កំពង់ចាម, នៅថ្ងៃទី25 ខែឧសភា ឆ្នាំ2025 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ធ្វើការប្តេជ្ញាចិត្ត គាំទ្រយ៉ាងពេញទំហឹងទៅលើការលើកកម្ពស់ស្ត្រីនៅកម្ពុជា។ ក្នុងព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី 10គីឡូម៉ែត្រឆ្នាំ2025 កន្លងមកនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានគោរពតាមកិច្ចសន្យាដោយធ្វើការផ្តល់ជូនកំព្យូទ័រយួរដៃចំនួន03គ្រឿង ដល់ អង្គការស្រ្ដីគឺជាមាសដែលមានទីស្នាក់ការកណ្ដាលនៅខេត្តកំពង់ចាម។ អង្គការស្រ្ដីគឺជាមាស ឈរលើគោលការណ៍ដ៏សំខាន់ជួយបង្កើនឱកាសអប់រំ និងការបណ្តុះបណ្តាលដោយផ្ដោតសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះ។

អង្គការស្រ្ដីគឺជាមាស ផ្តល់នូវការយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះពីការជួញដូរ ឬរងការរើសអើងបៀតបៀនជាដើម។ អង្គការផ្តោតលើគោលនយោបាយអប់រំ និងការបណ្ដុះបណ្ដាលដល់សហគមន៍ ឱ្យមានការបង្កើតនូវគំនិតផ្តួចផ្តើមចំណេះជំនាញក្នុងការការពារខ្លួនឯង និងមានអនាគតប្រសើរជាងមុន។

លោក លោក សុផល ឌីយ៉ាម៉ូនីនាយកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកលក់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ លោកបានលើកឡើងថា ៖"យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយជាក្រៃលែងនាឱកាសថ្ងៃនេះ ដែលបានចូលរួមជាចំណែកគាំទ្រដល់អង្គការស្រ្ដីគឺជាមាស តាមរយៈការឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន03គ្រឿង ហើយយើងខ្ញុំសង្ឃឹមថាតាមរយៈការផ្តល់ជូននេះអាចជួយបណ្តុះបណ្តាលដល់ស្ត្រី និងក្មេងស្រីគាំទ្ររាល់សកម្មភាពផ្សេងៗជាពិសេសការយល់ដឹងពីប្រព័ន្ធអ៊ីនធឺណិតពិសេសនៅតាមតំបន់ជនបទ។

លោក រីក ប៉លស៊ឺសិន (Richard Baltzersen)ដែលជាស្ថាបនិករបស់អង្គការស្រ្ដីគឺជាមាសបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅថា ៖ តាមរយៈការឧបត្ថម្ភមួយនេះអនុញ្ញាតឱ្យយើងនៅតែបន្តការងាររបស់យើងទៅមុខទៀត ដើម្បីផ្តល់ជាជំនាញបន្ថែមទៅដល់ស្រ្ដី និងក្មេងស្រីដែលងាយរងគ្រោះ។ ការប្តេជ្ញាចិត្ត ជាឆន្ទះដ៏វិសេសវិសាលទៅលើវិស័យការអប់រំ អនុញ្ញាតឱ្យពួកគេក្នុងការសាងសង់អនាគតប្រកបដោយវិជ្ជាជីវៈ និងគេចចេញបញ្ហាលំបាក។

លើសពីនេះទៅទៀត អ្នកស្រី អោ ស្រីម៉ាចនាយិការរងផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានធ្វើការចែករំលែក ក៏ដូចជាបំផុសគំនិតទៅដល់ស្ត្រី និងក្មេងស្រីដែលងាយរងគ្រោះ ទាក់ទងនិងស្ត្រីក្នុងភាពជាអ្នកដឹកនាំ ដើម្បីជាការលើកទឹកចិត្តពួកគេឱ្យកាន់តែមានភាពជឿជាក់លើខ្លួនឯង ។

គំនិតផ្តួចផ្តើម នេះឆ្លុះបញ្ចាំងឃើញពីការចូលរួមបំពេញកាតព្វកិច្ចដល់សហគមន៍របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ គួរបញ្ចាក់ផងដែរថាតាមរយៈការប្តេជ្ញាចិត្តមួយនេះ កន្លងមកក្រុមហ៊ុនក៏បានពាំនាំយកមកនូវសម្ភារសិក្សា កំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងឧបករណ៍សិក្សាផ្សេងៗទៀតទៅសាលារៀន អង្គការ និងសហគមន៍ដែលខ្វះខាត។

តាមរយៈការគាំទ្រ អង្គការស្រ្ដីគឺជាមាស ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍នឹងនៅតែប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គមនាពេលអនាគតដើម្បីធានាថាស្រ្ដី និងក្មេងស្រីកម្ពុជាគ្រប់រូបឱ្យមានឱកាសសិក្សាបណ្ដុះបណ្ដាល អភិវឌ្ឍន៍ និងរីកចម្រើនទៅមុខជានិរន្តរ៍។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕