សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • ផ្តល់ជូនអត្ថប្រយោជន៍​ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ (១) 
  • ផ្តល់ជូនអត្ថប្រយោជន៍​ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ (១) 

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៨០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រងចាប់ពី ១ ឆ្នាំ រហូតដល់ ២០ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលធានារ៉ាប់រង​ (១ ឆ្នាំ​ ទៅ​ ២០ ឆ្នាំ)
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៨០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៥០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រងចាប់ពី ១០ ឆ្នាំ រហូតដល់ ២០ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលធានារ៉ាប់រង​ (១០ ឆ្នាំ​ ទៅ​ ២០ ឆ្នាំ)
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

ចំណាំ

(១) បណ្ណសន្យាធានារ៉ាប់រងនេះ​ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព​ ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ត្រូវបានទូទាត់រួច។

បរិយាយផលិតផល

“ក្រុមហ៊ុន” មានន័យថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍ អឹសួរ៉ិន ភីអិលស៊ី។

“បណ្ណសន្យារ៉ាប់រង” មានន័យថា បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារ ចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយ ក្រុមហ៊ុនដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពី ខ និងលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកដែលត្រូវបានធានាក្នុងកិច្ចសន្យាធានារ៉ាប់រង។

“កិច្ចសន្យាធានារ៉ាប់រង” មានន័យថា កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកដែលត្រូវបានធានា ដែលតាមរយៈនោះ ក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពីអ្នកដែលត្រូវបានធានា។ កិច្ចសន្យាធានារ៉ាប់រង រួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ឬសំណើសុំផ្លាស់ប្តូរដោយអ្នកដែលត្រូវបានធានាដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពធ្វើដោយវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។

“អ្នកដែលត្រូវបានធានា” មានន័យថា បុគ្គលដែលចាត់ទុកថាអ្នកដែលត្រូវបានធានានៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬ ឯកសារ ភ្ជាប់ផ្សេងៗ ដែលត្រូវបានធានាស្ថិតក្រោមកិច្ចសន្យាធានារ៉ាប់រង។

“បុព្វលាភរ៉ាប់រង” មានន័យថា ចំនួនទឹកប្រាក់ដែលអ្នកដែលត្រូវបានធានាត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។

“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” មានន័យថា ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកដែលត្រូវបានធានាបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមអនុវត្ត។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថា អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំបន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃបណ្ណសន្យារ៉ាប់រង។

“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ឋផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកដែលត្រូវបានធានា។

“ការរងរបួស” មានន័យថា របួសរាងកាយ ដែលបង្កឡើង ដោយគ្រោះថ្នាក់ដោយផ្ទាល់ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។

“អ្នកទទួលផលប្រយោជន៍” មានន័យថា បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកដែលត្រូវបានធានាឲ្យធ្វើជាអ្នកទទួលផលប្រយោជន៍ យោងតាមកិច្ចសន្យាធានារ៉ាប់រង និងជាបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ទៅតាម បណ្ណសន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មានន័យថាអ្នកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ

- ជើងម្ខាង និងភ្នែកម្ខាង។

ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។

ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។

ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះ អាចធ្វើឡើងនៅក្នុងពេលណាមួយក៏បាន ។

កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកដែលត្រូវបានធានាក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីអះអាងលើសុខភាព និងការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយអ្នកដែលត្រូវបានធានា និងនៅពេលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។

ក្នុងករណីដែលអ្នកត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជា សារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរលើ កម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តណាមួយឲ្យក្រុមហ៊ុនបានដឹងនឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងប្រការនៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ២ នោះទេ។

ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទដល់ខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណង ទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយទៅលើបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះ ត្រូវបានពិពណ៌នានៅក្រោមផ្នែកស្តីពី “រូបិយបណ្ណ” នៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាពក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវីញចុងក្រោយ ប្រសិនបើ បណ្ណសន្យារ៉ាប់រងត្រូវដាក់ឲ្យអនុវត្តឡើងវិញ លើកលែងតែករណីអ្នកដែលត្រូវបានធានាមិនមានផលប្រយោជន៍ពីការធានារ៉ាប់រង (insurable interest) ក្នុងការធានារ៉ាប់រងនេះ ឬបានផ្តល់ព័ត៌មានមិនពិតពីអាយុរបស់អ្នកដែលត្រូវបានធានា ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។

សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះ ត្រូវចាត់ទុកថាជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។

ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។

អ្នកដែលត្រូវបានធានា ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនដោយការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។

អ្នកដែលត្រូវបានធានាមានសិទ្ធិកំណត់អ្នកទទួលផលប្រយោជន៍ និងបន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ផ្សេងៗដូចមានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបញ្ជាក់ពីអ្នកទទួលផលប្រយោជន៍ នោះអត្ថប្រយោជន៍ទាំងអស់នឹងត្រូវបង់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។

ប្រសិនបើមានតែអ្នកទទួលផលប្រយោជន៍តែម្នាក់ដែលត្រូវបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍នោះទទួលមរណភាពមុន ឬស្របពេលជាមួយអ្នកដែលត្រូវបានធានា អ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុន នៅពេលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។

ប្រសិនបើមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍ម្នាក់ ក្នុងចំណោមអ្នកទទួលផលប្រយោជន៍ទាំងអស់ទទួលមរណភាពមុន នោះអ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅអ្នកទទួលផលប្រយោជន៍ផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសេសសល់របស់អ្នកទទួលផលប្រយោជន៍ដែលបានទទួលមរណភាព ទៅអ្នកទទួលផលប្រយោជន៍ផ្សេងៗ ទៀតដែលនៅរស់នូវចំនួនស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។

ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍ថ្មី គឺជា ឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬកូនរបស់អ្នកដែលត្រូវបានធានា ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃអ្នកដែលត្រូវបានធានាបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹង ជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលប្រយោជន៍ដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នោះជាមុនពីអ្នកដែលត្រូវបានធានា។

ក្នុងករណីដែលមានអ្នកទទួលផលប្រយោជន៍ថ្មីមិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកដែលត្រូវបានធានាទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

ប្រសិនបើអ្នកដែលត្រូវបានធានាត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផលប្រយោជន៍ ការទទួលខុសត្រូវរបស់ ក្រុមហ៊ុនត្រូវកម្រិតត្រឹមតែការបង់សងនូវចំនួនទឹកប្រាក់បុព្វលាភរ៉ាប់រងដែលបានបង់ជាក់ស្តែងសរុបដោយពុំមានគិតការប្រាក់ជូនទៅឲ្យទាយាទស្របច្បាប់របស់អ្នកដែលត្រូវបានធានាដែលមិនមែនជាចារី (ជនដៃដល់) សហចារី(អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្ម។

ក្នុងករណីដែលមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ បើអ្នកទទួលផលប្រយោជន៍ណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ដែលត្រូវបានធានាទៅឲ្យអ្នកទទួលផលប្រយោជន៍ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មលើអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលប្រយោជន៍ដែលបានប្រព្រឹត្តនូវអំពើឃាតកម្មគួរតែត្រូវបានទទួល។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ទាំងអស់ដែលជាផ្នែកនៃបុព្វលាភរ៉ាប់រងនេះឡើយ។

នៅពេលប្រគល់បុព្វលាភរ៉ាប់រង ក្នុងករណីឃាតកម្មដោយអ្នកទទួលផលប្រយោជន៍ ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់តាមបណ្ណសន្យារ៉ាប់រងនេះ។

រាល់ការធ្វើវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវវិសោធនកម្មនោះ និងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រាវិសោធនកម្មនោះក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។

ប្រសិនបើអ្នកដែលត្រូវបានធានាបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ហើយបណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភរ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភរ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីអ្នកដែលត្រូវបានធានាបានបង់បុព្វលាភរ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងដែលលើសជូនវិញ។

ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់អ្នកដែលត្រូវបានធានាសិ្ថតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រង ទៅឲ្យអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ ទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (បើមាន) ។

បុព្វលាភរ៉ាប់រងត្រូវបង់នៅមុន ឬ នៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មាន ជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬ ភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬវិធីសាស្រ្តបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។ ក្រុមហ៊ុន នឹងចេញបង្កាន់ដៃទទួលប្រាក់បញ្ជាក់ពីការបានបង់បុព្វលាភរ៉ាប់រងទុកជាភស្តុតាង។

ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀបផ្សេងៗនៃការបង់បុព្វលាភធានារ៉ាប់រង លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុន ត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

អ្នកដែលត្រូវបានធានាអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភ រ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើរសុំផ្លាស់ប្តូរនោះ។

ការបង់បុព្វលាភរ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភរ៉ាប់រងដែលធ្វើឡើង តាមរយៈលិខិតសន្យា(បង់ប្រាក់) មូលប្បទានបត្រ រូបិយាណត្តិ ឬ តាមរយៈមធ្យោបាយផ្សេងៗ នឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។

ប្រសិនបើអ្នកដែលអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រងនៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃបន្ថែមទៀត គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភរ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។

ប្រសិនបើអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រងក្នុងរយៈពេលអនុគ្រោះដូចមានចែងក្នុងប្រការ១៤ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពដោយគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង លើកលែងតែក្នុងករណីដែលមានប្រការផ្សេងទៀតដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលអាចធ្វើឲ្យបណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្ត។

ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប)ថ្ងៃជាមុន ក្នុងករណីដែលមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា អ្នកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះមិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ទៅឲ្យអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។

អ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់)ថ្ងៃជាមុន ក្នុងករណីដែលអ្នកដែលត្រូវបានធានា មានបំណងចង់លុបចោលបណ្ណសន្យារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ទៅឲ្យអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។

បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា អ្នកទទួលផលប្រយោជន៍ ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យារ៉ាប់រង។

អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន ហើយបើមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់អ្នកទទួលផលប្រយោជន៍។

អ្នកទទួលផលប្រយោជន៍ត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យអ្នកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ប្រយោជន៍ ឬ ភាគីរបស់អ្នកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកដែលត្រូវបានធានា ឬ ភាគីនៃអ្នកដែលត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់កើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់វេជ្ជបណ្ឌិត និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុនដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកដែលត្រូវបានធានា លើកលែងតែមានភស្ដុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។

ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយនៃអ្នកដែលត្រូវបានធានា ដែលខ្លួនយល់ថាចាំបាច់ ក្នុងអំឡុងពេលវាយតម្លៃ លើការទាមទារសំណង។

ក. ករណីមរណភាពដោយសារជំងឺ

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផលប្រយោជន៍ ដែលមានបញ្ជាក់ភាព ត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬ មតកជនដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី

ករណីមរណភាពដោយគ្រោះថ្នាក់ដោយចៃដន្យ រាល់ឯកសារខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖

១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

ខ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន

៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។

ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួល ផលប្រយោជន៍
គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន។

ប្រសិនបើការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកដែលត្រូវបានធានាកើតចេញពីករណីលើកលែងពីចំណុច ក ទៅ គ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្តី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យអ្នកទទួលផលប្រយោជន៍ ឬទាយាទរបស់អ្នកដែលត្រូវបានធានា ឬអ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

ដោយផ្អែកលើហេតុផលណាមួយ អ្នកដែលត្រូវបានធានាមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនេះជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត។ ក្នុងករណីមានការប្រគល់វិញនោះ បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។

ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភរ៉ាប់រងដែលបានបង់រួច ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (បើមាន) ដែលអ្នកដែលត្រូវបានធានាជំពាក់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការយកថ្លៃសេវាប្រតិបត្តិការនេះ។

អ្នកដែលត្រូវបានធានាដែលបានទាមទារប្រាក់សំណងណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងបានឡើយ។

ក្នុងករណី​មានវិវាទ​ណាមួយ​កើតឡើង​ចេញពី​កិច្ចសន្យា​ធានារ៉ាប់រងនេះ​គូវិវាទត្រូវព្យាយាម​​ដោះ​ស្រាយ​ដោយ​ការ​យោគ​​យល់ ​​គ្នារវាងគូភាគីវិវាទ​​ ដោយផ្អែក​តាម​ការចរចារ​ និង​ការ​ផ្សះផ្សាដោយ​សន្តិវិធី​រវាងភាគីវិវាទ​។ បើ​ការ​ផ្សះផ្សានៅតែ​មិនអាច​ដោះ​ស្រាយ​វិវាទនោះ​បានទេ​ ភាគី​ណាមួយ​នៃវិវាទ​អាច​នាំ​យក​វិវាទ​ទៅ​ជូន​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការ​ផ្សះផ្សាវិវាទ​ មុន​នឹង​ប្តឹងទៅ​វេទិកាមជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច។