រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រជុំប្រចាំ ឆមាសទី២ និងកម្មវិធីជប់លៀង របស់ខ្លួនដោយជោគជ័យនៅសួន Coconut Park កោះពេជ្រ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងបុគ្គលិកប្រមាណ ១២០ នាក់ មកពីគ្រប់នាយកដ្ឋាន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សុវណ្ណាភូមិ ឡាយហ្វ៍ សាមគ្គីដើម្បីភាពរឹងមាំ» ក្នុងគោលបំណងឆ្លុះបញ្ចាំងពីលទ្ធផលការងារបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍ឆ្នាំនេះកាន់តែមានអត្ថន័យជ្រាលជ្រៅស្របពេលជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ អបអរសាទរខួបគម្រប់ ១០ឆ្នាំ «១០ឆ្នាំនៃទំនុកចិត្ត ១០ឆ្នាំនៃការការពារប្រជាជនកម្ពុជា» នៃការទទួលបានអាជ្ញាបណ្ណពេញលេញ និងចាប់ផ្តើមប្រតិបត្តិការ (២០១៦-២០២៦)។ ក្នុងដំណើររយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់ទាំងទំនុកចិត្ត និងការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាចំនួន ២៤០,៦០០ នាក់ ព្រមទាំងបានទូទាត់សំណងធានារ៉ាប់រងប្រមាណ ១៧ លានដុល្លារអាមេរិក។

កម្មវិធីប្រជុំប្រចាំឆមាសទី២ និងកម្មវិធីជប់លៀងក្នុងឆ្នាំ២០២៦ ដ៏វិសេសវិសាលនេះ បានចាប់ផ្តើមឡើងជាមួយនឹងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព និងការចែករំលែកនូវផែនការសកម្មភាពច្បាស់លាស់សម្រាប់ត្រីមាសទី៣ និងទី៤ ក្នុងឆ្នាំ២០២៦។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមហ៊ុនបានរៀបចំពិធីប្រគល់ពានរង្វាន់ជូនដល់បុគ្គលិកឆ្នើម ដើម្បីជាការកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការលះបង់របស់បុគ្គលិកគ្រប់រូប ដែលជាកម្លាំងជំរុញដ៏សំខាន់នៅពីក្រោយការរីកចម្រើនរបស់ក្រុមហ៊ុន។ បន្ទាប់មក ក្រុមការងារទាំងអស់បានចូលរួម សកម្មភាពលេងល្បែងកម្សាន្តជាក្រុម ពង្រឹងស្មារតីប្រកបដោយភាពរីករាយ ដើម្បីបង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាល។

កម្មវិធីបានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងពិធីជប់លៀងអាហារពេលល្ងាចយ៉ាងពិសេស។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានមោទកភាពយ៉ាងក្រៃលែងចំពោះភាពជោគជ័យដ៏ធំធេងនូវពាក់កណ្តាលឆ្នាំនេះ ដែលលទ្ធផលទាំងនេះស្តែងឱ្យឃើញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អតិថិជន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះអតិថិជនទាំងអស់ ដែលបានផ្តល់ទំនុកចិត្តយ៉ាងមុតមាំ និងជ្រើសរើស សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីផ្ដល់ការការពារសុវត្ថិភាពហិរញ្ញវត្ថុជូនលោកអ្នក និងក្រុមគ្រួសារ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕