
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ទទួលបាន ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែម ក្នុងករណីមរណភាព ដែលបណ្តាល មកពីគ្រោះថ្នាក់ ឬ
- ទទួលបាន ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែម ក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់ ឬ
- ទទួលបានរហូតដល់ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែម ក្នុងករណីបាត់បង់អវយវៈ ឬបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ ដែលបណ្តាលមកពីគ្រោះថ្នាក់។
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ អាចបន្តរហូតឈានដល់អាយុ ៦៩ ឬ ស្មើនឹងកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ស្មើនឹងរយៈពេលនៃការធានារ៉ាប់រង |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ renewable till reach age 69 or up to base policy’s term |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ស្មើនឹងរយៈពេលនៃការធានារ៉ាប់រង |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
បរិយាយផលិតផល
ផលិតផលបន្ថែម ស្មាយ ឡាយហ្វ៍ អេកស៊ីដេន ប្រូថិកសិន ជាផលិតផលបន្ថែមដែលត្រូវភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន និងផលិតផលបន្ថែមនេះ ត្រូវយក ខ្លឹមសារនៃផលិតផលបន្ថែមជាគោល។
១. និយមន័យ
“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។
“ការរងរបួស” សំដៅដល់ របួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្ដើម។
“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីអ្នកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមាន បណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូរដោយអ្នកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពធ្វើដោយវេជ្ជបណ្ឌិត និង សេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជា កិច្ចសន្យាធានារ៉ាប់រងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។
“ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ ខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិចេ្ឆទដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត ឬ កាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ។
“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ដែលមិនមែនជាជំងឺ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រង។ ការធ្វើអត្តឃាត មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី មិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់នោះទេ។
“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃឆ្នាំដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត។
“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងក្នុងកិច្ចសន្យាធានារ៉ាប់រង។
“បាត់បង់សមត្ថភាពមើលឃើញ” សំដៅដល់ ការបាត់បង់ភ្នែក ឬការពិការភ្នែកទាំងស្រុង ដែលមិនអាចព្យាបាលបាន។
“បាត់បង់អវយវៈ” សំដៅដល់ ការបាត់បង់អវយវៈពី កដៃ ឬ កជើង រាប់បញ្ចូលទាំងការបាត់បង់ទាំងស្រុងនូវ សមត្ថភាពនៃអវយវៈនោះ ដោយមានការបញ្ជាក់តាមបែបវេជ្ជសាស្រ្តថា មិនអាចជាសះស្បើយបាន។
“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” សំដៅដល់ អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវការបាត់បង់ទាំងស្រុង ឬ ពិការភាពជាអចិន្ដ្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកម្ខាង ឬទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ ហើយ (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃ កជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពី ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះ អាចធ្វើឡើងនៅក្នុងពេលណាមួយក៏បាន។
“មន្ទីរពេទ្យ” សំដៅដល់ គ្រឹះស្ថានបងើ្កតឡើងស្របច្បាប់ ដែលធ្វើប្រតិបត្តិការដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖
១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ មណ្ឌលកែប្រែអ្នកដែលញៀនគ្រឿងស្រវឹង ឬ ថ្នាំញៀន គិលានុបដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
“អ្នកត្រូវបានធានារ៉ាប់រង” សំដៅដល់ បុគ្គលដែលត្រូវចាត់ទុកជាអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ឬឯកសារភ្ជាប់ដែលត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រង។
“អ្នកទទួលផល” សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និង ជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព។
២. កម្មវត្ថុនៃការធានា
កម្មវត្ថុនៃការធានាក្រោមផលិតផលបន្ថែមនេះ គឺរូបរាងកាយ និងអាយុជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។
៣. វិសាលភាពនៃការធានា
ផលិតផលបន្ថែម ស្មាយ ឡាយហ្វ៍ អេកស៊ីដេន ប្រូថិកសិន ធានាករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ឬការបាត់បង់អវយវៈ ការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ របស់អ្នកត្រូវបានធានារ៉ាប់រងដែលបណ្ដាលមកពីគ្រោះថ្នាក់។
៤. អត្ថប្រយោជន៍នៃការធានា
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ឬការបាត់បង់ អវយវៈ ការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ ដែលបណ្ដាលមកពីគ្រោះថ្នាក់ ក្រុមហ៊ុននឹងផ្ដល់សំណងដូចខាងក្រោម៖
ក. មរណភាព
ខ. ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍
គ. ការបាត់បង់អវយវៈ ការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ
៤.១ អត្ថប្រយោជន៍ករណីមរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់
នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង អ្នកទទួលផលនឹងទទួលបាន ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងក្នុងតារាងអត្ថប្រយោជន៍ ចំណុច (ក) ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ដែលបណ្ដាលមកពីគ្រោះថ្នាក់។
៤.២ អត្ថប្រយោជន៍ករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់
នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងនឹងទទួលបាន ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងក្នុងតារាងអត្ថប្រយោជន៍ ចំណុច (ខ) ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ដ្រៃយ៍ ដែលបណ្ដាលមកពីគ្រោះថ្នាក់។
៤.៣ អត្ថប្រយោជន៍ករណីការបាត់បង់អវយវៈ ឬការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយដែល បណ្តាលមកពីគ្រោះថ្នាក់
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវការបាត់បង់អវយវៈ ឬ ការបាត់បង់សមត្ថភាព មើលឃើញ ស្ដាប់ឮ ឬនិយាយ ដែលបណ្ដាលមកពីគ្រោះថ្នាក់នៅអំឡុងពេលនៃការធានារ៉ាប់រង ក្រុមហ៊ុននឹងផ្ដល់សំណងជូនអ្នកត្រូវបានធានារ៉ាប់រងដូចបានកំណត់ក្នុងតារាងខាងក្រោម៖
ចំណុច | ភាគរយនៃចំនួនទឹកប្រាក់ធានារ៉ាប់រង | ព័ណ៌នា |
---|---|---|
៤.៣.១ | 100% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវដៃទាំងពីរ ពី កដៃ ឬជើងទាំងពីរ ពី កជើង ឬបាត់បង់ភ្នែកទាំងពីរ |
៤.៣.២ | 100% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវដៃម្ខាង ពី កដៃ និងជើងម្ខាង ពី កជើង |
៤.៣.៣ | 100% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវដៃម្ខាង ពី កដៃ និងបាត់បង់ភ្នែកម្ខាង |
៤.៣.៤ | 100% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវជើងម្ខាង ពី កជើង និងបាត់បង់ភ្នែកម្ខាង |
៤.៣.៥ | 60% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវដៃម្ខាង ពី កដៃ |
៤.៣.៦ | 60% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវជើងម្ខាង ពី កជើង |
៤.៣.៧ | 60% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវភ្នែកម្ខាង |
៤.៣.៨ | 50% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវសមត្ថភាពស្ដាប់ឮ ឬនិយាយ |
៤.៣.៩ | 15% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវសមត្ថភាពស្ដាប់នៃត្រចៀកម្ខាង |
៤.៣.១០ | 25% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមេដៃម្ខាង (ពីរគន្លាក់) |
៤.៣.១១ | 10% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវមេដៃម្ខាង (មួយគន្លាក់) |
៤.៣.១២ | 10% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (បីគន្លាក់) |
៤.៣.១៣ | 8% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (ពីរគន្លាក់) |
៤.៣.១៤ | 4% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (មួយគន្លាក់) |
៤.៣.១៥ | 5% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមផ្សេងទៀត (មិនតិចជាងពីរគន្លាក់) ក្រៅពីមេដៃ និងម្រាមចង្អុល |
៤.៣.១៦ | 5% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមេជើង |
៤.៣.១៧ | 1% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមជើងមួយ (មិនតិចជាងមួយគន្លាក់)ក្រៅពីមេជើង |
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធទទួលនូវអត្ថប្រយោជន៍ពីចំណុចណាមួយក្នុងចំណោមចំណុចពី ៤.៣.១ ទៅ ៤.៣.៧ ក្រុមហ៊ុននឹងផ្តល់សំណងឲ្យតែមួយចំណុច ដោយគិតយកចំនួនទឹកប្រាក់ច្រើន ជាងគេ ហើយបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនឹងត្រូវបញ្ចប់។
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ពីចំណុចណាមួយក្នុងចំណោមចំណុចពី ៤.៣.៨ ទៅ ៤.៣.១៧ ប៉ុន្តែមិនមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយនៃចំណុច ៤.៣.១ ទៅ ៤.៣.៧ ក្រុមហ៊ុននឹងផ្តល់សំណងតាមការបាត់បង់ជាក់ស្តែងនៅចំណុចនីមួយៗទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ប៉ុន្តែមិនឲ្យលើសពី ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចដែលមានចែងក្នុងតារាងអត្ថប្រយោជន៍ ចំណុច (គ) ឡើយ។
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងបានទាមទារផ្ដល់សំណងពីចំណុច ៤.៣ (អត្ថប្រយោជន៍ករណីការបាត់បង់អវយវៈ ឬការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយដែលបណ្ដាលមកពីគ្រោះថ្នាក់) ហើយអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពដោយសារគ្រោះថ្នាក់នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង នោះក្រុមហ៊ុននឹងផ្តល់សំណងដោយកាត់កងនូវទឹកប្រាក់សំណងដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលពីមុន។
៥. ការបង់បុព្វលាភធានារ៉ាប់រង
៥.១ វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់នៅមុន ឬនៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មានជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬ ប្រចាំខែ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬ របៀបបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។
ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀប ផ្សេងៗនៃការបង់បុព្វលាភធានារ៉ាប់រង លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុន ត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនេះត្រូវបានបញ្ចប់ដូចបានចែងក្នុងចំណុច ១១.២។
អ្នកត្រូវបានធានារ៉ាប់រងអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះនឹងមាន សុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើសុំផ្លាស់ប្តូរនោះ។
ការបង់បុព្វលាភធានារ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភធានារ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងៗនឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។
៥.២ បុព្វលាភធានារ៉ាប់រងដំបូង
ការធានារ៉ាប់រងនឹងមានសុពលភាព បន្ទាប់ពីបុព្វលាភធានារ៉ាប់រងដំបូងត្រូវបានបង់ និងក្រុមហ៊ុនបាន អនុម័តលើបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែម។
៥.៣ បុព្វលាភធានារ៉ាប់រងបន្ត
បុព្វលាភធានារ៉ាប់រងដើម្បីបន្តបណ្ណសន្យារ៉ាប់រង នឹងត្រូវគណនាឡើងវិញនៅឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ ទៅតាមអាយុថ្មីរបស់អ្នកត្រូវបានធានារ៉ាប់រង។
ក្រុមហ៊ុននឹងផ្តល់ការជូនដំណឹងទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងជាមុន មិនតិចជាងរយៈពេល ៣០ (សាមសិប) ថៃ្ង មុនថៃ្ងបញ្ចប់នៃរយៈពេលធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងដើម្បីបន្តបណ្ណសន្យារ៉ាប់រងត្រូវបង់យ៉ាងយូរបំផុតក្នុងរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃ។
៥.៤ រយៈពេលអនុគ្រោះ
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង នៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ឬបាត់បង់អវយវៈ ឬបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភធានារ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង ឲ្យបានមុនរយៈពេលអនុគ្រោះផុតកំណត់ ការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិដែលបានមកពីតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន គឺមិនត្រូវបាន អនុវត្តសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះទេ។
៦. ករណីមិនធានា
ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ឬការបាត់អវយវៈ ការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ ដែលបណ្ដាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬដោយប្រយោលក្ដី នឹងមិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ឬ
ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលណាម្នាក់ ឬ
គ. ការរំលូតកូន ឬ
ឃ. ការរលូតកូន ឬការមានផ្ទៃពោះ ឬការសម្រាលកូន ឬបញ្ហាផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ លើកលែងតែករណីដែលកើតឡើងដោយសារគ្រោះថ្នាក់ ឬ
ង. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន ឬ
ច. បញ្ហា ឬភាពមិនប្រក្រតីផ្នែកផ្លូវចិត្ត ឬសតិគ្រប់ប្រភេទ ឬ
ឆ. របួសដែលបណ្ដាលមកពីការខាំ ឬទិចដោយសត្វល្អិតរួមទាំង ប៉ុន្ដែមិនកំណត់ត្រឹមតែមូសខាំ និងឃ្មុំទិច ឬ
ជ. ការឆ្លងមេរោគ លើកលែងតែដំបៅក្លាយ ឬតេតាណុស ឬជំងឺឆ្កែឆ្កួតដែលបណ្ដាលមកពីមុខរបួសដោយគ្រោះថ្នាក់ ឬ
ឈ. ការចូលរួមក្នុងកីឡាគ្រោះថ្នាក់ ឬសកម្មភាពគ្រោះថ្នាក់ រួមមានជាអាទិ៍ ប៉ុន្តែមិនកំណត់ត្រឹមតែការជ្រមុជ ក្នុងទឹក (Diving) ការឡើងភ្នំ ការលោតឆ័ត្រយោង ឬ
ញ. សកម្មភាពប្រណាំងគ្រប់ប្រភេទ ក្រៅពីការថ្មើរជើង ឬការជិះកង់ និងការចូលរួមក្នុងកីឡាជំនាញ ឬ ប្រណាំង ដែលអ្នកត្រូវបានធានារ៉ាប់រង នឹង/ឬ អាចទទួលបានប្រាក់កម្រៃពីកីឡាទាំងអស់នោះ ឬ
ដ. ការជិះយន្តហោះគ្រប់ប្រភេទ ឬការឡើងជិះ ឬការចុះពីយន្ដហោះ លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះដែលមានជើងហោះហើរតាមកាលវិភាគទៀងទាត់ធម្មតា ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ឬ
ឋ. អ្នកត្រូវបានធានារ៉ាប់រងជាអ្នកបើកយន្តហោះ ឬបម្រើការនៅលើយន្តហោះ ឬ
ឌ. សង្គ្រាម មិនថាបានប្រកាស ឬមិនបានប្រកាស ការឈ្លានពាន ឬការប្រព្រឹត្តរបស់សត្រូវបរទេស សង្គ្រាម ស៊ីវិល បដិវត្តន៍ ឧទ្ទាមកម្ម ការបះបោរ ភេរវកម្ម ឬ
ឍ. ពេលដែលអ្នកត្រូវបានធានារ៉ាប់រងបម្រើការងារជាទាហ៊ាន នគរបាល ឬអ្នកស្ម័គ្រចិត្តក្នុងសង្គ្រាម ឬ ការបង្ក្រាប ឬ
ណ. ពេលដែលអ្នកត្រូវបានធានារ៉ាប់រងចូលរួមក្នុងជម្លោះ ឬចូលរួមក្នុងការញុះញង់ឲ្យមានជម្លោះ ឬ
ត. ការទទួលឥទ្ធិពលចំហាយវិទ្យុសកម្ម ឬជាតិវិទ្យុសកម្មពីប្រេងឥន្ទនៈនុយក្លេអ៊ែរ (nuclear fuel) ដែលបណ្ដាលមកពីចំហេះប្រេងឥន្ធនៈនុយក្លេអ៊ែរ (combustion of nuclear fuel) និងការផ្ទុះបរមាណូដោយឯកឯង (self-sustaining process of nuclear fission)។
៧. ទីតាំងភូមិសាស្រ្តនៃការធានា
ក្រុមហ៊ុនផ្តល់ការធានារ៉ាប់រងជាសកលចំពោះអ្នកត្រូវបានធានារ៉ាប់រង។
៨. លក្ខណៈសម្បត្តិនៃអ្នកទទួលផល
៨.១ អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង
ដូចបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
៨.២ ការផ្លាស់ប្តូរអ្នកទទួលផល
ដូចបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
៩. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង
៩.១ ការផ្លាស់ប្ដូរការងារ
អ្នកត្រូវបានធានារ៉ាប់រង ត្រូវផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗទៅក្រុមហ៊ុនស្ដីពីការផ្លាស់ប្ដូរការងាររបស់ខ្លួន ហើយត្រូវបង់បុព្វលាភធានារ៉ាប់រងបន្ថែម បើសិនជាតម្រូវ។
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រង ខកខានមិនបានផ្ដល់ដំណឹងជូនក្រុមហ៊ុនពីការផ្លាស់ប្ដូរការងាររបស់ខ្លួនទេ ហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងរងរបួស ឬមានគ្រោះថ្នាក់នៅពេលដែលបំពេញការងារដែលមានហានិភ័យជាងការងារចាស់ ក្រុមហ៊ុននឹងផ្ដល់សំណងក្នុងទំហំដែលចំនួនបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសម្រាប់ការធានារ៉ាប់រងក្រោមលក្ខខណ្ឌនៃការងារចាស់ ដែលអាចទិញការធានារ៉ាប់រងក្រោមលក្ខខណ្ឌនៃការងារថ្មីតែប៉ុណ្ណោះ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងផ្លាស់ប្ដូរទៅធ្វើការងារដែលក្រុមហ៊ុនចាត់ទុកថាជាការងារដែលមានហានិភ័យតិចជាងមុន នោះក្រុមហ៊ុននឹងកាត់បន្ថយអត្រាបុព្វលាភធានារ៉ាប់រងទៅតាមនោះ (បើមាន) ហើយបង្វិលសងផ្នែកសមាមាត្រនៃបុព្វលាភធានារ៉ាប់រង ដោយគិតពីកាលបរិច្ឆេទនៃការផ្លាស់ប្ដូរ បន្ទាប់ពីទទួលបានភស្ដុតាងបញ្ជាក់ពីការផ្លាស់ប្ដូរ។
៩.២ ការផ្លាស់ប្តូរព័ត៌មានផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង
ក្នុងករណីព័ត៌មានផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមាននៅក្នុងពាក្យស្នើសុំធានារ៉ាប់រង និងឯកសារផ្សេងទៀតមានការផ្លាស់ប្តូរ អ្នកត្រូវបានធានារ៉ាប់រងត្រូវផ្តល់ដំណឹងជូនក្រុមហ៊ុនជាមួយនឹងហេតុផលសមស្រប។ ការផ្លាស់ប្តូរនឹងមានសុពលភាព បន្ទាប់ពីក្រុមហ៊ុនបានអនុម័តយល់ព្រម។
១០. ការបន្តកិច្ចសន្យាធានារ៉ាប់រង
១០.១ ឯកសិទ្ធិក្នុងការបន្តសុពលភាពបណ្ណសន្យារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រងអាចបន្តបណ្ណសន្យារ៉ាប់រងនៅខួបនៃបណ្ណសន្យារ៉ាប់រង រហូតដល់អាយុ ៦៩ ឆ្នាំ ឬស្មើនឹងកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដោយគិតយកអាយុណាមួយដែលផុតកំណត់មុន។
១០.២ ការដាក់ឲ្យអនុវត្តឡើងវិញ
ក្នុងករណីដែលផលិតផលបន្ថែមនេះត្រូវបានបញ្ចប់ ដោយសារតែបណ្ណសន្យារ៉ាប់រងមូលដ្ឋានត្រូវបានបញ្ចប់ អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវផលិតផលបន្ថែមនេះ លុះត្រាតែមានការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ជាមួយនឹងភស្តុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។
ក្នុងករណីដែលផលិតផលបន្ថែមនេះត្រូវបានបញ្ចប់ ដោយសារតែមិនមានការបង់បុព្វលាភធានារ៉ាប់រងនៃផលិតផលបន្ថែមនេះក្នុងរយៈពេលអនុគ្រោះ ៣១ ថៃ្ង បន្ទាប់ពីកាលបរិចេ្ឆទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវផលិតផលបន្ថែមនេះ ជាមួយនឹងភស្តុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអនុម័តទទួលយក ឬ បដិសេធនូវសំណើនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។
១១. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង
ផលិតផលបន្ថែមនេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលភ្ជាប់ផលិតផលបន្ថែមនេះអស់សុពលភាព ឬ
២. នៅពេលដែលអត្ថប្រយោជន៍ក្រោមផលិតផលបន្ថែមនេះត្រូវបានបង់រួច (លើកលែងតែការធានារ៉ាប់រងនៅផ្នែក ៤.៣ ត្រង់ចំណុច ៤.៣.៨ - ៤.៣.១៧) ឬ
៣. ប្រសិនបើគ្មានការបង់បុព្វលាភធានារ៉ាប់រងនៃផលិតផលបន្ថែមនេះក្នុងរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថៃ្ង បន្ទាប់ពីកាលបរិចេ្ឆទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង លើកលែងតែមានការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ឬ
៤. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងឈានដល់អាយុ ៧០ ឆ្នាំ ផលិតផលបនែ្ថមនេះនឹងត្រូវបញ្ចប់ នៅកាលបរិច្ឆេទនៃខួបនៃបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។
ការបញ្ចប់ផលិតផលបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងណាមួយដែលកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភធានារ៉ាប់រងវិញ ដោយពុំមានគិត ការប្រាក់។
១២. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង
ក្រុមហ៊ុនអាចលុបចោលផលិតផលបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាង ៣០ ថ្ងៃ ជាមុន ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬ សម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ ភាគរយនៃបុព្វលាភធានារ៉ាប់រងជូនអ្នកត្រូវបានធានារ៉ាប់រង សម្រាប់រយៈពេលដែលនៅសល់។ ក្នុងករណីនេះ ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលផលិតផលបន្ថែមនេះត្រូវបានភ្ជាប់ជាមួយ។ ក្នុងករណីនេះដែរ ការលុបចោលនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន នឹងត្រូវបានអនុវត្តដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិតនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
អ្នកត្រូវបានធានារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ ថ្ងៃជាមុន ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានបំណងចង់លុបចោលការធានារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង ៩០ ភាគរយនៃបុព្វលាភធានារ៉ាប់រងជូនអ្នកត្រូវបានធានារ៉ាប់រង សម្រាប់រយៈពេលដែល នៅសល់។
១៣. ការទាមទារសំណង
១៣.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង
អ្នកដាក់ពាក្យស្នើសុំទាមទារសំណងអាចជាអ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬ អ្នកតំណាងស្របច្បាប់។
១៣.២ នីតិវិធីនៃការផ្ដល់ព័ត៌មាន
១៣.២.១ ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផលចាំបាច់ត្រូវជូនដំណឹងដល់ ក្រុមហ៊ុនក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្រប ដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។ ក្នុងករណីនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃដែល អ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។
អ្នកទទួលផលត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុ សមស្របពីក្រុមហ៊ុន អ្នកទទួលផលត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដែលការចំណាយជាបន្ទុករបស់អ្នកទទួលផល។
អ្នកទទួលផលត្រូវយល់ព្រម និង សហការសម្រាប់ការធ្វើកោសល្យវិច័យលើអ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និង ក្រមសាសនាដែលអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ឬ ភាគីរបស់អ្នកត្រូវបានធានារ៉ាប់រង អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។
១៣.២.២ ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬការបាត់បង់អវយវៈ ឬការបាត់បង់ សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬការបាត់បង់ អវយវៈ ឬការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ អ្នកត្រូវបានធានារ៉ាប់រង ឬភាគីនៃអ្នកត្រូវបានធានារ៉ាប់រងត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬ បន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់បានកើតឡើង និង បញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់វេជ្ជបណ្ឌិត និង ភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង តាមដែលក្រុមហ៊ុនយល់ថាចាំបាច់នៅក្នុងអំឡុងពេលដំណើរការវាយតម្លៃលើការទាមទារសំណង។
១៣.៣ ឯកសារតម្រូវចំពោះករណីទាមទារសំណង
ក. ករណីមរណភាពដោយសារគ្រោះថ្នាក់
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសាររបស់អ្នកទទួលផល ដែលមានបញ្ជាក់ ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាពដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផល ឬ ទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
៧. ច្បាប់ថតចម្លងកំណត់ហេតុអង្កេតគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
៨. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
៩. ឯកសារផ្សេងទៀតដែលតម្រូវដោយក្រុមហ៊ុន ដែលមានហេតុផលសមស្រប។
ខ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬការបាត់បង់អវយវៈ ឬ ការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. បំពេញពាក្យស្នើសុំទាមទារសំណងករណីរបួស/មានជំងឺ
៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៥. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៦. ឯកសារផ្សេងទៀតដែលតម្រូវដោយក្រុមហ៊ុន ដែលមានហេតុផលសមស្រប។
១៣.៤ រយៈពេលអតិបរមានៃការទូទាត់សំណង
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងជូនអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ក្នុងរយៈពេលអតិបរមា ១៤ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ការទាមទារសំណង និង ក្រុមហ៊ុនបានអនុម័តលើការទាមទារសំណង។
១៣.៥ របៀបទូទាត់សំណង
របៀបទូទាត់សំណងមានដូចជា ការទូទាត់សំណងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងទៀត។
១៣.៦ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមផលិតផលបន្ថែមនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ដើម្បីទទួលបាន ផលប្រយោជន៍ក្រោមផលិតផលបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
១៣.៧ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយក្រោមផលិតផលបន្ថែមនេះឡើយ លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃផលិតផលបន្ថែមនេះ។
១៤. ការរក្សាព័ត៌មានសម្ងាត់
រាល់ព័ត៌មានដែលបានផ្ដល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឲ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
១៥. ការផ្សះផ្សាវិវាទ
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកា មជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។
១៦. ដែនយុត្តាធិការ
កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។