែលត្រូវបានធានាទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយការបាត់បង់ដែលមានភស្តុតាងបញ្ជាក់ច្បាស់លាស់ ឬមានការបញ្ជាក់ពីផ្នែកវេជ្ជសាស្ត្រដែលថា សមាជិកដែលត្រូវបានធានាពិតជាទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុនត្រូវបង់ទឹកប្រាក់ដែលត្រូវបានធានាដូចមានចែងក្នុងតារាង បណ្ណសន្យារ៉ាប់រង ទៅឲ្យអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនអត្ថប្រយោជន៍នេះមិនត្រូវលើសពីចំនួនទឹកប្រាក់បំណុលដែលសមាជិកដែលត្រូវបានធានា ជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលមិនទាន់បានសងរួចរាល់ហើយ ផលប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកដែលត្រូវបានធានា ហើយបណ្ណសន្យារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានានឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។

សម្រាប់ការទូទាត់ខាងលើ ប្រសិនបើមានបំណុលមិនទាន់ទូទាត់ ក្រុមហ៊ុននឹងកាត់កងបំណុលដែលមិនទាន់បានទូទាត់នោះពីចំនួនទឹកប្រាក់សំណងដែលត្រូវបង់ ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រង។

ទឹកប្រាក់ដែលបានបង់ដូចមានចែងនៅក្នុងលក្ខខណ្ឌទៅអ្នកទទួលផល ត្រូវចាត់ទុកថាជាការរំលស់បន្ទុកតាមផ្លូវច្បាប់របស់ក្រុមហ៊ុន និងដោះបន្ទុកក្រុមហ៊ុនពីការចោទប្រកាន់តាមផ្លូវច្បាប់ និងពីបណ្ដឹងពាក់ព័ន្ធផ្សេងៗ។

កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្ដីប្រកាសរបស់ម្ចាស់ បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានា នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រង ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់សមាជិកដែលត្រូវបានធានា ការប្រកាសសុខភាព និងការប្រកាសបន្ថែមផ្សេងៗទៀត ដែលចុះ ហត្ថលេខាដោយសមាជិកដែលត្រូវបានធានា និងនៅពេលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានា មានចេតនាផ្ដល់សេចក្ដីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានការផ្លាស់ប្ដូរទៅលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិគិតបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ (ប្រសិនបើបណ្ណសន្យារ៉ាប់រងមិនទាន់បានចេញ)។ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពការដែលមានចេតនាផ្ដល់ព័ត៌មានមិនពិតប្រាកដ ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងដោយចេតនា នឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះអាចក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្ដល់ប្រាក់សំណងតាមកិច្ចសន្យាធានារ៉ាប់រង។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្ដីប្រកាសណាមួយ ដែលមិនមែនជាសេចក្ដីប្រកាសធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី ១ នៃ ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ៤ នេះទេ។

ភ្នាក់ងារ ឬជើងសាធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារ កាលបរិច្ឆេទនៃខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធការផ្ដល់ការជូនដំណឹង ឬភស្ដុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយទៅលើបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបានលុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនេះត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះ ត្រូវបានពណ៌នានៅក្រោមផ្នែកស្ដីពី “រូបិយប័ណ្ណ” នៅលើតារាងបណ្ណសន្យារ៉ាប់រង។

លើកលែងតែមានកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពី ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាពនោះទេ លើកលែងតែករណីម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានា មិនមានផលប្រយោជន៍ពីការធានារ៉ាប់រង (Insurable Interest) ក្នុងការធានារ៉ាប់រងនេះ។

ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាចំពោះការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាណាម្នាក់បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចុះឈ្មោះនោះទេ លើកលែងតែក្នុងករណីផ្ដល់ព័ត៌មានមិនពិតពីអាយុ ឬភេទរបស់សមាជិកដែលត្រូវបានធានា ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។

ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់សមាជិកដែលមានសិទ្ធិ ទៅកាន់ក្រុមហ៊ុន ដោយប្រើទម្រង់បែបបទដែលបានកំណត់របស់ក្រុមហ៊ុន។

៦.១ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវរក្សាទុកឯកសារទាំងអស់ដែលទាក់ទងនឹងសមាជិកដែលត្រូវបានធានាម្នាក់ៗ ក្រោមបណ្ណសន្យារ៉ាប់រងនេះ ដែលត្រូវបានដាក់ជូនដោយសមាជិកនីមួយៗ។ ឯកសារទាំងនោះត្រូវកំណត់នូវ ឈ្មោះ ភេទ អាយុ ឬថ្ងៃខែឆ្នាំកំណើតរបស់សមាជិកដែលត្រូវបានធានា ចំនួនទឹកប្រាក់ដែលត្រូវបានធានា កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមាន សុពលភាព កាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង អ្នកទទួលផល និងសេចក្ដីលម្អិតដែលចាំបាច់ក្នុងការ អនុលោមតាមច្បាប់ និងលក្ខខណ្ឌនានាក្រោមកិច្ចសន្យាធានារ៉ាប់រង។

៦.២ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវដាក់ឯកសារ និងភស្តុតាងបញ្ជាក់អំពីបញ្ហាដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រង ទៅកាន់ ក្រុមហ៊ុនតាមការតម្រូវរបស់ច្បាប់ ឬតាមការស្នើសុំពីក្រុមហ៊ុន ដោយមានមូលហេតុសមស្រប។ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនត្រួតពិនិត្យឯកសារទាំងអស់ ដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រងនេះ ដែលត្រូវបានផ្ញើដោយបុគ្គលណាម្នាក់ទៅកាន់ម្ចាស់បណ្ណសន្យារ៉ាប់រង។

សមាជិកដែលត្រូវបានធានាមានសិទ្ធិកំណត់អ្នកទទួលផលទីពីរ ក្រៅពីអ្នកទទួលផលទីមួយដែលជាម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្នុងករណីសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយសារគ្រោះថ្នាក់ ឬជំងឺ នោះក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ដែលត្រូវបានធានា ដូចមានចែងក្នុងតារាងបណ្ណសន្យារ៉ាប់រងទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់អត្ថប្រយោជន៍នេះ មិនត្រូវលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកដែលត្រូវបានធានា ជំពាក់អ្នកទទួលផល ទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីទូទាត់បំណុលដែលមិនទាន់បានសងរួចរាល់ហើយផលប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកដែលត្រូវបានធានា ឬអ្នកទទួលផលទីពីរ ឬទាយាទរបស់សមាជិកដែលត្រូវបានធានា ប្រសិនបើសមាជិកដែលត្រូវបានធានាមិនបានបញ្ជាក់អ្នកទទួលផលទីពីរ។

ប្រសិនបើមានតែអ្នកទទួលផលទីពីរតែម្នាក់ដែលត្រូវបានកំណត់ ហើយអ្នកទទួលផលទីពីរនោះទទួលមរណភាពមុន ឬស្របពេលជាមួយសមាជិកដែលត្រូវបានធានា សមាជិកដែលត្រូវបានធានា/ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនអំពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរ។ ប្រសិនបើសមាជិកដែលត្រូវបានធានាខកខានឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរទៅក្រុមហ៊ុន នៅពេលសមាជិកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទៅឲ្យទាយាទរបស់សមាជិកដែលត្រូវបានធានា។

ប្រសិនបើមានអ្នកទទួលផលទីពីរលើសពីម្នាក់ត្រូវបានកំណត់ ហើយម្នាក់ក្នុងចំណោមនោះទទួលមរណភាពមុន ឬ ស្របពេលជាមួយសមាជិកដែលត្រូវបានធានា នោះសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ពីការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ ឬលក្ខខណ្ឌនៃការទូទាត់អត្ថប្រយោជន៍ទៅអ្នកទទួលផលដទៃទៀតដែលនៅរស់។ ប្រសិនបើសមាជិកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលទីពីរនោះទេ នៅពេលដែលសមាជិកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ស្មើគ្នានៃអត្ថប្រយោជន៍ដែលនៅសេសសល់ទាំងឡាយរបស់អ្នកទទួលផលទីពីរដែលទទួលមរណភាព បន្ទាប់ពីទូទាត់បំណុល (បើមាន) ទៅឲ្យអ្នកទទួលផលទីពីរដទៃទៀតដែលនៅរស់រានមានជីវិត។

ក្នុងករណីដែលអ្នកទទួលផលទីពីរថ្មី គឺជាឪពុក/ម្ដាយ ប្ដី/ប្រពន្ធ ឬកូនរបស់សមាជិកដែលត្រូវបានធានា ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ នឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃ ដែលសមាជិកដែលត្រូវបានធានាបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលទីពីរដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរនោះជាមុនពីសមាជិកដែលត្រូវបានធានា។

ក្នុងករណីដែលអ្នកទទួលផលទីពីរថ្មីមិនមែនជាឪពុក/ម្ដាយ ប្ដី/ប្រពន្ធ ឬកូនរបស់សមាជិកដែលត្រូវបានធានាទេនោះ ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ នឹងមានប្រសិទ្ធភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្ដល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

ក្នុងករណីមានអ្នកទទួលផលទីពីរតែម្នាក់ ហើយប្រសិនបើសមាជិកដែលត្រូវបានធានាត្រូវបានសម្លាប់ដោយចេតនាដោយ អ្នកទទួលផលទីពីរនោះ ក្រុមហ៊ុនត្រូវបង់ អត្ថប្រយោជន៍ដែលត្រូវបង់ ដោយយោងតាមចំនួនទឹកប្រាក់ដែលត្រូវបានធានាទៅឲ្យអ្នកទទួលផលទីមួយ ដែលមិនមែនជាចារី (ជនដៃដល់) សហចារី (អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្មនោះ ដោយចំនួនទឹកប្រាក់អត្ថប្រយោជន៍ស្មើនឹងចំនួនទឹកប្រាក់បំណុលដែលសមាជិកដែលត្រូវបានធានា ត្រូវសងទៅឲ្យអ្នកទទួលផលទីមួយ។ ក្រុមហ៊ុននឹងមិនបង់អត្ថប្រយោជន៍ធានារ៉ាប់រងណាមួយ ហើយនឹងមិនប្រគល់បុព្វលាភរ៉ាប់រងដែលត្រូវសងទៅឲ្យអ្នកទទួលផលទីពីរដែលចូលរួមក្នុងអំពើឃាតកម្មដោយចេតនាទៅលើសមាជិកដែលត្រូវបានធានាឡើយ។

ក្នុងករណីមានអ្នកទទួលផលទីពីរលើសពីម្នាក់ បើអ្នកទទួលផលទីពីរណាម្នាក់មិនបានចូលរួមក្នុង អំពើឃាតកម្ម ដោយចេតនាលើសមាជិកដែលត្រូវបានធានា ក្រុមហ៊ុននឹងទូទាត់សំណងនូវចំនួនទឹកប្រាក់ សមាមាត្រទៅនឹងទឹកប្រាក់ដែលត្រូវបានធានាដែលនៅសេសសល់ (បន្ទាប់ពីបានទូទាត់សំណងរួចរាល់ជូនអ្នកទទួលផលទីមួយ) ទៅឲ្យអ្នកទទួលផលទីពីរដែលមិនបានចូលរួម ក្នុងអំពើឃាតកម្មដោយចេតនាលើសមាជិកដែលត្រូវបានធានា ដោយកាត់ចេញនូវចំណែកដែលអ្នកទទួលផលទីពីរ ដែលបានប្រព្រឹត្តនូវអំពើឃាតកម្មត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ដែលជាផ្នែកនៃបុព្វលាភរ៉ាប់រងនេះឡើយ។

សម្រាប់ការចំណាយខាងលើក្នុងករណីឃាតកម្មដែលប្រព្រឹត្តដោយអ្នកទទួលផលទីពីរ ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់តាមបណ្ណសន្យារ៉ាប់រងនេះ។

រាល់ការធ្វើវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនេះ នឹងមានសុពលភាពនៅពេល ដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវ វិសោធនកម្មនោះ ហើយវិសោធនកម្មនេះនឹងមានប្រសិទ្ធភាពអនុវត្តនៅពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារ គាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។

ប្រសិនបើសមាជិកដែលត្រូវបានធានាបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ហើយបណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភរ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃ ដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោម កិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភរ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រង បានបង់បុព្វលាភរ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងដែលលើសជូនវិញ។

ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់សមាជិកដែលត្រូវបានធានាសិ្ថតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រង បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (បើមាន) ទៅឲ្យសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រងទៅតាមករណីនីមួយៗ។

ក្រុមហ៊ុនមានសិទ្ធិក្នុងការផ្លាស់ប្តូរអត្រានៃការគណនាបុព្វលាភរ៉ាប់រង ៖

១២.១ នៅខួបនៃបណ្ណសន្យារ៉ាប់រង ឬ

១២.២ នៅកាលបរិច្ឆេទដែលលក្ខខណ្ឌ ចំណាត់ថ្នាក់ ចំនួនសមាជិកដែលត្រូវបានធានា ចំនួនទឹកប្រាក់ដែលត្រូវបានធានា ឬ ហានិភ័យ ត្រូវបានផ្លាស់ប្តូរពីស្ថានភាពដើមក្នុងកម្រិតណាមួយ ហើយក្រុមហ៊ុនជូនដំណឹងដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជាមុនយ៉ាងហោចណាស់ សាមសិបមួយ (៣១) ថ្ងៃ។

ក្នុងលក្ខខណ្ឌណាក៏ដោយ ក្រុមហ៊ុនត្រូវចេញឯកសារគាំទ្រវិសោធនកម្មបញ្ជាក់ពីការផ្លាស់ប្តូរ ដល់ម្ចាស់បណ្ណសន្យារ៉ាប់រង។

ការកែប្រែបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) ត្រូវធ្វើនៅកាលបរិច្ឆេទដល់កំណត់បង់បុព្វលាភរ៉ាប់រង លើកលែងតែមានការកំណត់ផ្សេងពីនេះ។

បុព្វលាភរ៉ាប់រងត្រូវបង់នៅមុន ឬនៅកាលបរិច្ឆេទដល់កំណត់បង់បុព្វលាភរ៉ាប់រង ទៅតាមរបៀបនៃការបង់ដូចបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬសាខារបស់ក្រុមហ៊ុន ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬរបៀបបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រង និងក្រុមហ៊ុន។

បុព្វលាភរ៉ាប់រងដំបូង ត្រូវបង់នៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយបុព្វលាភរ៉ាប់រងបន្តបន្ទាប់ទៀត ត្រូវបង់នៅកាលបរិច្ឆេទដល់កំណត់បង់បុព្វលាភរ៉ាប់រង ដែលកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុននឹងចេញបង្កាន់ដៃផ្លូវការសម្រាប់ការបង់បុព្វលាភរ៉ាប់រង។

ប្រសិនបើក្រុមហ៊ុនអនុញ្ញាតឲ្យផ្លាស់ប្តូរការបង់បុព្វលាភរ៉ាប់រងទៅជាការបង់បណ្តាក់ក្នុងរយៈពេលតិចជាងមួយ (១) ឆ្នាំ ហើយចំនួនបុព្វលាភរ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា ដែលទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលត្រូវបង់ទៅឲ្យក្រុមហ៊ុន ហើយមិនទាន់បានគ្រប់រយៈពេលមួយ (១) ឆ្នាំ ត្រូវចាត់ទុកជាបំណុល ដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ ដែលត្រូវបង់ក្រោមបណ្ណសន្យារ់ាប់រងនេះ។

នៅពេលដែលសមាជិកដែលត្រូវបានធានា និង/ឬ ម្ចាស់បណ្ណសន្យារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភរ៉ាប់រងនៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភរ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។

បណ្ណសន្យារ៉ាប់រងនេះមានសុពលភាពរយៈពេលមួយ (១) ឆ្នាំ ហើយអាចបន្តនៅចុងឆ្នាំនីមួយៗនៃបណ្ណសន្យារ៉ាប់រងដែលក្រុមហ៊ុនចេញបង្កាន់ដៃផ្លូវការសម្រាប់ការបង់បុព្វលាភរ៉ាប់រងដែលត្រូវបង់នៅខួបបណ្ណសន្យារ៉ាប់រងបន្ទាប់ ដែលនឹងត្រូវបង់ដោយសមាជិកដែលត្រូវបានធានា និង/ឬម្ចាស់បណ្ណសន្យារ៉ាប់រងនៅកាលបរិច្ឆេទនោះ។

ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន យ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប) ថ្ងៃជាមុន ក្នុងករណីដែលមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា សមាជិកដែលត្រូវបានធានាក្លែងបន្លំដោយចេតនាដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ ទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រង សម្រាប់រយៈពេលបណ្ណសន្យារ៉ាប់រងនេះ មានសុពលភាព។

ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់) ថ្ងៃជាមុន ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង មានបំណងចង់លុបចោលបណ្ណសន្យារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ ទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រងបន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រង សម្រាប់រយៈពេលបណ្ណសន្យារ៉ាប់រងនេះ មានសុពលភាព។

បន្ទាប់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានា ដោយសារជំងឺ ឬគ្រោះថ្នាក់ ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលត្រូវជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេលសាមសិប (30) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់សមាជិកដែលត្រូវបានធានា លើកលែងតែមានភស្តុតាងបញ្ជាក់ថា មានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពី មរណភាពនេះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីកាលបរិច្ឆេទ ដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន ហើយបើមានសំណើសុំដោយមានមូលហេតុសមស្របពី ក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុនដោយការចំណាយជាបន្ទុករបស់ ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ត្រូវយល់ព្រម និងសហការក្នុងការធ្វើកោសល្យវិច័យសមាជិកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាជាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ឬភាគីរបស់សមាជិកដែលត្រូវបានធានាអនុលោមតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះ។

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ សមាជិកដែលត្រូវបានធានា ឬម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគ កោសល្យវិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់កើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះ ជាបន្ទុករបស់សមាជិកដែលត្រូវបានធានា លើកលែងតែមានភស្ដុតាងបញ្ជាក់ថា សមាជិកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបាន សម្រាប់ការ អាក់ខានក្នុងការជូនដំណឹងដល់ក្រុមហ៊ុន ប៉ុន្តែត្រូវធ្វើឡើងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់សមាជិកដែលត្រូវបានធានា តាមដែលក្រុមហ៊ុនយល់ថាសមស្រប នៅក្នុង រយៈពេលដំណើរការវាយតម្លៃសំណង។

ក. ការទាមទារសំណងករណីមរណភាពដោយសារជំងឺ

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសមាជិកដែលត្រូវបានធានា របស់អ្នកទទួលផល ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៣. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបាន ចុះបញ្ជី

៥. លិខិតយល់ព្រមរបស់អ្នកទទួលផល ឬ ទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. លិខិតផ្ទេរសិទ្ធិ និងយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងប្រវត្តិវេជ្ជសាស្រ្ត

ខ. ការទាមទារសំណងករណីមរណភាពដោយសារគ្រោះថ្នាក់

រាល់ឯកសារក្នុងចំនុច (ក) ខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖

១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

គ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់សមាជិកដែលត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. លិខិតផ្ទេរសិទ្ធិ និងយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងប្រវត្តិវេជ្ជសាស្រ្ត

ករណីមិនធានា សម្រាប់អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី នឹងមិនត្រូវទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យ អនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ហើយដែលត្រូវបានអនុវត្តចំពោះបណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្តនៅក្នុងឆ្នាំទី ៣ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់សមាជិកដែលត្រូវបានធានា ឬអ្នកទទួលផលណាម្នាក់ ឬ
គ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
ឃ. ជំងឺដែលមានស្រាប់ ដែលសមាជិកដែលត្រូវបានធានាធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យ ឬទទួលការពិគ្រោះ ឬព្យាបាល។

ប្រសិនបើការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់សមាជិកដែលត្រូវបានធានា កើតចេញមកពីករណីមិនធានាពីចំណុច ក ទៅ ឃ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ឬទាយាទរបស់សមាជិកដែលត្រូវបានធានា តែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពី កិច្ចសន្យាធានារ៉ាប់រងនេះ គូវិវាទត្រូវព្យាយាមដោះស្រាយ ដោយការ យោគយល់គ្នារវាងគូភាគីវិវាទ ដោយផ្អែកតាមការចរចា និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ ភាគីណាមួយនៃវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច។