បាត់ដំបង ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ពិតជាមានមោទកភាពដែលទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ដោយ និយតករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) ក្នុងកម្មវិធី «ទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ ២០២៥» ដែលប្រារព្ធឡើងនៅខេត្តបាត់ដំបង។ វិញ្ញាបនបត្រ នេះផ្តល់ជូនបន្ទាប់ពី ក្រុមហ៊ុនបានចូលរួមចំណែកសប្បុរសធម៌ដល់មូលនិធិគន្ធបុប្ផានាពេលថ្មីៗនេះ។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្រោមការរៀបចំរបស់និយតករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការនាំយកសេវាធានារ៉ាប់រងឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ ពិធីបើកសម្ពោធជាផ្លូវការនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោក រស់ សីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក មូល ធនអភិបាលរងខេត្តបាត់ដំបង និងលោក ប៊ូ ច័ន្ទភីរូអគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះទំនួលខុសត្រូវសង្គម ក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផា ដែលជាស្ថាប័នដ៏គួរឱ្យគោរពមួយ ដែលតែងតែផ្តល់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងគុណភាពខ្ពស់ដល់កុមារនៅទូទាំងប្រទេសកម្ពុជា។ ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការបន្តបេសកកម្មរបស់ក្រុមហ៊ុនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។
សុវណ្ណាភូមិ ឡាយហ្វ៍ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍សហគមន៍តាមរយៈកម្មវិធី ទំនួលខុសត្រូវសង្គម របស់ខ្លួន រួមមាន ការបរិច្ចាគជួយដល់សាលារៀន និងសម្ភារៈសិក្សាដល់សិស្សក្រីក្រ ផ្តល់ជំនួយដល់បណ្ណាល័យសាលារៀននៅតាមជនបទ និងការផ្តល់សិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងបង្កើតឱកាសប្រកបដោយនិរន្តរភាពសម្រាប់កុមារ ក្នុងការទទួលបានការអប់រំ និងធនធានសំខាន់ៗ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ជាពិសេសសូមថ្លែងការកោតសរសើរចំពោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ សម្រាប់ការដឹកនាំដ៏ឧត្តមដែលបានធ្វើអោយព្រឹត្តិការណ៍នេះកើតមានដោយជោគជ័យ។ ក្រុមហ៊ុនយើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួល វិញ្ញាបនបត្រ នេះដែលជាសញ្ញានៃការទទួលស្គាល់ចំពោះការចូលរួមក្នុងសកម្មភាពសប្បុរសធម៌និងការឧបត្ថម្ភដ៏មានន័យនេះ។
នេះគឺជាការបញ្ជាក់ដ៏មានអត្ថន័យ របស់ក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖ ការកសាងអនាគតដ៏រឹងមាំ សុខភាព និងការអប់រំកាន់តែច្រើនសម្រាប់កុមារកម្ពុជា គឺជាការទទួលខុសត្រូវរួមគ្នារបស់ទាំងអស់គ្នា។ ក្រុមហ៊ុននៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកស្ទួយសហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិតាមរយៈសកម្មភាពប្រកបដោយគោលបំណង។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕