
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ទទួលបានចំនួនទឹកប្រាក់ធានារ៉ាប់រង ១០០% ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់(១)
- មិនតម្រូវឱ្យមានការពិនិត្យសុខភាពនៅពេលស្នើសុំទិញបណ្ណសន្យារ៉ាប់រងនេះ
- ការស្នើសុំទិញបណ្ណសន្យារ៉ាប់រង មានលក្ខណៈងាយស្រួល ឆាប់រហ័ស
- បុព្វលាភធានារ៉ាប់រងសមរម្យ
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧០ ឆ្នាំ |
រយៈពេលនៃការធានារ៉ាប់រង | ចាប់ពី ១ ឆ្នាំ រហូតដល់ ១០ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | បង់តែមួយលើក |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧០ ឆ្នាំ |
រយៈពេលនៃការធានារ៉ាប់រង | ចាប់ពី ១ ឆ្នាំ រហូតដល់ ១០ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | បង់តែមួយលើក |
ចំណាំ
(១) បណ្ណសន្យាធានារ៉ាប់រងនេះ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ត្រូវបានទូទាត់រួច។
បរិយាយផលិតផល
១. និយមន័យ
“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។
“ការរងរបួស” សំដៅដល់ របួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។
“កាលបរិច្ឆេទចុះឈ្មោះ” សំដៅដល់ ថ្ងៃដែលសមាជិកដែលមានសិទ្ធិ ចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង ជាសមាជិកត្រូវបានធានារ៉ាប់រង។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង” សំដៅដល់ កាលបរិច្ឆេទដែលទឹកប្រាក់កម្ចីត្រូវបានផ្ដល់ពីម្ចាស់បណ្ណសន្យារ៉ាប់រងទៅសមាជិកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រង (តែមួយលើក) ហើយក្រុមហ៊ុនយល់ព្រមធានាសមាជិកត្រូវបានធានារ៉ាប់រង។ កាលបរិច្ឆេទនេះ ត្រូវចាត់ទុកថាជាកាលបរិច្ឆេទកិច្ចសន្យាធានារ៉ាប់រងមានសុពលភាព សម្រាប់សមាជិកត្រូវបានធានារ៉ាប់រងក្នុងបណ្ណសន្យារ៉ាប់រងនេះ។
“កាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងផុតសុពលភាព។
“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និង សមាជិកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីសមាជិកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូររបស់សមាជិកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពចេញដោយវេជ្ជបណ្ឌិត និង សេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងម្ចាស់បណ្ណសន្យារ៉ាប់រង និងក្រុមហ៊ុន។
“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅដែលមិនមែនជាជំងឺ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់សមាជិកត្រូវបានធានារ៉ាប់រង។ ការធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី មិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់នោះទេ។
“តារាងបណ្ណសន្យារ៉ាប់រង” សំដៅដល់ តារាងដែលមានកំណត់ព័ត៌មានលម្អិតនៃបណ្ណសន្យារ៉ាប់រងដែលចេញដោយក្រុមហ៊ុន ដែលត្រូវបានចាត់ទុកជាឯកសារបន្ថែមនៃបណ្ណសន្យារ៉ាប់រងដែលជាផ្នែកមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះ។
“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងសមាជិកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលសមាជិកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” សំដៅដល់ សមាជិកត្រូវបានធានារ៉ាប់រងទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកម្ខាង ឬទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពកម្រិតឃុំ/សង្កាត់ ឬខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
“ម្ចាស់បណ្ណសន្យារ៉ាប់រង” សំដៅដល់ នីតិបុគ្គលដែលជាអ្នកផ្ដល់កម្ចី និងជាអ្នកទទួលផលទីមួយ ដូចមានបញ្ជាក់នៅក្នុងបណ្ណសន្យារ៉ាប់រង។
“វេជ្ជបណ្ឌិត” សំដៅដល់ វេជ្ជបណ្ឌិតសម័យទំនើប ដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬ សេវាកម្មវះកាត់ ដែលមិនមែនជាសមាជិកត្រូវបានធានារ៉ាប់រង ឬ សមាជិកគ្រួសារ (រាប់ទាំងបុព្វញាតិ និងបច្ឆាញាតិ) របស់សមាជិកត្រូវបានធានារ៉ាប់រងឡើយ។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាសមាជិកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
“សមាជិកត្រូវបានធានារ៉ាប់រង” សំដៅដល់ សមាជិកដែលមានសិទ្ធិ ដែលចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង។
“អ្នកទទួលផល" សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយសមាជិកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និង ជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រង បន្ទាប់ពីសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។
“អ្នកទទួលផលទីមួយ” សំដៅដល់ នីតិបុគ្គលដែលជាអ្នកផ្ដល់កម្ចី និងជាម្ចាស់បណ្ណសន្យារ៉ាប់រង។
“អ្នកទទួលផលទីពីរ” សំដៅដល់ បុគ្គលដែលត្រូវបានបញ្ជាក់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយសមាជិកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល ដោយយោងតាមកិច្ចសន្យាធានារ៉ាប់រង ហើយដែលនឹងទទួលបានអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីកាត់ចេញនូវចំនួនទឹកប្រាក់ដែលត្រូវបង់ទៅឲ្យអ្នកទទួលផលទីមួយ(ប្រសិនបើមាន) បន្ទាប់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង។
“ភេរវកម្ម” សំដៅដល់ ការប្រើប្រាស់កម្លាំង ឬអំពើហិង្សា និងការគំរាមកំហែង ដោយបុគ្គលម្នាក់ ឬជាក្រុម ទោះជាម្នាក់ឯង ឬជំនួសមុខឲ្យអ្នកឯទៀត ឬពាក់ព័ន្ធនឹងអង្គការណាមួយ ឬរដ្ឋាភិបាលដើម្បីបុព្វហេតុនយោបាយ សាសនា ឬក្រុមនិកាយ (សាសនា) ឬគោលបំណងប្រហាក់ប្រហែលផ្សេងទៀត រួមទាំងសកម្មភាពដែលមានគោលបំណងបង្កឲ្យរដ្ឋាភិបាល ឬទីសាធារណៈ ឬផ្នែកនៃទីសាធារណៈត្រូវស្ថិតក្រោមស្ថានភាពគួរឲ្យភ័យខ្លាច និងចលាចល។
"ឥណវន្ត” សំដៅដល់ កូនបំណុលរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដែលខ្ចីកម្ចីពីម្ចាស់បណ្ណសន្យារ៉ាប់រង។
២. កម្មវត្ថុនៃការធានា
កម្មវត្ថុនៃការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺរូបរាងកាយ និងអាយុជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។
៣. វិសាលភាពនៃការធានា
ស្មាយ ដំណោះស្រាយកម្ចី ផ្តល់ការការពារដល់សមាជិកត្រូវបានធានារ៉ាប់រង ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់។
៤. អត្ថប្រយោជន៍នៃការធានា
៤.១ អត្ថប្រយោជន៍ករណីមរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់
ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារគ្រោះថ្នាក់ ហើយក្រុមហ៊ុនបានទទួលភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ដោយផ្អែកលើការកំណត់សមហេតុផលរបស់ក្រុមហ៊ុន និងអនុលោមតាមទម្រង់ និងវិធីសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន នោះក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យអ្នកទទួលផលទីពីរ ហើយកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបានបញ្ចប់ភ្លាម។
៤.២ អត្ថប្រយោជន៍ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់
នៅក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ ដោយមានភស្តុតាងបញ្ជាក់ថាពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នេះកើតមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ហើយពិការភាពនោះបន្តក្នុងរយៈពេលយ៉ាងតិច ១៨០ថ្ងៃ ដែលមានការបញ្ជាក់ច្បាស់លាស់ពីវេជ្ជបណ្ឌិត ក្នុងរយៈពេលមិនតិចជាង ១៨០ថ្ងៃ និងមិនលើសពី ២៧០ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាព ត្រូវបានបញ្ជាក់ត្រឹមត្រូវ ហើយក្រុមហ៊ុនបានទទួលភស្តុតាងបញ្ជាក់ពីពិការភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ហើយដោយផ្អែកលើការកំណត់សមហេតុផល ក្រុមហ៊ុនចាត់ទុកថាសមាជិកត្រូវបានធានារ៉ាប់រងពិតជាទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង ហើយកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបានបញ្ចប់ភ្លាម។
នៅក្នុងករណីដែលសមាជិកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ ហើយការបាត់បង់នេះមានភស្តុតាងបញ្ជាក់ច្បាស់លាស់ ឬមានការបញ្ជាក់បង្ហាញផ្នែកវេជ្ជសាស្រ្តយ៉ាងច្បាស់លាស់ថាសមាជិកត្រូវបានធានារ៉ាប់រងពិតជាពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកត្រូវធានារ៉ាប់រង ហើយកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបញ្ចប់ភ្លាម។
សម្រាប់ការទូទាត់ខាងលើ ប្រសិនបើមានបំណុលមិនទាន់ទូទាត់ ក្រុមហ៊ុននឹងកាត់កងបំណុលដែលមិនទាន់បានទូទាត់នោះពីចំនួនទឹកប្រាក់សំណងដែលត្រូវបង់ ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រង។
ទឹកប្រាក់ដែលបានបង់ ដូចមានចែងនៅក្នុងលក្ខខណ្ឌ ទៅឲ្យអ្នកទទួលផល ត្រូវចាត់ទុកថាជាការរំលស់បន្ទុកតាមផ្លូវច្បាប់របស់ក្រុមហ៊ុន និងដោះបន្ទុកក្រុមហ៊ុនពីការចោទប្រកាន់តាមផ្លូវច្បាប់ និងពីបណ្តឹងពាក់ព័ន្ធផ្សេងៗ។
៥. ការបង់បុព្វលាភធានារ៉ាប់រង
ការបង់បុព្វលាភធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងនេះគឺបង់តែមួយលើក។
ការបង់បុព្វលាភធានារ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភធានារ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងៗនឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។
ការធានារ៉ាប់រងនឹងមានសុពលភាព បន្ទាប់ពីបុព្វលាភធានារ៉ាប់រងត្រូវបានបង់ និងក្រុមហ៊ុនបានអនុម័តលើបណ្ណសន្យារ៉ាប់រង។
៦. ករណីមិនធានា
សំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី នឹងមិនត្រូវទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬ ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់សមាជិកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលណាម្នាក់ ឬ
គ. ការរលូតកូន ឬការរំលូតកូន ឬការមានផ្ទៃពោះ ឬការសម្រាលកូន ឬបញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ លើកលែងតែករណីដែលកើតឡើងដោយសារគ្រោះថ្នាក់ ឬ
ឃ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
ង. បញ្ហា ឬភាពមិនប្រក្រតីផ្នែកផ្លូវចិត្ត ឬសតិគ្រប់ប្រភេទ ឬ
ច. របួសដែលបណ្ដាលមកពីការខាំ ឬទិចដោយសត្វល្អិតរួមទាំង ប៉ុន្ដែមិនកំណត់ត្រឹមតែមូសខាំ និងឃ្មុំទិច ឬ
ឆ. ការឆ្លងមេរោគ លើកលែងតែដំបៅក្លាយ ឬតេតាណុស ឬជំងឺឆ្កែឆ្កួតដែលបណ្ដាលមកពីមុខរបួសដោយគ្រោះថ្នាក់ ឬ
ជ. ការចូលរួមក្នុងកីឡាគ្រោះថ្នាក់ ឬសកម្មភាពគ្រោះថ្នាក់ រួមមានជាអាទិ៍ ប៉ុន្តែមិនកំណត់ត្រឹមតែការជ្រមុជ ក្នុងទឹក (Diving) ការឡើងភ្នំ ការលោតឆ័ត្រយោង ឬ
ឈ. សកម្មភាពប្រណាំងគ្រប់ប្រភេទ ក្រៅពីការថ្មើរជើង ឬការជិះកង់ និងការចូលរួមក្នុងកីឡាជំនាញ ឬ ប្រណាំង ដែលសមាជិកត្រូវបានធានារ៉ាប់រង នឹង/ឬ អាចទទួលបានប្រាក់កម្រៃពីកីឡាទាំងអស់នោះ ឬ
ញ. ការជិះយានយន្តហោះគ្រប់ប្រភេទ ឬការឡើងជិះ ឬការចុះពីយន្ដហោះ លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះដែលមានជើងហោះហើរតាមកាលវិភាគទៀងទាត់ធម្មតា ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ឬ
ដ. ពេលដែលសមាជិកត្រូវបានធានារ៉ាប់រងជាអ្នកបើកយន្តហោះ ឬបម្រើការនៅលើយន្តហោះ ឬ
ឋ. សង្គ្រាម មិនថាបានប្រកាស ឬមិនបានប្រកាស ការឈ្លានពាន ឬការប្រព្រឹត្តរបស់សត្រូវបរទេស សង្គ្រាម ស៊ីវិល បដិវត្តន៍ ឧទ្ទាមកម្ម ការបះបោរ ភេរវកម្ម ឬ
ឌ. ពេលដែលសមាជិកត្រូវបានធានារ៉ាប់រងបម្រើការងារជាទាហ៊ាន នគរបាល ឬអ្នកស្ម័គ្រចិត្តក្នុងសង្គ្រាម ឬ ការបង្ក្រាប ឬ
ឍ. ពេលដែលសមាជិកត្រូវបានធានារ៉ាប់រងចូលរួមក្នុងជម្លោះ ឬចូលរួមក្នុងការញុះញង់ឲ្យមានជម្លោះ ឬ
ណ. ការទទួលឥទ្ធិពលចំហាយវិទ្យុសកម្ម ឬជាតិវិទ្យុសកម្មពីប្រេងឥន្ទនៈនុយក្លេអ៊ែរ (nuclear fuel) ដែលបណ្ដាលមកពីចំហេះប្រេងឥន្ធនៈនុយក្លេអ៊ែរ (combustion of nuclear fuel) និងការផ្ទុះបរមាណូដោយឯកឯង (self-sustaining process of nuclear fission)។
ប្រសិនបើការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់សមាជិកត្រូវបានធានារ៉ាប់រងដោយសារគ្រោះថ្នាក់ ដែលកើតចេញពីករណីមិនធានា ពីចំណុច ក ទៅ ណ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្តី នោះក្រុមហ៊ុននឹងប្រគល់ជូនវិញទៅឲ្យទាយាទរបស់សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកត្រូវបានធានារ៉ាប់រង តែបុព្វលាភធានារ៉ាប់រងជាក់ស្តែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំគិតការប្រាក់ទៅលើចំណែករបស់សមាជិកត្រូវបានធានារ៉ាប់រងនោះមានសិទ្ធិទទួលបានឡើយ។
ក្នុងការប្រគល់បុព្វលាភធានារ៉ាប់រង ឬបង់ប្រាក់សំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
ការធ្វើអត្តឃាត ឬ ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ដែលកើតឡើងក្រោយរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ មិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់នោះទេ។
៧. ទីតាំងភូមិសាស្រ្តនៃការធានា
ក្រុមហ៊ុនផ្ដល់ការធានារ៉ាប់រងជាសកលចំពោះសមាជិកត្រូវបានធានារ៉ាប់រង។
៨. លក្ខណៈសម្បត្តិនៃអ្នកទទួលផល
៨.១ អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង
សមាជិកត្រូវបានធានារ៉ាប់រងមានសិទ្ធិកំណត់អ្នកទទួលផលទីពីរ ក្រៅពីអ្នកទទួលផលទីមួយដែលជាម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ ក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ធានារ៉ាប់រងដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់អត្ថប្រយោជន៍នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុលនៅសល់ ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង អ្នកទទួលផលទីពីរ ឬទាយាទរបស់សមាជិកត្រូវបានធានារ៉ាប់រង ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងមិនបានបញ្ជាក់អ្នកទទួលផលទីពីរ។ កិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបញ្ចប់ភា្លម។
ប្រសិនបើមានតែអ្នកទទួលផលទីពីរតែម្នាក់ដែលត្រូវបានកំណត់ ហើយអ្នកទទួលផលទីពីរនោះទទួលមរណភាពមុន ឬស្របពេលជាមួយសមាជិកត្រូវបានធានារ៉ាប់រង សមាជិកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនអំពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរ។ ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរទៅក្រុមហ៊ុន នៅពេលសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទៅឲ្យទាយាទរបស់សមាជិកត្រូវបានធានារ៉ាប់រង។
ប្រសិនបើមានអ្នកទទួលផលទីពីរលើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលម្នាក់ក្នុងចំណោមនោះទទួលមរណភាពមុន ឬស្របពេលជាមួយសមាជិកត្រូវបានធានារ៉ាប់រង នោះសមាជិកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅអ្នកទទួលផលផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងខកខាន ឬមិនអាចជូនដំណឹងដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលទីពីរនោះទេ នៅពេលដែលសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ស្មើៗគ្នានៃអត្ថប្រយោជន៍ដែលនៅសេសសល់ទាំងឡាយរបស់អ្នកទទួលផលទីពីរដែលទទួលមរណភាព បន្ទាប់ពីទូទាត់បំណុល (ប្រសិនបើមាន) ទៅឲ្យអ្នកទទួលផលទីពីរផ្សេងៗទៀតដែលនៅរស់រានមានជីវិត។
៨.២ ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ
ក្នុងករណីដែលអ្នកទទួលផលទីពីរថ្មី គឺជាឪពុក/ម្ដាយ ប្ដី/ប្រពន្ធ ឬកូនរបស់សមាជិកត្រូវបានធានារ៉ាប់រង ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃដែលសមាជិកត្រូវបានធានារ៉ាប់រងបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណាក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលទីពីរដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរនោះជាមុនពីសមាជិកត្រូវបានធានារ៉ាប់រង។
ក្នុងករណីដែលអ្នកទទួលផលទីពីរថ្មីមិនមែនជាឪពុក/ម្ដាយ ប្ដី/ប្រពន្ធ ឬកូនរបស់សមាជិកត្រូវបានធានារ៉ាប់រងទេនោះ ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ នឹងមានប្រសិទ្ធភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្ដល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។
៨.៣ ការធ្វើឃាតដោយចេតនាពីអ្នកទទួលផលទីពីរ
ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងត្រូវបានសម្លាប់ដោយចេតនា ដោយអ្នកទទួលផលទីពីរ ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលត្រូវបង់ ដោយយោងតាមចំនួនទឹកប្រាក់ធានារ៉ាប់រង ទៅឲ្យអ្នកទទួលផលទីមួយដែលមិនមែនជាចារី (ជនដៃដល់) សហចារី(អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្មនោះ ដោយចំនួនទឹកប្រាក់អត្ថប្រយោជន៍ស្មើនឹងចំនួនទឹកប្រាក់បំណុលដែលសមាជិកត្រូវបានធានារ៉ាប់រង ត្រូវសងទៅឲ្យអ្នកទទួលផលទីមួយ។ ក្រុមហ៊ុននឹងមិនបង់អត្ថប្រយោជន៍ធានារ៉ាប់រងណាមួយ ហើយនឹងមិនប្រគល់បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ទៅឲ្យអ្នកទទួលផលទីពីរ ដែលចូលរួមក្នុងអំពើឃាតកម្មដោយចេតនាទៅលើសមាជិកត្រូវបានធានារ៉ាប់រងឡើយ។
ក្នុងករណីមានអ្នកទទួលផលទីពីរលើសពីម្នាក់ បើអ្នកទទួលផលទីពីរណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើសមាជិកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រទៅនឹងទឹកប្រាក់ដែលត្រូវបានធានាដែលនៅសេសសល់ បន្ទាប់ពីបានទូទាត់សំណងរួចរាល់ជូនអ្នកទទួលផលទីមួយទៅឲ្យអ្នកទទួលផលទីពីរ ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើសមាជិកត្រូវបានធានារ៉ាប់រង ដោយកាត់ចេញនូវចំណែកដែលអ្នកទទួលផលទីពីរដែលបានប្រព្រឹត្តនូវអំពើឃាតកម្មត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ទាំងអស់ដែលជាផ្នែកនៃបុព្វលាភធានារ៉ាប់រងនេះឡើយ។
៩. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង
៩.១ ការកែប្រែបណ្ណសន្យារ៉ាប់រង
រាល់ការកែប្រែនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវវិសោធនកម្មនោះ ហើយវិសោធនកម្មនេះនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
៩.២ ការប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ
ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ ទៅកាន់ក្រុមហ៊ុន ហើយបណ្ដាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភធានារ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភធានារ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីដែលសមាជិកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្ដែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងដែលលើសជូនវិញ។
ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្ដែងរបស់សមាជិកត្រូវបានធានារ៉ាប់រងស្ថិតនៅហួសកម្រិតបុព្វលាភធានារ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះ នឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសេសសល់ (ប្រសិនបើមាន)។
១០. ការបន្តកិច្ចសន្យាធានារ៉ាប់រង
ការបន្តកិច្ចសន្យាធានារ៉ាប់រង មិនត្រូវបានអនុវត្តក្រោមបណ្ណសន្យារ៉ាប់រងនេះឡើយ។
១១. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង
១១.១ ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង
សមាជិកត្រូវបានធានារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់) ថ្ងៃជាមុន ក្នុងករណីដែលសមាជិកត្រូវបានធានារ៉ាប់រងមានបំណងចង់បញ្ចប់កិច្ចសន្យាធានារ៉ាប់រងមុនថ្ងៃផុតកំណត់។ ក្នុងករណីបញ្ចប់ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេលដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងនេះ នៅមានសុពលភាពទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង។
១១.២ រយៈពេលពិចារណាចុងក្រោយ
ដោយផ្អែកលើហេតុផលណាមួយ សមាជិកត្រូវបានធានារ៉ាប់រងមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងជាមួយនឹងសំណើសុំបញ្ចប់ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីមានការប្រគល់វិញនោះ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។
ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួចជូនវិញ ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (ប្រសិនបើមាន) ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការយកថ្លៃសេវាប្រតិបត្តិការនេះ។
សមាជិកត្រូវបានធានារ៉ាប់រង ដែលបានទាមទារប្រាក់សំណងណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលកិច្ចសន្យាធានារ៉ាប់រងបានឡើយ។
១២. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង
ការធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីមានករណីណាមួយដូចខាងក្រោមនេះកើតមានឡើង៖
ក. សមាជិកត្រូវបានធានារ៉ាប់រងឈានចូលអាយុ … ឆ្នាំ នៅកាលបរិច្ឆេទខួបបណ្ណសន្យារ៉ាប់រង ឬ
ខ. កាលបរិច្ឆេទផុតសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រង ដូចមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតដែលចេញឲ្យសមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ ឬ
គ. នៅពេលក្រុមហ៊ុនបានបង់គ្រប់នូវចំនួនទឹកប្រាក់ធានារ៉ាប់រងទាំងអស់ តាមកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ។
ក្រុមហ៊ុនអាចលុបចោលកិច្ចសន្យាធានារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប) ថ្ងៃជាមុន ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា សមាជិកត្រូវបានធានារ៉ាប់រងក្លែងបន្លំ ដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេលដែលនៅសល់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង។
១៣. ការទាមទារសំណង
១៣.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង
អ្នកដាក់ពាក្យស្នើសុំទាមទារសំណងអាចជាសមាជិកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬអ្នកតំណាងស្របច្បាប់។
១៣.២ នីតិវិធីនៃការផ្ដល់ព័ត៌មាន
១៣.២.១ ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនោះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ ចាប់ពីថ្ងៃដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។
ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលត្រូវផ្ដល់របាយការណ៍បញ្ជាក់ពីមរណភាពផ្លូវការមួយច្បាប់ ឬភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលត្រូវផ្ដល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល។
អ្នកទទួលផលត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យលើសមាជិកត្រូវបានធានារ៉ាប់រងនៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលត្រូវអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ឬភាគីរបស់សមាជិកត្រូវបានធានារ៉ាប់រង អនុលោមតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះ។
១៣.២.២ ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ សមាជិកត្រូវបានធានារ៉ាប់រង ឬ ភាគីនៃសមាជិកត្រូវបានធានារ៉ាប់រង ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់កើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់សមាជិកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថា សមាជិកត្រូវបានធានារ៉ាប់រងមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់សមាជិកត្រូវបានធានារ៉ាប់រង តាមដែលក្រុមហ៊ុនយល់ថាសមស្រប នៅក្នុងរយៈពេលដំណើរការវាយតម្លៃសំណង។
១៣.៣ ឯកសារតម្រូវចំពោះករណីទាមទារសំណង
ក. ករណីមរណភាពដោយសារគ្រោះថ្នាក់
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផលទីពីរ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផលទីពីរ ឬទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
៧. ច្បាប់ថតចម្លងកំណត់ហេតុអង្កេតគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
៨. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
៩. ឯកសារផ្សេងទៀតដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុន សម្រាប់ជំនួស ឬគាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
ខ. ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់សមាជិកត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់ភាពត្រឹមត្រូវព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។
៥. ឯកសារផ្សេងទៀត ដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុន សម្រាប់ជំនួស ឬគាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
១៣.៤ រយៈពេលអតិបរមានៃការទូទាត់សំណង
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងជូនសមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ក្នុងរយៈពេលអតិបរមា ១៤ (ដប់បួន) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ការទាមទារសំណង និង ក្រុមហ៊ុនបានអនុម័តលើការទាមទារសំណង។
១៣.៥ របៀបទូទាត់សំណង
របៀបទូទាត់សំណងមានដូចជា ការទូទាត់សំណងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងទៀត។
១៣.៦ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមផលិតផលនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ដើម្បីទទួលបាន អត្ថប្រយោជន៍ក្រោមផលិតផលនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
១៣.៧ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយក្រោមផលិតផលនេះឡើយ លុះត្រាតែសមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃផលិតផលនេះ។
១៤. ការរក្សាព័ត៌មានសម្ងាត់
រាល់ព័ត៌មានដែលបានផ្ដល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឲ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
១៥. ការផ្សះផ្សាវិវាទ
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកា មជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។
១៦. ដែនយុត្តាធិការ
កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។
១៧. ប្រការទូទៅ
១៧.១ កាតព្វកិច្ចរបស់សមាជិកត្រូវបានធានារ៉ាប់រងក្នុងការផ្ដល់ព័ត៌មាន
សមាជិកត្រូវបានធានារ៉ាប់រងមានកាតព្វកិច្ចប្រកាស និងផ្ដល់ដល់ក្រុមហ៊ុននូវព័ត៌មានពេញលេញ និងត្រឹមត្រូវ ដែលតម្រូវដោយក្រុមហ៊ុនសម្រាប់ធ្វើការវាយតម្លៃហានិភ័យធានារ៉ាប់រង។ វាគឺជាភារកិច្ចរបស់សមាជិកត្រូវបានធានារ៉ាប់រង ក្នុងការផ្ដល់ដំណឹងដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរផ្សេងៗនៃស្ថានភាពសុខភាព មុខរបរ ឬសកម្មភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង នៅចន្លោះកាលបរិច្ឆេទចុះឈ្មោះ ឬការពិនិត្យសុខភាពលើកចុងក្រោយ និងកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង។ ការពិនិត្យសុខភាព (ប្រសិនបើមាន) មិនអាចជំនួសឲ្យកាតព្វកិច្ចរបស់សមាជិកត្រូវបានធានារ៉ាប់រង ក្នុងការលាតត្រដាងព័ត៌មានពេញលេញ និងត្រឹមត្រូវតាមចំណុច ១៧.១ នេះឡើយ។
នៅក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងមានប្រសិទ្ធភាពអនុវត្ត ក្រុមហ៊ុនមានសិទ្ធិក្នុងការព្យួរបណ្ណសន្យារ៉ាប់រងនេះដោយឯកតោភាគី ហើយរក្សាទុកបុព្វលាភធានារ៉ាប់រងទាំងអស់ដែលបានបង់រួច នៅពេលដែលបណ្ណសន្យារ៉ាប់រងនេះត្រូវបានព្យួរ ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រង បានផ្ដល់ព័ត៌មានមិនពេញលេញ និងមិនត្រឹមត្រូវដោយចេតនា។
១៧.២ សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្រោមបណ្ណសន្យារ៉ាប់រង
សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានចាត់ទុកជាកម្មសិទ្ធិផ្តាច់មុខរបស់សមាជិកត្រូវបានធានារ៉ាប់រង លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។
ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិរបស់បណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនបន្ទាប់ពីបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរ។
១៧.៣ ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្ដីប្រកាសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកត្រូវបានធានារ៉ាប់រង នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រង ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់សមាជិកត្រូវបានធានារ៉ាប់រង សេចក្តីអះអាងលើសុខភាព និងការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយសមាជិកត្រូវបានធានារ៉ាប់រង និងនៅពេលបុព្វលាភធានារ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។
ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬ សមាជិកត្រូវបានធានារ៉ាប់រង មានចេតនាផ្ដល់សេចក្ដីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានផ្លាស់ប្ដូរទៅលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិគិតបុព្វលាភធានារ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ (ប្រសិនបើបណ្ណសន្យារ៉ាប់រងមិនទាន់បានចេញឲ្យជាផ្លូវការ)។ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាព ការផ្តល់ព័ត៌មានមិនពិត ឬ ការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងដោយចេតនា នឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះអាចក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្ដល់ប្រាក់សំណងតាមកិច្ចសន្យា។
ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្ដីប្រកាសណាមួយ ដែលមិនមែនជាសេចក្ដីប្រកាសធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកត្រូវបានធានារ៉ាប់រង នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី ១ នៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងក្នុងចំណុចទី ១៧.៣ នេះទេ។
ភ្នាក់ងារ ឬជើងសាធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទនៃខួបបង់បុព្វលាភធានារ៉ាប់រង ឬបដិសេធការផ្ដល់ការជូនដំណឹង ឬភស្ដុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។
១៧.៤ រូបិយប័ណ្ណ
ចំណុចនេះ ត្រូវបានពណ៌នានៅក្រោមផ្នែកស្ដីពី “រូបិយប័ណ្ណ” នៅលើតារាងបណ្ណសន្យារ៉ាប់រង។
១៧.៥ លក្ខខណ្ឌមិនអាចតវ៉ាបាននៃកិច្ចសន្យាធានារ៉ាប់រង
លើកលែងតែមានកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្តរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាពនោះទេ លើកលែងតែករណីម្ចាស់បណ្ណសន្យារ៉ាប់រង ឬ/និងសមាជិកត្រូវបានធានារ៉ាប់រងមិនមានអត្ថប្រយោជន៍ដែលអាចធានាបានក្នុងការធានារ៉ាប់រងនេះ។
ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាចំពោះការធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងណាម្នាក់ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្តរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចុះឈ្មោះនោះទេ លើកលែងតែក្នុងករណីផ្ដល់ព័ត៌មានមិនពិតពីអាយុ ឬភេទរបស់សមាជិកត្រូវបានធានារ៉ាប់រង ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។
១៧.៦ ពាក្យស្នើសុំធានារ៉ាប់រង
ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកត្រូវបានធានារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់អ្នកដាក់ពាក្យស្នើសុំ ដែលជាសមាជិកដែលមានសិទ្ធិ ទៅកាន់ក្រុមហ៊ុន តាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។
១៧.៧ វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត
ក្រុមហ៊ុនត្រូវចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ ដើម្បីបញ្ជាក់ថា បុគ្គលនោះបានទទួលការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ។
១៧.៨ ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។