សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • ទទួលបានអត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្ដាលមកពីជំងឺ(១)
  • ទទួលបានអត្ថប្រយោជន៍ទ្វេដងក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្ដាលមកពីគ្រោះថ្នាក់ (១)
  • ទទួលបានអត្ថប្រយោជន៍ ៥០០% នៃទឹកប្រាក់ធានារ៉ាប់រងនៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង (២)
  • ទទួលបានទឹកប្រាក់បន្ថែម ១០% នៃទឹកប្រាក់ធានារ៉ាប់រងរៀងរាល់ ៣ ឆ្នាំម្ដង (ចុងបញ្ចប់ឆ្នាំ) (៣)

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៧៧ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ១០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង៧​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង៥ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៧៧ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ១០០០ ដុល្លារ
Coverage term៧​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង៥ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

ចំណាំ

(១) បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ត្រូវបានទូទាត់។ ការធានាករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នឹងត្រូវបញ្ចប់នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ ៧១ ឆ្នាំ។

(២) អត្ថប្រយោជន៍នេះនឹងផ្តល់ជូនប្រសិនបើ មិនមានការទាមទារសំណងមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ណាមួយកើតឡើងនៅក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។

(៣) លើកលែងតែឆ្នាំនៃកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។

បរិយាយផលិតផល

“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។

“ការរងរបួស” សំដៅដល់ របួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើម ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត នៅក្រោយពេលដែលបុព្វលាភធានារ៉ាប់រងត្រូវបានបង់រួចរាល់ ហើយក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រង ។

“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីអ្នកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមាន បណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូរដោយអ្នកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង និងសេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។

“ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ ខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិចេ្ឆទដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត ឬ កាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ។

“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗ មិនបានដឹងមុន និងកើតឡើងដោយអចេតនាបង្កដោយកត្តាខាងក្រៅ ដែលអាចមើលឃើញ និងមានឥទ្ធិពលខ្លាំង (ឧ. គ្រោះថ្នាក់ចរាចរណ៍ ឬការបុកប៉ះ)ហើយបណ្តាលឲ្យរងរបួសផ្នែករាងកាយដោយផ្ទាល់។ ព្រឹត្តិការណ៍នេះ មិនត្រូវបណ្ដាលមកពីជំងឺ ដោយផ្នែក ឬទាំងស្រុងនោះទេ។ ដើម្បីឲ្យមានការយល់ច្បាស់ ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល (stroke) ជំងឺគាំងបេះដូង (heart attack) ខ្យល់គរ (syncope) ឬ អាការៈឬជំងឺដែលកើតឡើងលើ សរីរាង្គខាងក្នុងណាមួយ មិនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ឡើយ។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃឆ្នាំដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត។

“តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង” សំដៅដល់ ទឹកប្រាក់ (ប្រសិនបើមាន) ដែលក្រុមហ៊ុនត្រូវបង់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងដែលបោះបង់បណ្ណសន្យារ៉ាប់រងអាយុជីវិត។

“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងក្នុងកិច្ចសន្យាធានារ៉ាប់រង។

“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។

“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” សំដៅដល់ អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ

- ជើងទាំងពីរ ឬ

- ដៃម្ខាង និងជើងម្ខាង ឬ

- ភ្នែកទាំងពីរ ឬ

- ភ្នែកម្ខាង និងដៃម្ខាង ឬ

- ជើងម្ខាង និងភ្នែកម្ខាង។

ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកម្ខាង ឬទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។

ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។

ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។

“មន្ទីរពេទ្យ” សំដៅដល់ គ្រឹះស្ថានបងើ្កតឡើងស្របច្បាប់ ដែលធ្វើប្រតិបត្តិការដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖

១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ

២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ

៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង

៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី

៥. មិនមែនជាគ្លីនិកបឋម កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ មណ្ឌលកែប្រែអ្នកដែលញៀនគ្រឿងស្រវឹង ឬ ថ្នាំញៀន គិលានុបដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។

“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។

“វេជ្ជបណ្ឌិត” សំដៅដល់ វេជ្ជបណ្ឌិតសម័យទំនើប ដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែប វេជ្ជសាស្រ្ដ ឬ សេវាកម្មវះកាត់ ដែលមិនមែនជាអ្នកត្រូវបានធានារ៉ាប់រង ឬ សមាជិកគ្រួសារ (រាប់ទាំងបុព្វញាតិ និងបច្ឆាញាតិ) របស់អ្នកត្រូវបានធានារ៉ាប់រងឡើយ។

“អ្នកត្រូវបានធានារ៉ាប់រង” សំដៅដល់ បុគ្គលដែលត្រូវចាត់ទុកជាអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬឯកសារភ្ជាប់ដែលត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រង។

“អ្នកទទួលផល” សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និង ជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រង បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព។

កម្មវត្ថុនៃការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺរូបរាងកាយ និងអាយុជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។

វិសាលភាពនៃការធានាគឺ មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពី ជំងឺ ឬ គ្រោះថ្នាក់។

៤.១ ពណ៌នាអំពីអត្ថប្រយោជន៍ធានារ៉ាប់រង
៤.១.១ អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារជំងឺ

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង អ្នកទទួលផល ឬអ្នកត្រូវបានធានារ៉ាប់រង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

- ១១០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ១

- ២២០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ២

- ៣៣០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ៣

- ៤៤០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ៤

- ៥៥០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ៥ ដល់ ឆ្នាំទី ៧។

ការធានាករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នឹងត្រូវបានបញ្ចប់នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងឈានដល់អាយុ ៧១ឆ្នាំ។

បន្ទាប់ពីការទូទាត់សំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាល មកពីជំងឺ បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង អ្នកទទួលផល ឬអ្នកត្រូវបានធានារ៉ាប់រង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

- ២២០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ១

- ៤៤០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ២

- ៦៦០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ៣

- ៨៨០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ៤

- ១១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងឆ្នាំទី ៥ ដល់ ឆ្នាំទី ៧។

ការធានាករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នឹងត្រូវបានបញ្ចប់នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងឈានដល់អាយុ ៧១ឆ្នាំ។

បន្ទាប់ពីការទូទាត់សំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។

 

ក្នុងអំឡុងពេលនៃការធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិត និង បណ្ណសន្យារ៉ាប់រងនៅមានសុពលភាពដោយមិនមានការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង គាត់នឹងទទួលបានទឹកប្រាក់បន្ថែម ១០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងបន្ទាប់ពីរយៈពេលរៀងរាល់ ៣ ឆ្នាំម្ដងត្រូវបានបញ្ចប់ លើកលែងតែឆ្នាំនៃកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ៥០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវទូទាត់ជូនអ្នកត្រូវបានធានារ៉ាប់រងដែលជាអត្ថប្រយោជន៍នៅថ្ងៃដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។

នៅមុនពេលដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព មិនថាតាមរយៈការដាក់ពាក្យស្នើសុំធានារ៉ាប់រងថ្មី ឬការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង បន្ទាប់ពីបណ្ណសន្យារ៉ាប់រងអស់សុពលភាព ឬការផ្អាកកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការទទួល ឬបដិសេធនូវការស្នើសុំ ឬផ្លាស់ប្តូរនូវអត្ថប្រយោជន៍ករណី មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ (TPD) ដែលបណ្តាលមកពីជំងឺ និង/ឬគ្រោះថ្នាក់ ដោយផ្អែកលើកត្តាហានិភ័យគ្រោះថ្នាក់ការងារ ឬបញ្ហាសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង។ ការផ្លាស់ប្តូរនឹងត្រូវបានអនុវត្ត លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រងទទួលយល់ព្រមលើការផ្លាស់ប្ដូរនេះ ហើយក្រុមហ៊ុននឹងចេញបណ្ណសន្យារ៉ាប់រង ឬឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។

៥.១ វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងត្រូវបង់នៅមុន ឬនៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មានជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬ ប្រចាំខែ តាមរយៈប្រព័ន្ធបង់ប្រាក់របស់ធនាគារដៃគូ ឬតាមរយៈប្រព័ន្ធទូទាត់ប្រាក់ (payment gateways) ដែលបានអនុញ្ញាតពីក្រុមហ៊ុន ទៅកាន់គណនីធនាគារ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ដោយផ្ទាល់។

ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀបនៃការបង់បុព្វលាភធានារ៉ាប់រង ផ្សេងពីរបៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុនត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

អ្នកត្រូវបានធានារ៉ាប់រងអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះនឹងមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើសុំផ្លាស់ប្តូរនោះ។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងនៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃនៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភធានារ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រង ដោយមិនគិតការប្រាក់។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលអនុគ្រោះ ដូចមានចែងក្នុងប្រការ ៥.២ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាព។ កាលបរិច្ឆេទផុតសុពលភាព គឺគិតចាប់ពីថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះភ្លាមៗ។

អំឡុងពេលបណ្ណសន្យារ៉ាប់រងផុតសុពលភាព អត្ថប្រយោជន៍ធានារ៉ាប់រងទាំងអស់ក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងមិនត្រូវបានផ្ដល់ជូនឡើយ។ បន្ទាប់ពីការផុតសុពលភាព អ្នកត្រូវបានធានារ៉ាប់រងមានជម្រើសដូចខាងក្រោម៖

ជម្រើសទី ១ ៖ ដាក់ឲ្យអនុវត្តឡើងវិញនូវកិច្ចសន្យាធានារ៉ាប់រងដូចបានចែងក្នុងប្រការ ១០

ជម្រើសទី ២ ៖ បោះបង់បណ្ណសន្យារ៉ាប់រង និងទទួលបានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដែលត្រូវបានគណនានៅកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយនៃបណ្ណសន្យារ៉ាប់រង។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនបានស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងក្នុងរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ក្រុមហ៊ុននឹងបញ្ចប់បណ្ណសន្យារ៉ាប់រង ហើយផ្ដល់ជូនតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដែលត្រូវបានគណនានៅកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ដោយពុំមានគិតការប្រាក់ជូនឡើយ។


សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ ដោយប្រយោលក្តី នឹងមិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ឬ

ខ. ប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលណាម្នាក់។ យ៉ាងណាមិញ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះ នៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេ ឬ

គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ (Stimulators) ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ

ឃ. មេរោគអេដស៍ និង/ឬ ជំងឺណាមួយដែលទាក់ទងនឹងមេរោគអេដស៍ រួមទាំង ជំងឺអេដស៍ និង/ឬ ការផ្លាស់ប្ដូរ ការវិវត្ត ឬការប្រែប្រួលនៃមេរោគអេដស៍ ឬ

ង. សង្គ្រាម ការឈ្លានពាន ឬ ការប្រព្រឹត្តរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ឧទ្ទាមកម្ម ការបះបោរ ភេរវកម្ម ឬ

ច. ភាពចុះខ្សោយផ្នែករាងកាយ ឬ ផ្លូវចិត្ត ឬ ជំងឺគ្រប់ប្រភេទ ឬ ការឆ្លងមេរោគណាមួយ ក្រៅពីការឆ្លងរោគក្នុងពេលដំណាលគ្នា និងជាលទ្ធផលនៃរបួសដោយចៃដន្យ ឬ

ឆ. ការធ្វើដំណើរ ឬ ការហោះហើរក្នុងយានជំនិះ ឬ ឧបករណ៍ណាមួយសម្រាប់ការចរាចរតាមអាកាស លើកលែងតែអ្នកដំណើរនៅលើយន្តហោះដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ធម្មតា ឬ

ជ. ការចូលរួមក្នុងការបើកបរ ឬ ជិះ ក្នុងការប្រណាំងគ្រប់ប្រភេទ សកម្មភាពនៅក្រោមទឹក ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗ ដូចជា ការឡើងភ្នំ ការចូលទៅក្នុងរន្ធភ្នំ (potholing) ការលោតឆ័ត្រយោង(parachuting) ឬការលោតខ្សែ (bungee jumping) ឬ

ឈ. ការទាមទារសំណងដែលកើតឡើងពីរបួស ឬ ជំងឺដែលបណ្តាលមកពីប្រតិកម្មនុយក្លេអ៊ែរ (nuclear fission ឬ nuclear fusion) ឬ ការបំពុលវិទ្យុសកម្ម ឬ

ញ. ពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬ អ្នកស្ម័គ្រចិត្ត និងចូលរួមក្នុងសង្គ្រាម ឬ ការបង្ក្រាបឧក្រិដ្ឋកម្ម ឬ

ដ. ជំងឺដែលមានស្រាប់ ឬ ពិការភាពណាមួយកើតឡើងមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពដែលព័ត៌មានទាំងនោះមិនត្រូវបានប្រកាសដោយអ្នកត្រូវបានធានារ៉ាប់រង នៅក្នុងពាក្យស្នើសុំធានារ៉ាប់រង និងសេចក្តីប្រកាសអំពីសុខភាពដែលបានតម្រូវ (ប្រសិនបើមាន) ហើយក្រុមហ៊ុនមិនបានយល់ព្រមទទួលយក។

ប្រសិនបើការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតចេញពីករណីមិនធានាពីចំណុច ក ទៅ ដ ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យអ្នកទទួលផល ឬ ទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រងតែបុព្វលាភធានារ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរដែលបញ្ជាក់ថាការទាមទារសំណងត្រូវបានបដិសេធ ឬ ថ្ងៃដែលអ្នកទទួលផល ឬ ទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ចុះហត្ថលេខាលើសេចក្តីសម្រេចនោះ យកតាមកាលបរិច្ឆេទចុងក្រោយ ហើយបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់។

ក្នុងការប្រគល់បុព្វលាភធានារ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ (ប្រសិនបើមាន)។

ក្រុមហ៊ុនផ្តល់ការធានារ៉ាប់រងជាសកលចំពោះអ្នកត្រូវបានធានារ៉ាប់រង។

៨.១ អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង

អ្នកត្រូវបានធានារ៉ាប់រងត្រូវកំណត់អ្នកទទួលផលម្នាក់ ឬច្រើននាក់ មុនពេលបណ្ណសន្យារ៉ាប់រងត្រូវបានចេញជូន។ អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិកំណត់លំដាប់ និងចំណែកនៃអត្ថប្រយោជន៍ឲ្យអ្នកទទួលផលម្នាក់ៗ។ ប្រសិនបើមិនមានចំណែកជាក់លាក់ត្រូវបានកំណត់ នោះអត្ថប្រយោជន៍នឹងត្រូវបានបែងចែកឲ្យទៅអ្នកទទួលផលដែលបានកំណត់នូវចំនួនស្មើៗគ្នា។ បន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ផ្សេងៗដូចបានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។

ប្រសិនបើមានតែអ្នកទទួលផលតែម្នាក់ដែលបានកំណត់ ហើយអ្នកទទួលផលនោះទទួលមរណភាពមុន ឬ ស្របពេលជាមួយអ្នកត្រូវបានធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផល។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខាន ឬ មិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទៅក្រុមហ៊ុន នៅពេលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។

ប្រសិនបើមានអ្នកទទួលផលលើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលម្នាក់ក្នុងចំណោមអ្នកទទួលផលទាំងអស់ទទួលមរណភាពមុន ឬស្របពេលជាមួយអ្នកត្រូវបានធានារ៉ាប់រង នោះអ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផល ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ ទៅអ្នកទទួលផលផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខាន ឬ មិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសល់របស់អ្នកទទួលផលដែលបានទទួលមរណភាព ទៅអ្នកទទួលផលផ្សេងៗទៀតដែលនៅរស់នូវចំនួនស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។

ក្នុងករណីដែលអ្នកទទួលផលថ្មី គឺជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកត្រូវបានធានារ៉ាប់រង ការផ្លាស់ប្តូរអ្នកទទួលផល នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រងបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវប្រសិនបើអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលនោះជាមុនពីអ្នកត្រូវបានធានារ៉ាប់រង។

ក្នុងករណីដែលអ្នកទទួលផលថ្មីមិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកត្រូវបានធានារ៉ាប់រងទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលនឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និង កត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង និង/ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។

ក្នុងករណីមានអ្នកទទួលផលតែម្នាក់ត្រូវបានកំណត់ ហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផល ឬអ្នកទទួលផលជាចារី សហចារី (អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការសម្លាប់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងសម្រួលដោយប្រគល់ជូនវិញទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង តែបុព្វលាភធានារ៉ាប់រងជាក់ស្តែងសរុបដែលបានបង់រួចហើយតែប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ និងមិនមានការទូទាត់សំណងជូនឡើយ។

ក្នុងករណីដែលមានអ្នកទទួលផលលើសពីម្នាក់ បើអ្នកទទួលផលណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនត្រូវទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ធានារ៉ាប់រងទៅឲ្យអ្នកទទួលផល ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលដែលបានប្រព្រឹត្តនូវអំពើឃាតកម្ម ដែលត្រូវបានទទួល។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ដែលជាផ្នែកនៃបុព្វលាភធានារ៉ាប់រងនេះឡើយ។ ចំណែកសំណងធានារ៉ាប់រងសម្រាប់អ្នកទទួលផលដែលបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាទៅលើអ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវបង្វិលដោយក្រុមហ៊ុនចូលមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង។

នៅពេលប្រគល់បុព្វលាភធានារ៉ាប់រងក្នុងករណីឃាតកម្មធ្វើដោយអ្នកទទួលផល ឬ ទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ (ប្រសិនបើមាន)។

រាល់ការកែប្រែនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវការកែប្រែនោះ ហើយការកែប្រែនេះនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។

៩.១ ការផ្លាស់ប្ដូរការងារ

អ្នកត្រូវបានធានារ៉ាប់រង ត្រូវផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗទៅក្រុមហ៊ុនស្ដីពីការផ្លាស់ប្ដូរការងាររបស់ខ្លួន ហើយត្រូវបង់បុព្វលាភធានារ៉ាប់រងបន្ថែម បើសិនជាតម្រូវ។

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រង ខកខានមិនបានផ្ដល់ដំណឹងជូនក្រុមហ៊ុនពីការផ្លាស់ប្ដូរការងាររបស់ខ្លួនទេ ហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងរងរបួស ឬមានគ្រោះថ្នាក់នៅពេលដែលបំពេញការងារដែលមានហានិភ័យជាងការងារចាស់ ក្រុមហ៊ុននឹងផ្ដល់សំណងក្នុងទំហំដែលចំនួនបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសម្រាប់ការធានារ៉ាប់រងក្រោមលក្ខខណ្ឌនៃការងារចាស់ ដែលអាចទិញការធានារ៉ាប់រងក្រោមលក្ខខណ្ឌនៃការងារថ្មីតែប៉ុណ្ណោះ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងផ្លាស់ប្ដូរទៅធ្វើការងារដែលក្រុមហ៊ុនចាត់ទុកថាជាការងារដែលមានហានិភ័យតិចជាងមុន នោះក្រុមហ៊ុននឹងកាត់បន្ថយអត្រាបុព្វលាភធានារ៉ាប់រងទៅតាមនោះ (ប្រសិនបើមាន) ហើយបង្វិលសងផ្នែកសមាមាត្រនៃបុព្វលាភធានារ៉ាប់រង ដោយគិតពីកាលបរិច្ឆេទនៃការផ្លាស់ប្ដូរ បន្ទាប់ពីទទួលបានភស្ដុតាងបញ្ជាក់ពីការផ្លាស់ប្ដូរ។

ក្នុងករណីព័ត៌មានផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមាននៅក្នុងពាក្យស្នើសុំធានារ៉ាប់រង និងឯកសារផ្សេងទៀតមានការផ្លាស់ប្តូរ អ្នកត្រូវបានធានារ៉ាប់រងត្រូវផ្តល់ដំណឹងជូនក្រុមហ៊ុនជាមួយនឹងហេតុផលសមស្រប។ ការផ្លាស់ប្តូរនឹងមានសុពលភាព បន្ទាប់ពីក្រុមហ៊ុនបានអនុម័តយល់ព្រម។

ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ ក្រោយពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ហើយតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនទាន់បានធ្វើការទូទាត់ នោះអ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដោយផ្ទាល់ ឬតាមរយៈអន្តរការីធានារ៉ាប់រង ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក មានដូចខាងក្រោម៖

របៀបទី ១ ៖ បង់ប្រាក់ដែលយឺតយ៉ាវមិនបានបង់ទាំងអស់ និងការប្រាក់ដែលបានបង្គរទុក។

របៀបទី ២ ៖ ផ្លាស់ប្តូរកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ដោយបូកបន្ថែមរយៈពេលផុត សុពលភាពជាមួយកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពចាស់។ សម្រាប់ការជ្រើសរើសរបៀបទី ២ នេះ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងថ្មី ដោយយោងតាមអាយុរបស់អ្នកត្រូវបានធានារ៉ាប់រងនៅកាលបរិច្ឆេទសុពលភាពថ្មី។ អ្នកត្រូវបានធានារ៉ាប់រងក៏ត្រូវបង់ទៅឲ្យក្រុមហ៊ុននូវទំហំទឹកប្រាក់ដែលខុសគ្នារវាងបុព្វលាភធានារ៉ាប់រងដែលបានបង់ និងបុព្វលាភធានារ៉ាប់រងថ្មី ចាប់ពីកាលបរិច្ឆេទសុពលភាពថ្មីទៅដល់កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវកិច្ចសន្យាធានារ៉ាប់រង។

ដើម្បីដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងត្រូវអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖

១. ធ្វើលិខិតស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ដោយប្រើទម្រង់ដែលផ្តល់ដោយក្រុមហ៊ុន។

២. ដាក់ឯកសារដែលបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងពិតជាមានសុខភាពល្អ និងស្ថិតក្នុងលក្ខខណ្ឌដែលអាចធានាបាន។ អ្នកត្រូវបានធានារ៉ាប់រងត្រូវទទួលខុសត្រូវក្នុងការចំណាយដើម្បីទទួលបានឯកសារនេះ។

៣. សងរាល់បំណុលទាំងអស់ទៅក្រុមហ៊ុន (ប្រសិនបើមាន) ជាមួយនឹងការប្រាក់ដែលបានបង្គរទុក។ ការតម្រូវនេះអនុវត្តចំពោះរបៀបទី ១ តែប៉ុណ្ណោះ។

ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនអនុម័តទទួលយក។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ក្នុងរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ក្រុមហ៊ុននឹងបញ្ចប់បណ្ណសន្យារ៉ាប់រង ហើយផ្ដល់ជូនតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដែលត្រូវបានគណនានៅកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ដោយពុំមានគិតការ ប្រាក់ជូនឡើយ។

អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំផ្អាកកិច្ចសន្យាធានារ៉ាប់រងដោយផ្ទាល់ ឬតាមរយៈអន្តរការីធានារ៉ាប់រង ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ក្នុងករណីមានវិបត្តិផ្នែកហិរញ្ញវត្ថុ។ រយៈពេលផ្អាកកិច្ចសន្យាធានារ៉ាប់រងមានរយៈពេលយ៉ាងតិច ១ (មួយ) ខែ និងមិនលើសពី ២ (ពីរ) ឆ្នាំនោះឡើយ ចាប់ពីកាលបរិច្ឆេទដែលត្រូវបានអនុម័តដោយក្រុមហ៊ុន ហើយស្ថិតក្រោមលក្ខខណ្ឌដូចខាងក្រោម៖

១. ការស្នើសុំត្រូវធ្វើក្នុងរយៈពេល នៃការបង់បុព្វលាភធានារ៉ាប់រងតែប៉ុណ្ណោះ

២. រយៈពេលនៃការស្នើសុំផ្អាកកិច្ចសន្យាធានារ៉ាប់រងមិនត្រូវលើសរយៈពេលធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងដែលនៅសល់

៣. ការស្នើសុំផ្អាកកិច្ចសន្យាធានារ៉ាប់រងត្រូវបានអនុញ្ញាតតែម្ដងប៉ុណ្ណោះ ក្នុងរយៈពេលទាំងស្រុងនៃការធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រង។

ក្នុងអំឡុងពេលផ្អាកកិច្ចសន្យាធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងនឹងអស់សុពលភាពជាបណ្ដោះអាសន្ន ហើយអត្ថប្រយោជន៍ធានារ៉ាប់រងនឹងមិនត្រូវបានទូទាត់ជូនឡើយ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។ បន្ថែមពីនេះ ពុំមានទឹកប្រាក់បន្ថែម ឬអត្ថប្រយោជន៍ផ្សេងទៀត (ប្រសិនបើមាន) នឹងត្រូវបានបង្គរទុកនោះទេ។

ការស្នើសុំផ្អាកកិច្ចសន្យាធានារ៉ាប់រងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងអាស្រ័យលើការអនុម័តរបស់ក្រុមហ៊ុន។ ប្រសិនបើការស្នើសុំមិនមានភ្ជាប់មកជាមួយនឹងឯកសារគ្រប់គ្រាន់ ឬមិនពេញលេញ នោះក្រុមហ៊ុននឹងជូនដំណឹងដល់អ្នកត្រូវបានធានារ៉ាប់រងអំពីចំណុចខ្វះខាត ក្នុងរយៈពេល ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំ។ នៅពេលដែលទទួលបានឯកសារគ្រប់គ្រាន់ ក្រុមហ៊ុននឹងឆ្លើយតបជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ ដែលមានការបញ្ជាក់អំពីការទទួលយក ឬបដិសេធសំណើសុំផ្អាក ព្រមទាំងផ្តល់នូវហេតុផលសមស្រប។

អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ក្នុងអំឡុងពេលផ្អាកកិច្ចសន្យាធានារ៉ាប់រង។ ក្នុងករណីនេះ ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងត្រូវស្ថិតនៅក្រោមលក្ខខណ្ឌតម្រូវ និងនីតិវិធីដែលមានចែងក្នុងប្រការទី ១០។ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធនូវការបន្តឡើងវិញ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងលែងបំពេញតាមលក្ខខណ្ឌតម្រូវនៃការវាយតម្លៃធានារ៉ាប់រងទៀតឡើយ នៅពេលដែលធ្វើការវាយតម្លៃឡើងវិញសម្រាប់ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនេះ។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនបានស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង នៅពេលផុតកំណត់នៃការផ្អាកកិច្ចសន្យាធានារ៉ាប់រង នោះក្រុមហ៊ុននឹងបញ្ចប់បណ្ណសន្យារ៉ាប់រង ហើយផ្ដល់ជូនតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដែលត្រូវបានគណនានៅកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ដោយពុំមានគិតការប្រាក់ជូនឡើយ។

បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖

ក. នៅពេលដែលបណ្ណសន្យារ៉ាប់រងនេះដល់កាលបរិច្ឆេទកំណត់អស់សុពលភាព ឬ ត្រូវបានលុបចោល ឬត្រូវបានបោះបង់

ខ. នៅពេលដែលបណ្ណសន្យារ៉ាប់រងមិនត្រូវបានដាក់ឲ្យអនុវត្តឡើងវិញ ក្នុងរយៈពេល ២ (ពីរ) ឆ្នាំ ដូចបានចែងក្នុងប្រការទី ១០ ឬ

គ. នៅពេលដែលបណ្ណសន្យារ៉ាប់រងមិនត្រូវបានដាក់ឲ្យអនុវត្តឡើងវិញ នៅពេលផុតកំណត់នៃការផ្អាកកិច្ចសន្យាធានារ៉ាប់រង ឬ

ឃ. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ មិនថាការទាមទារសំណងត្រូវបានអនុម័តយល់ព្រម ឬបដិសេធ ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

ការបញ្ចប់បណ្ណសន្យារ៉ាប់រងនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងណាមួយដែលកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភធានារ៉ាប់រងវិញដោយពុំមានគិតការប្រាក់ជូនឡើយ។

១៣.១ រយៈពេលពិចារណាចុងក្រោយ

ដោយផ្អែកលើហេតុផលណាមួយ អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនេះជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនអនុម័តលើពាក្យស្នើសុំធានារ៉ាប់រង។ ក្នុងករណីមានការប្រគល់វិញនោះ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។

ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (ប្រសិនបើមាន) ដែលអ្នកត្រូវបានធានារ៉ាប់រងជំពាក់ក្រុមហ៊ុន។ ប្រសិនបើត្រូវការពេលវេលាបន្ថែម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការស្នើសុំពេលវេលាបន្ថែម ក្នុងករណីមានហេតុផល និងការអនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា។

អ្នកត្រូវបានធានារ៉ាប់រងដែលបានទាមទារអត្ថប្រយោជន៍ណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងបានឡើយ។

ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់ មិនតិចជាង ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន ក្នុងករណីដែលមានភស្តុតាងបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងមានចេតនាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។

ក្នុងករណីនេះដែរ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់នៅថ្ងៃមានសុពលភាពចុងក្រោយនៃការធានារ៉ាប់រង ដូចបានចែងនៅក្នុងលិខិតជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង។ តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងនឹងត្រូវទូទាត់ជូន ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីកាលបរិច្ចេទនៃការបញ្ចប់ ដោយយោងតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) និង អត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។ ប្រសិនបើត្រូវការពេលវេលាបន្ថែម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការស្នើសុំពេលវេលាបន្ថែម ក្នុងករណីមានហេតុផល និងការអនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា។

អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិបញ្ចប់កិច្ចសន្យាធានារ៉ាប់រងមុនកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង ដោយបោះបង់បណ្ណសន្យារ៉ាប់រង និង ទទួលយកតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង ដោយយោងតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) និង អត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។

ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ ឬតាមរយៈអន្តរការីធានារ៉ាប់រង ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ឲ្យបានមុន ១០ (ដប់) ថ្ងៃនៃថ្ងៃធ្វើការ។ ប្រសិនបើការស្នើសុំមិនបានភ្ជាប់ឯកសារគ្រប់គ្រាន់ នោះក្រុមហ៊ុននឹងជូនដំណឹងដល់អ្នកត្រូវបានធានារ៉ាប់រង ក្នុង រយៈពេល ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំ។ ក្រុមហ៊ុននឹងឆ្លើយតប ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានឯកសារគ្រប់គ្រាន់ ដែលមានការបញ្ជាក់អំពីការទទួលយក ឬបដិសេធសំណើសុំបោះបង់បណ្ណសន្យារ៉ាប់រង ព្រមទាំងផ្តល់នូវហេតុផលសមស្រប។

ទោះជាយ៉ាងណា ការបោះបង់បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចប់សព្វគ្រប់ លុះត្រាតែក្រុមហ៊ុនផ្តល់ការយល់ព្រមលើការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងនេះជាលាយលក្ខណ៍អក្សរ។ ក្រុមហ៊ុននឹងប្រគល់តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃអនុម័តលើការស្នើសុំបញ្ចប់។ ប្រសិនបើត្រូវការពេលវេលាបន្ថែម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការស្នើសុំពេលវេលាបន្ថែម ក្នុងករណីមានហេតុផល និងការ អនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា។

១៤.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង

អ្នកដាក់ពាក្យស្នើសុំទាមទារសំណងអាចជាអ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬ អ្នកតំណាងស្របច្បាប់។

១៤.២.១ ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ

បន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផលចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្រប ដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីថ្ងៃដែលអ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។

អ្នកទទួលផលត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុ សមស្របពីក្រុមហ៊ុន អ្នកទទួលផលត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដែលការចំណាយជាបន្ទុករបស់អ្នកទទួលផល។

អ្នកទទួលផលត្រូវយល់ព្រម និង សហការសម្រាប់ការធ្វើកោសល្យវិច័យលើអ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និង ក្រមសាសនាដែលអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ឬ ភាគីរបស់អ្នកត្រូវបានធានារ៉ាប់រង អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកត្រូវបានធានារ៉ាប់រង ឬភាគីនៃអ្នកត្រូវបានធានារ៉ាប់រង ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬ បន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់បានកើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់វេជ្ជបណ្ឌិត និង ភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ ក្រុមហ៊ុនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។

ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង តាមដែលក្រុមហ៊ុនយល់ថាចាំបាច់នៅក្នុងអំឡុងពេលដំណើរការវាយតម្លៃលើការទាមទារសំណង។

ក. ករណីបោះបង់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់ បណ្ណសន្យារ៉ាប់រង

១. បំពេញពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង

២. កញ្ចប់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម (ប្រសិនបើមាន)

ខ. ករណីមរណភាពដោយសារជំងឺ

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផល ដែលមានបញ្ជាក់ ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. ច្បាប់ថតចម្លងលិខិតមរណភាពដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើម

៥. លិខិតយល់ព្រមរបស់អ្នកទទួលផល ឬ ទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី

៧. ឯកសារផ្សេងទៀត ដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុន សម្រាប់ជំនួស ឬគាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។

គ. ករណីមរណភាពដោយគ្រោះថ្នាក់

រាល់ឯកសារក្នុងចំណុច (ខ) ខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖

១. ច្បាប់ថតចម្លងកំណត់ហេតុអង្កេតគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

ឃ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រងដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន

៥. ឯកសារផ្សេងទៀតដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុនសម្រាប់ជំនួស ឬគ្រាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។

ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តអំពីការបដិសេធ ឬការអនុម័តសំណងជាលាយលក្ខណ៍អក្សរជូនអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្នុងរយៈពេលអតិបរមា ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ការទាមទារសំណង។

ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងជូនអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្នុងរយៈពេលអតិបរមា ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណង និងអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលឯកភាពទទួលយកសំណងធានារ៉ាប់រង ចំពោះការទូទាត់សំណងទាំងស្រុង ឬ ក្នុងរយៈពេលផ្សេងដូចបានកំណត់នៅក្នុងកិច្ចព្រមពៀងដោយឡែករវាងក្រុមហ៊ុន និង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ចំពោះការទូទាត់សំណងជាដំណាក់កាល។

របៀបទូទាត់សំណងមានដូចជា ការទូទាត់សំណងតាមរយៈលិខិតសន្យា (បង់ប្រាក់) (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងទៀត។

ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយ ត្រូវបានប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារសំណងនោះឡើយ។

ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្តល់សំណងណាមួយក្រោមបណ្ណសន្យារ៉ាប់រងនេះឡើយ លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។

រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬ អនុញ្ញាតឲ្យដោយច្បាប់ ឬ បទប្បញ្ញត្តិជាធរមាន។

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

១៨.១ ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីអះអាងលើសុខភាព និង ការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយអ្នកត្រូវបានធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានការផ្លាស់ប្តូរលើកម្មវត្ថុដែលនឹងត្រូវបានធានា មិនថាមុន ឬក្រោយពេលចេញបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភធានារ៉ាប់រងបន្ថែម ឬ បដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ ឬមោឃៈកិច្ចសន្យាធានារ៉ាប់រង។

ក្នុងករណីដែលក្រុមហ៊ុនសម្រេចធ្វើមោឃភាព កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានចាត់ទុកជាមោឃៈតាំងពីដំបូង និងមិនមានការទូទាត់សំណងណាមួយតាមកិច្ចសន្យាឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុននឹងប្រគល់ឲ្យវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទព្រមព្រៀងលើមោឃភាពបណ្ណសន្យារ៉ាប់រង ដោយកាត់ចេញនូវបំណុលណាមួយ (ប្រសិនបើមាន) ដែលអ្នកត្រូវបានធានារ៉ាប់រងជំពាក់ក្រុមហ៊ុន។ ប្រសិនបើត្រូវការពេលវេលាបន្ថែម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការស្នើសុំពេលវេលាបន្ថែម ក្នុងករណីមានហេតុផល និងការអនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី1 នៃប្រការ ១៨.១ “ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង” នោះទេ។

ភ្នាក់ងារ ឬជើងសាធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទនៃខួបបង់បុព្វលាភធានារ៉ាប់រង ឬបដិសេធការផ្ដល់ការជូនដំណឹង ឬភស្ដុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះអាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។

លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញចុងក្រោយ ប្រសិនបើបណ្ណសន្យារ៉ាប់រងត្រូវដាក់ឲ្យអនុវត្តឡើងវិញ លើកលែងតែករណីអ្នកត្រូវបានធានារ៉ាប់រងមិនមានផលប្រយោជន៍ពីការធានារ៉ាប់រង (Insurable interest) ក្នុងការធានារ៉ាប់រងនេះ ឬបានផ្តល់ព័ត៌មានមិនពិតពីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ហើយ បណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភធានារ៉ាប់រង ក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភធានារ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងដែលលើសជូនវិញ។

ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់ អ្នកត្រូវបានធានារ៉ាប់រងសិ្ថតនៅហួសកម្រិតបុព្វលាភធានារ៉ាប់រង ទៅតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែល ក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រង (ដោយមិនមានការប្រាក់) ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (ប្រសិនបើមាន)។

អ្នកត្រូវបានធានារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។

រូបិយប័ណ្ណនៃចំនួនទឹកប្រាក់ធានារ៉ាប់រង និងបុព្វលាភធានារ៉ាប់រង ត្រូវកំណត់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

សិទ្ធិ និងការប្រើប្រាស់សិទ្ធិស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានចាត់ទុកជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។

ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិរបស់បណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនដោយមានជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។

បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។