ភ្នំពេញ ថ្ងៃទី26 ខែឧសភា ឆ្នាំ2025 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី នៅតែបន្តការប្តេជ្ញាចិត្តគាំទ្រ និងលើកកម្ពស់ស្ត្រីនៅកម្ពុជា។ បន្ទាប់ពីបានធ្វើការប្រកាសក្នុងអំឡុងពេលព្រឹត្តិការណ៍ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម (Women Run 10K 2025)កន្លងទៅនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបំពេញការសន្យារបស់ខ្លួនដោយបាន បរិច្ចាគសម្ភារចាំបាច់ជាច្រើនដល់មណ្ឌលសុវត្ថិភាពរបស់អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (អ.ក.ស.វ) ដែលជាកន្លែងការពារ និងគាំទ្រស្ត្រីមានវិបត្តិ និងកុមារដែលរងផលប៉ះពាល់ដោយអំពើហិង្សា។

អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (អ.ក.ស.វ) ផ្តល់ការគាំទ្រជាច្រើន រួមទាំងកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ជំនួយផ្នែកច្បាប់ ការប្រឹក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រឹងទៅលើការបង្កើតមុខរបរ។ ជាមួយនឹងបទពិសោធន៍ជាង 28 ឆ្នាំ អង្គការក៏មានការិយាល័យនៅទីក្រុងភ្នំពេញ បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ស្ពឺ ដោយបានជួយស្ត្រី និងកុមាររាប់រយនាក់ក្នុងមួយឆ្នាំៗក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

លោក Loke Kah Mengអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាននាំយកនូវសម្ភារជាច្រើនរួមមាន ម៉ាស៊ីនបោកខោអាវ ១គ្រឿង អំពូលដើរដោយពន្លឺព្រះអាទិត្យ ៦គ្រឿង កាមេរ៉ាសុវត្ថិភាព ៣ឈុត និងម៉ាស៊ីនបោះពុម្ព ១គ្រឿង។ ដើម្បីជួយលើកកម្ពស់ការស្នាក់នៅរបស់ស្ត្រីនិងកុមារដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពរាជធានីភ្នំពេញរបស់អង្គការកម្ពុជាដើម្បីជួយស្ត្រី មានវិបត្តិ (អ.ក.ស.វ)។ លោកមានប្រសាសន៍ថា៖ «ការផ្តល់ជូននូវសម្ភារទាំងអស់នេះគឺមានគោលបំណងលើកកម្ពស់សុវត្ថិភាព និងជួយឱ្យស្ត្រីមានវិបត្តិ និងកុមារដែលស្នាក់នៅទីនេះមានជីវិតប្រចាំថ្ងៃល្អប្រសើរឡើងទាំងផ្នែកសុវត្ថិភាព ការរស់នៅ និងការអប់រំ»។ លោកបានបន្ថែមថា "តួនាទីរបស់យើងគឺលើសពីការផ្តល់ធានារ៉ាប់រង។ ការខិតខំប្រឹងប្រែងរបស់យើង ទៅលើទំនួលខុសត្រូវសង្គម ដោយធ្វើការផ្ដល់ជូនសម្ភារសិក្សាទៅកាន់សាលារៀនជាច្រើន ក៏ដូចជាការ បរិច្ចាគសម្ភារចាំបាច់ដល់មណ្ឌលសុវត្ថិភាពរបស់អង្គការកម្ពុជាដើម្បីជួយស្ត្រី មានវិបត្តិ (អ.ក.ស.វ)គឺបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើងក្នុងការលើកកម្ពស់សហគមន៍ដែលងាយរងគ្រោះ។"
លោកស្រី ថាក់ សុជាតិនាយកប្រតិបត្តិនៃ អង្គការកម្ពុជាដើម្បីជួយស្ត្រី មានវិបត្តិ (អ.ក.ស.វ) ក៏បានសម្តែងការដឹងគុណចំពោះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ផងដែរដោយបានលើកឡើងថា៖ "ការបរិច្ចាគសម្ភារទាំងនេះមិនត្រឹមតែជួយសម្រួលដល់ការរស់នៅរបស់ស្ត្រី និងកុមារដែលស្នាក់នៅមណ្ឌលសុវត្ថិភាពរបស់អង្គការយើងប៉ុណ្ណោះទេ តែជាការជំរុញ និងផ្តល់កម្លាំងចិត្តដ៏ធំធេង ដែលបង្ហាញពីការយកចិត្តទុកដាក់ទៅកាន់ស្ត្រីមានវិបត្តិ និងកុមារដែលរងផលប៉ះពាល់ដោយអំពើហិង្សា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្ត្រី "

អង្គការកម្ពុជាដើម្បីជួយស្ត្រី មានវិបត្តិ (អ.ក.ស.វ) បានបញ្ជាក់ថា ក្នុងឆ្នាំ 2024 នេះ ខ្លួនបានផ្តល់ជំនួយដល់ស្ត្រី និងកុមារចំនួន 667 នាក់ ដែលក្នុងនោះមាន 432 នាក់ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពរបស់អង្គការ។ សម្ភារដែលបានបរិច្ចាគនឹងជួយសម្រួលដល់ការរស់នៅកាន់តែមានភាពងាយស្រួលប្រកបដោយផាសុកភាព និងសុវត្ថិភាព។
តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបញ្ជាក់ពី ការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គម ដោយធ្វើការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការការពារ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ស្ត្រីមានវិបត្តិ និងកុមារកម្ពុជា។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕