សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • បន្ទាប់ពីមរណភាពរបស់អ្នក​ត្រូវបានធានា​អា​យុ​ជីវិតនៅរយៈពេលធានាដោយសារជម្ងឺ ឬ ដោយ​សារ​​​​គ្រោះ​ថ្នាក់ដោយ ចៃដន្យ ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងត្រូវបានបង់ជូនចំនួន ១០០%។

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ០ ឆ្នាំ រហូតដល់ ៨០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងFrom … to … years old
អាយុផុតកំណត់ការធានារ៉ាប់រង…. years old
ចំនួនទឹកប្រាក់ធានារ៉ាប់រងFrom $…..
រយៈពេលនៃការធានារ៉ាប់រង…. to …. years
រយៈពេលបង់បុព្វលាភធានារ៉ាប់រងEqual to policy term (…. to …..)
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

បរិយាយផលិតផល

ផ្នែកទី ១៖ និយមន័យ

“ក្រុមហ៊ុន” មានន័យថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដូចមានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ប្រសិនបើមាន)។

“បណ្ណសន្យារ៉ាប់រង” មានន័យថាបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកដែលត្រូវបានធានាក្នុងកិច្ចសន្យាធានារ៉ាប់រង។

“កិច្ចសន្យាធានារ៉ាប់រង” មានន័យថាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានា ដែលតាមរយៈនោះ ក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពីម្ចាស់បណ្ណសន្យារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រង រួមមានបណ្ណសន្យារ៉ាប់រង បណ្ណសន្យារ៉ាប់រងបន្ថែម វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង សំណើលើការផ្លាស់ប្តូរដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពពីវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ឯកសារទាំងនេះត្រូវចាត់ទុកថា ជាកិច្ចសន្យាធានារ៉ាប់រងរវាងម្ចាស់បណ្ណសន្យារ៉ាប់រង សមាជិកដែលត្រូវបានធានា និងក្រុមហ៊ុន។

“តារាងបណ្ណសន្យារ៉ាប់រង” មានន័យថាតារាងដែលបង្ហាញពីសេចក្តីលំអិតនៃបណ្ណសន្យារ៉ាប់រងត្រូវបានចេញដោយក្រុមហ៊ុនដើម្បីជាឯកសារបន្ថែមលើបណ្ណសន្យារ៉ាប់រងនេះ ហើយនិងត្រូវចាត់ទុកជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមអនុវត្ត។

“ខួបនៃបណ្ណសន្យារ៉ាប់រង” មានន័យថាអំឡុងពេលមួយ (១) ឆ្នាំដែលចាប់ផ្តើមជាមួយកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថាអំឡុងពេលនីមួយៗក្នុងរយៈពេល មួយ (១) ឆ្នាំ ចាប់ផ្តើមពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ ខួបបន្ទាប់នៃបណ្ណសន្យារ៉ាប់រងបន្តបន្ទាប់។

“សមាជិក” មានន័យថាបុគ្គលដែលត្រូវបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់មកជាមួយនេះ។

“សមាជិកដែលមានសិទ្ធិ” មានន័យថាសមាជិក និងបុគ្គលក្នុងបន្ទុក (ប្រសិនបើមាន)ដែលមានសិទ្ធិ អាចចូលរួមក្នុងគម្រោងធានារ៉ាប់រង ក្រោមបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីបានបញ្ចប់រយៈពេលរង់ចាំ (ប្រសិនបើមាន) ដែលបានកំណត់ ហើយមានគុណវុឌ្ឍិគ្រប់គ្រាន់ដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់មកជាមួយនេះ។

“សមាជិកដែលត្រូវបានធានា” មានន័យថា សមាជិកដែលមានសិទ្ធិ ដែលចូលរួមក្នុងគម្រោងធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះដោយអនុលោមតាម ខ ដែលបានចែងក្នុងផ្នែកទី ២ ការចូលរួម។

“កាលបរិច្ឆេទនៃការចូលរួម” មានន័យថាកាលបរិច្ឆេទដែលសមាជិកដែលមានសិទ្ធិ ក្លាយជាសមាជិកដែលត្រូវបានធានានៅក្រោមបណ្ណសន្យារ៉ាប់រងនេះ។

“ការធានារ៉ាប់រងមិនរួមវិភាគទាន” មានន័យថាការធានារ៉ាប់រងដែលម្ចាស់បណ្ណសន្យារ៉ាប់រងបង់ បុព្វលាភរ៉ាប់រងទាំងស្រុង។

“ការធានារ៉ាប់រងរួមវិភាគទាន” មានន័យថាការធានារ៉ាប់រងដែលម្ចាស់បណ្ណសន្យារ៉ាប់រងបង់បុព្វលាភរ៉ាប់រងមួយផ្នែក ហើយសមាជិកដែលត្រូវបានធានាមួយផ្នែកទៀត ឬ ការធានារ៉ាប់រងដែលសមាជិកដែលត្រូវបានធានាបង់ បុព្វលាភរ៉ាប់រងទាំងស្រុង។

១.១ សមាជិកដែលមានសិទ្ធិទាំងអស់ដែលត្រូវបានធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ដូចដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

១.២ សមាជិកដែលមានសិទ្ធិទាំងអស់ នៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព នឹងមានសិទ្ធិចូលរួមក្នុងការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះចាប់តាំងពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព។

១.៣ សមាជិកដែលមានសិទ្ធិទាំងអស់ (និយោជក និងនិយោជិត) ត្រូវតែស្ថិតនៅក្រោមបេឡាជាតិរបបសន្ដិសុខសង្គម(បសស)។

១.៤ សមាជិកដែលមានសិទ្ធិទាំងអស់ (និយោជក និងនិយោជិត) ត្រូវស្ថិតក្នុងស្ថានភាពដែលអាចប្រកបការងារជា លក្ខណៈសកម្ម (actively at work) និង មានសុខភាពល្អ មុននឹងពួកគេមានគុណវុឌ្ឍិអាចចូលរួម។

១.៥ សមាជិកដែលមានសិទ្ធិទាំងឡាយណា (និយោជក និងនិយោជិត) ដែលមិនស្ថិតក្នុងស្ថានភាពដែលអាចប្រកបការងារជាលក្ខណៈសកម្ម (not actively at work) នៅកាលបរិច្ឆេទដែលគាត់គួរនឹងក្លាយជាអ្នកដែលមានសិទ្ធិចូលរួមក្នុងបណ្ណសន្យារ៉ាប់រង នឹងមិនមានសិទ្ធិទេ លុះត្រាតែគាត់ត្រឡប់មកបំពេញការងារជាសកម្មធម្មតា (active service) វិញ និងមានសុខភាពល្អ។

១.៦ បុគ្គលក្នុងបន្ទុក ដែលជា ប្តី/ប្រពន្ធ ឬកូនដែលទទួលស្គាល់ស្របច្បាប់ (ប្រសិនបើមាន) របស់បុគ្គលិកពេញម៉ោងទាំងអស់នៃម្ចាស់ បណ្ណសន្យារ៉ាប់រង អាចចូលរួមក្នុងបណ្ណសន្យារ៉ាប់រងនេះបាន ។

១.៧ បុគ្គលក្នុងបន្ទុកទាំងអស់ ត្រូវមានសុខភាពល្អ និងមិនមានពិការភាព។

១.៨ សមាជិកដែលគ្មានសិទ្ធិនៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព និង សមាជិកថ្មីនឹងមានសិទ្ធិក្នុងការចូលរួមក្នុងបណ្ណសន្យារ៉ាប់រងនេះ នៅថ្ងៃបន្ទាប់ពីការបញ្ចប់រយៈពេលរង់ចាំដែលត្រូវបានកំណត់ និងមានគុណវុឌ្ឍិទាំងអស់ដូចដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

១.៩ សមាជិកដែលការចូលរួមក្នុងបណ្ណសន្យារ៉ាប់រងរបស់ខ្លួនត្រូវបានបញ្ចប់ ហើយដែលបានធ្វើសេចក្តីស្នើសុំចូលរួមសារជាថ្មី នឹងត្រូវចាត់ទុកថាជាសមាជិកថ្មី។

១.១០ រាល់សមាជិក ដែលបំពេញលក្ខខណ្ឌចាំបាច់គ្រប់គ្រាន់ក្នុងការចូលរួមដូចដែលបានកំណត់ក្នុងកថាខណ្ឌ ១.១ ដល់ ១.៩ ខាងលើ ត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងរយៈពេលដែលត្រូវប្រើប្រាស់សិទ្ធិ ដូចដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង ចាប់ពីកាលបរិច្ឆេទដែលគាត់ក្លាយជាអ្នកដែលមានសិទ្ធិ។ បើមិនដូច្នោះទេ គាត់នឹងអាចចាប់ផ្តើមការចូលរួមបាន លុះត្រាតែគាត់បានផ្តល់នូវភស្តុតាងគ្រប់គ្រាន់នៃភាពដែលអាចធានារ៉ាប់រងបានទៅក្រុមហ៊ុន ដែលរាល់ការចំណាយជាបន្ទុករបស់សមាជិក។

១.១១ សមាជិកដែលមានសិទ្ធិម្នាក់ៗ នឹងត្រូវបានធានាក្នុងបណ្ណសន្យារ៉ាប់រងនេះ នៅថ្ងៃដំបូងដែលគាត់មានសិទ្ធិចូលរួមក្នុងបណ្ណសន្យារ៉ាប់រង ប្រសិនបើលក្ខខណ្ឌ ដែលបានកំណត់ក្នុងកថាខណ្ឌទី ១.១០ នៃផ្នែកនេះ ត្រូវបានបំពេញ និង ពាក្យស្នើសុំចុះឈ្មោះដែលបានបំពេញត្រឹមត្រូវពេញលេញត្រូវបានទទួល លើកលែងតែមានការយល់ព្រមផ្សេងពីនេះ ហើយការធានារ៉ាប់រងត្រូវបានបញ្ជាក់ទទួលស្គាល់ពីក្រុមហ៊ុន។

ការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាក្នុងកិច្ចសន្យានេះនឹងបញ្ចប់ដោយស្វ័យប្រវត្តិនៅកាលបរិច្ឆេទដំបូងបំផុតនៃកាលបរិច្ឆេទខាងក្រោម៖

២.១ កាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់
២.២ កាលបរិច្ឆេទដែលសមាជិកដែលត្រូវបានធានាទទួលមរណភាព
២.៣ កាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រង ដែលសមាជិកដែលត្រូវបានធានា នៅក្រោមការធានារ៉ាប់រងរួមវិភាគទាន មិនបង់បុព្វលាភរ៉ាប់រង
២.៤ កាលបរិច្ឆេទចុងក្រោយនៃឆ្នាំបណ្ណសន្យារ៉ាប់រងដែលអាយុសមាជិកដែលត្រូវបានធានាលើសពីអាយុដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង
២.៥ កាលបរិច្ឆេទកំណត់ ដែលសមាជិកដែលត្រូវបានធានា ត្រូវបានដកសិទ្ធិដោយមិនឆ្លើយតបនឹងគុណវុឌ្ឍិដូចដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង

ការធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងក្នុងកិច្ចសន្យានេះនឹងបញ្ចប់ក្នុងករណីដូចខាងក្រោម៖

៣.១ ម្ចាស់បណ្ណសន្យារ៉ាប់រងមិនបង់បុព្វលាភរ៉ាប់រងក្នុងរយៈពេលអនុគ្រោះ។ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់នៅថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ។

៣.២ ក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបន្តបណ្ណសន្យារ៉ាប់រងនៅខួបនៃបណ្ណសន្យារ៉ាប់រងដោយ ផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ហើយបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់នៅខួបនៃបណ្ណសន្យារ៉ាប់រងនេះ។

ក្រុមហ៊ុន នឹងផ្តល់ចំនួនទឹកប្រាក់ដែលត្រូវបានធានា ដែលកំណត់អនុលោមតាមតារាងបណ្ណសន្យារ៉ាប់រង ដល់អ្នកទទួលអត្ថប្រយោជន៍ដែលបានជ្រើសរើសភ្លាមៗ ទៅតាមការកំណត់ខាងក្រោម បន្ទាប់ពីមានភស្តុតាងបញ្ជាក់ត្រឹមត្រូវនូវមរណភាពរបស់សមាជិកដែលត្រូវបានធានាក្នុងទម្រង់មួយក្រុមហ៊ុនអាចទទួលយកបាន។

ចំនួនទឹកប្រាក់ដែលត្រូវបានធានា ដែលលើសពីចំនួនទឹកប្រាក់អតិបរមាដែលអាចធានាដោយមិនចាំបាច់បង្ហាញភស្តុតាង ដូចដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង ឬ ដូចដែលបានកំណត់ម្តងទៀតនៅខួបនៃបណ្ណសន្យារ៉ាប់រង អាចត្រូវបានទទួលយក។ ទាំងអស់នេះ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការទាមទារនូវភស្តុតាងនៃភាពដែលអាចធានាបាន និងសិទ្ធិបដិសេធ ឬកំណត់លក្ខខណ្ឌផ្សេងៗ ដើម្បីទទួលយកនូវការតម្លើងចំនួនទឹកប្រាក់ដែលត្រូវបានធានាដែលលើសពីចំនួនទឹកប្រាក់អតិបរមាដែលអាចធានាដោយមិនចាំបាច់បង្ហាញភស្តុតាង។ ក្នុងករណីដែលមិនមានភស្ដុតាងនៃភាពដែលអាចធានាបានដែលក្រុមហ៊ុនអាចទទួលយកបាន នោះចំនួនទឹកប្រាក់ដែលត្រូវបានធានា នឹងត្រូវកំរិតតាមចំនួនទឹកប្រាក់អតិបរិមាដែលអាចធានាដោយមិនចាំបាច់បង្ហាញភស្តុតាង។

កិច្ចសន្យាធានារ៉ាប់រងនេះ គឺផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានាក្នុងពាក្យស្នើសុំធានារ៉ាប់រង ពាក្យស្នើសុំចុះឈ្មោះរបស់សមាជិកដែលត្រូវបានធានាម្នាក់ៗ ការប្រកាសអំពីសុខភាព និងការប្រកាសបន្ថែមនានាផ្សេងទៀតដែលចុះហត្ថលេខាដោយសមាជិកដែលត្រូវបានធានា និងនៅពេលដែលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនសូមចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រងជូន។

ក្នុងករណីដែលសមាជិកដែលត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬធ្លាប់បានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរ លើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹង អាចនឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទីមួយនៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ៤ នេះទេ។

ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទនៃខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណង ដោយយោងតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះ ត្រូវបានពណ៌នានៅក្រោមផ្នែកស្ដីពី “រូបិយប័ណ្ណ” នៅលើតារាងបណ្ណសន្យារ៉ាប់រង។

ទោះបីជាមានចំនុចផ្ទុយមួយចំនួនដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះក៏ដោយ បណ្ណសន្យារ៉ាប់រងនេះនឹងមិនអាចតវ៉ា ឬមិនអាចប្រកែកបាន លើកលែងតែករណីដែលគ្មានការបង់បុព្វលាភរ៉ាប់រង ឬ ម្ចាស់បណ្ណសន្យារ៉ាប់រងមិនមានអត្ថប្រយោជន៍ដែលអាចធានារ៉ាប់រងបានក្នុងការធានារ៉ាប់រងនេះ បន្ទាប់ពីបណ្ណសន្យាមានសុពលភាពរយៈពេលពីរ (២) ឆ្នាំ ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព។

ការធានារ៉ាប់រងដើមលើសមាជិកដែលត្រូវបានធានា ឬការធានារ៉ាប់រងបន្ថែមបន្តបន្ទាប់នឹងមិនអាចតវ៉ា ឬមិនអាចប្រកែកបាន លើកលែងតែករណីដែលគ្មានការបង់បុព្វលាភរ៉ាប់រង ឬអ្នកដែលត្រូវបានធានាផ្តល់នូវអាយុមិនពិតដែលខុសពីអាយុកំណត់ទៅតាមការអនុវត្តអាជីវកម្ម បន្ទាប់ពីការធានារ៉ាប់រងនេះមានសុពលភាពរយៈពេលពីរ (២) ឆ្នាំ ក្នុងអំឡុងពេលនៃជីវិតរបស់គាត់ ចាប់ពីកាលបរិច្ឆេទនៃការចូលរួម និងកាលបរិច្ឆេទនៃការតម្លើងការធានារ៉ាប់រងជាបន្ដបន្ទាប់នីមួយៗ។

ម្ចាស់បណ្ណរ៉ាប់រងត្រូវផ្តល់ពាក្យសុំចុះឈ្មោះជាបុគ្គលសម្រាប់សមាជិកដែលត្រូវបានធានាម្នាក់ៗ (ប្រសិនបើមាន) ទៅតាមទំរង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។

លើកលែងតែមានការកំណត់ផ្សេងពីនេះ ក្រុមហ៊ុននឹងចេញវិញ្ញាបនបត្រជាបុគ្គល (ប្រសិនបើមាន) ដែលបញ្ជាក់ថាសមាជិកដែលត្រូវបានធានា ទទួលបានការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រង ទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង សម្រាប់ប្រគល់ឲ្យសមាជិកដែលត្រូវបានធានាម្នាក់ៗ។

៧.១ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវរក្សាទុកកំណត់ត្រាដែលទាក់ទងនឹងសមាជិកដែលត្រូវបានធានាម្នាក់ៗក្រោមបណ្ណសន្យារ៉ាប់រងនេះ ដោយបង្ហាញនូវឈ្មោះរបស់សមាជិកដែលត្រូវបានធានា ភេទ អាយុ ឬ ថ្ងៃខែឆ្នាំកំណើត ចំនួនទឹកប្រាក់ដែលត្រូវបានធានា កាលបរិច្ឆេទនៃការចូលរួម កាលបរិច្ឆេទនៃការបញ្ចប់ការធានារ៉ាប់រង ការជ្រើសរើសអ្នកដែលទទួលផលប្រយោជន៍ និងព័ត៌មានដែលពាក់ព័ន្ធផ្សេងៗទៀតដែលមានសារៈសំខាន់ក្នុងការបំពេញលក្ខខណ្ឌរបស់បណ្ណសន្យារ៉ាប់រង។

៧.២ កំហុសសំណេរដែលកើតមានក្នុងកំណត់ត្រា នឹងមិនធ្វើឲ្យអស់សុពលភាពនូវការធានារ៉ាប់រងដែលគួរនឹងមានសុពលភាព ហើយក៏មិនអាចបន្តការធានារ៉ាប់រងដែលគួរតែត្រូវបានបញ្ចប់នោះដែរ ប៉ុន្តែបន្ទាប់ពីរបកគំហើញនៃកំហុសនេះ ត្រូវមានការកែតម្រូវប្រកបដោយសមធម៌។

៧.៣ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវផ្តល់ដល់ក្រុមហ៊ុននូវឯកសារ និងភស្តុតាងទាំងឡាយដែលក្រុមហ៊ុនតម្រូវដោយសមហេតុផល ទាក់ទងនឹងបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាបរងនេះ។ ឯកសារទាំងអស់ដែលត្រូវបានផ្តល់ឲ្យម្ចាស់បណ្ណសន្យារ៉ាប់រងដោយបុគ្គលណាដែលពាក់ព័ន្ធនឹងការធានារ៉ាប់រង និងភស្តុតាងដទៃទៀត ដែលមានផលប៉ះពាល់លើការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបើកឲ្យមានសំរាប់ការត្រួរពិនិត្យដោយក្រុមហ៊ុននៅគ្រប់ពេលដែលសមស្រប។

ក្រុមហ៊ុនមានសិទ្ធិក្នុងការផ្លាស់ប្តូរអត្រានៃការគណនាបុព្វលាភរ៉ាប់រង ៖

៨.១ នៅខួបនៃបណ្ណសន្យារ៉ាប់រង ឬ

៨.២ នៅកាលបរិច្ឆេទដែលលក្ខខណ្ឌ ចំណាត់ថ្នាក់ ចំនួនសមាជិកដែលត្រូវបានធានា ចំនួនទឹកប្រាក់ដែលត្រូវបានធានា ឬ ហានិភ័យ ដែលត្រូវបានផ្លាស់ប្តូរក្នុងកម្រិតណាមួយពីស្ថានភាពដើម ហើយក្រុមហ៊ុនជូនដំណឹងដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជាមុនយ៉ាងហោចណាស់ សាមសិបមួយ (៣១)​ ថ្ងៃ។

ក្នុងលក្ខខណ្ឌណាក៏ដោយ ក្រុមហ៊ុនត្រូវចេញឯកសារគាំទ្រវិសោធនកម្មបញ្ជាក់ពីការផ្លាស់ប្តូរ ដល់ម្ចាស់បណ្ណសន្យារ៉ាប់រង។

ការកែប្រែបុព្វលាភរ៉ាប់រង (បើសិនជាមាន) ត្រូវធ្វើនៅកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រង លើកលែងតែមានការកំណត់ផ្សេងពីនេះ។

បុព្វលាភរ៉ាប់រងត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ដោយអនុលោមតាមរបៀបនៃការបង់បុព្វលាភរ៉ាប់រង ដូចដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង មុន ឬនៅកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រង នៅការិយាល័យកណ្តាល ឬនៅសាខាក្រុមហ៊ុន ឬនៅភ្នាក់ងារពេញសិទ្ធិរបស់ក្រុមហ៊ុន។

បុព្វលាភរ៉ាប់រងដំបូង ត្រូវបង់នៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយបុព្វលាភរ៉ាប់រងបន្តបន្ទាប់នឹងដល់កាលកំណត់ និងត្រូវបង់នៅកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រងដែលកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុននឹងចេញបង្កាន់ដៃផ្លូវការរាល់ការបង់បុព្វលាភរ៉ាប់រង។

ប្រសិនបើក្រុមហ៊ុនអនុញ្ញាតឲ្យផ្លាស់ប្តូរការបង់បុព្វលាភរ៉ាប់រងដោយការបង់បណ្តាក់ក្នុងរយៈពេលតិចជាងមួយ (១) ឆ្នាំ ចំនួនបុព្វលាភរ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាដែលទទួលមរណភាពត្រូវបង់ទៅឲ្យក្រុមហ៊ុន និងមិនទាន់គ្រប់មួយ (១) ឆ្នាំ ត្រូវជាបំណុល ដែលក្រុមហ៊ុននឹងកាត់ពីទឹកប្រាក់ដែលត្រូវទទួលបានបណ្ណសន្យារ៉ាប់រង។

បន្ទាប់ពីកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រងរយៈពេលអនុគ្រោះសាមសិបមួយ (៣១) ថ្ងៃ នឹងត្រូវអនុញ្ញាតសំរាប់ការបង់បុព្វលាភរ៉ាប់រង ដែលម្ចាស់បណ្ណសន្យារ៉ាប់រងមិនទាន់បានបង់ ដែលក្នុងអំឡុងពេលនេះបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាពដដែល។ ប្រសិនបើបុព្វលាភរ៉ាប់រងមិនត្រូវបានបង់មុនការផុតកំណត់នៃរយៈពេលអនុគ្រោះនោះទេ បណ្ណសន្យារ៉ាប់រងនេះនឹងបញ្ចប់ដោយស្វ័យប្រវត្តិ ពីថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ លើកលែងតែម្ចាស់បណ្ណសន្យារ៉ាប់រងផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរជាមុន ដើម្បីបញ្ចប់បណ្ណសន្យារ៉ាប់រងមុនថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះនោះ។ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវទទួលខុសត្រូវលើការបង់បុព្វលាភរ៉ាប់រង ទៅឲ្យក្រុមហ៊ុនក្នុងពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្នុងរយៈពេលអនុគ្រោះ។

បណ្ណសន្យារ៉ាប់រងនេះត្រូវបានចេញឲ្យក្នុងរយៈពេលមួយ (១) ឆ្នាំ ហើយអាចបន្តនៅចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រង​បានក្នុងករណីដែលក្រុមហ៊ុនចេញបង្កាន់ដៃផ្លូវការចំពោះការបង់បុព្វលាភរ៉ាប់រងដែលត្រូវបង់នូវខួបបណ្ណសន្យារ៉ាប់រងបន្ទាប់ ដែលត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង​នៅថ្ងៃផុតកំណត់នោះ។

បន្ទាប់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកទទួលផលប្រយោជន៍ត្រូវជូនដំណឹងទៅក្រុមហ៊ុន ក្នុងរយៈពេលសាមសិប(៣០) ថ្ងៃ​ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់សមាជិកដែលត្រូវបានធានា លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថា មានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០)ថ្ងៃ ចាប់ពីថ្ងៃដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យារ៉ាប់រង។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យសមាជិកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលត្រូវអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ ឬភាគីរបស់សមាជិកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវ នៃបណ្ណសន្យារ៉ាប់រងនេះ។

ក. ក្នុងករណីមរណភាពដោយសារជម្ងឺ៖

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម (ច្បាប់ដើម) (ប្រសិនបើមាន)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ របស់អ្នកទទួលផលប្រយោជន៍ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី

ខ. ករណីមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ រាល់ឯកសារខាងលើ ត្រូវតម្រូវឲ្យមានរួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖

១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

២. ច្បាប់ថតចម្លងរបាយការណ៍ត្រួតពិនិត្យសាកសព ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

១៥.១ ប្រសិនបើសមាជិកដែលត្រូវបានធានាទទួលមរណភាព ការបង់អត្ថប្រយោជន៍ទាំងអស់ ដែលបានកំណត់ក្នុងបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវធ្វើឡើងតាមសំណើជាលាយលក្ខណ៍អក្សររបស់អ្នកដែលទទួលផលប្រយោជន៍ម្នាក់ ឬច្រើននាក់ដែលត្រូវបានជ្រើសរើស ឬតាមសំណើជាលាយលក្ខណ៍អក្សររបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដើម្បីសុំការបង់អត្ថប្រយោជន៍អនុលោមតាមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។

១៥.២ ការបង់អត្ថប្រយោជន៍នានាដល់អ្នកទទួលផលប្រយោជន៍ ជាការជម្រះដែលមានសុពលភាពដែលនឹងធ្វើឲ្យក្រុមហ៊ុនរួចផុតពីការទាមទារសំណង និងការទាមទារដែលពាក់ព័ន្ធផ្សេងៗទៀត។

១៦.១ សមាជិកដែលត្រូវបានធានានីមួយៗ ត្រូវជ្រើសរើសដាក់ឲ្យក្រុមហ៊ុននូវអ្នកទទួលផលប្រយោជន៍ម្នាក់ ឬ ច្រើននាក់ ដែលត្រូវទទួលអត្ថប្រយោជន៍ពីបណ្ណធានារ៉ាប់រងនេះ ក្នុងករណីមរណភាព។ ប្រសិនបើសមាជិកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនបង់អត្ថប្រយោជន៍អនុលោមទៅតាមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។ ប្រសិនបើអ្នកដែលទទួលផលប្រយោជន៍ម្នាក់ ឬ ច្រើននាក់ ទទួលមរណភាពមុន ឬ ទទួលមរណភាពស្របពេលជាមួយនឹងសមាជិកដែលត្រូវបានធានា ហើយសមាជិកដែលត្រូវបានធានាមិនបានបង្ហាញនូវបំណងផ្លាស់ប្តូរអ្នកទទួលអត្ថប្រយោជន៍ នោះអត្ថប្រយោជន៍នឹងត្រូវទូទាត់ ទៅឲ្យទាយាទរបស់សមាជិកដែលត្រូវបានធានា។ ប៉ុន្តែប្រសិនបើមានអ្នកទទួលផលអត្ថប្រយោជន៍ច្រើននាក់ ហើយអ្នកដែលទទួលអត្ថប្រយោជន៍មួយចំនួនទទួលមរណភាពមុន ឬ ទទួលមរណភាពស្របពេលជាមួយនឹងសមាជិកដែលត្រូវបានធានា នោះអត្ថប្រយោជន៍ត្រូវទូទាត់ទៅឲ្យអ្នកដែលទទួលផលប្រយោជន៍ដែលនៅរស់រានមានជីវិតស្មើៗគ្នា ឬតាមសមាមាត្រដែលអ្នកដែលត្រូវបានធានាបានកំណត់ក្នុងពាក្យសុំចុះឈ្មោះ។

១៦.២ សមាជិកដែលត្រូវបានធានាត្រូវមានសិទ្ធិក្នុងការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ដោយផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ការផ្លាស់ប្តូរនេះត្រូវមានប្រសិទ្ធិភាពបន្ទាប់ពីការទទួលនូវការជូនដំណឹងនេះហើយត្រូវទទួលស្គាល់ដោយក្រុមហ៊ុន។

ក្រុមហ៊ុននឹងមិនទូទាត់ទឹកប្រាក់ដែលត្រូវទទួលបានពី បណ្ណសន្យារ៉ាប់រងនេះទេប្រសិនបើ៖

១៧.១ សមាជិកដែលត្រូវបានធានាធ្វើអត្តឃាតដោយចេតនាក្នុងអំឡុងពេលពីរ (២) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទនៃការចូលរួម។ ក្រុមហ៊ុនមានកាតព្វកិច្ចត្រឹមតែបង្វិលនូវបុព្វលាភរ៉ាប់រងដែលបានបង់រួចចំពោះ សមាជិកដែលត្រូវបានធានាដល់ក្រុមហ៊ុន។

១៧.២ អ្នកទទួលផលប្រយោជន៍សម្លាប់សមាជិកដែលត្រូវបានធានាដោយចេតនា។ ក្រុមហ៊ុនមានកាតព្វកិច្ចត្រឹមតែបង្វិលនូវបុព្វលាភរ៉ាប់រងដែលបានបង់នៅឆ្នាំនៃបណ្ណសន្យារ៉ាប់រង សំរាប់សមាជិកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន។

ប្រសិនបើមានអ្នកទទួលផលប្រយោជន៍ច្រើនជាងម្នាក់ ក្រុមហ៊ុនអាចទូទាត់ទឹកប្រាក់សមាមាត្រ ទៅដល់អ្នកទទួលផលប្រយោជន៍ម្នាក់ ឬ ច្រើននាក់ ដែលមិនបានចូលរួមក្នុងការសម្លាប់សមាជិកដែលត្រូវបានធានាដោយចេតនា បន្ទាប់ពីកាត់ចេញនូវចំណែកអ្នកដែលសម្លាប់សមាជិកដែលត្រូវបានធានា និង ដែលគ្មានសិទ្ធិទទួលបាននូវចំណែករបស់ខ្លួន។ ក្រុមហ៊ុននឹងមិនបង្វិលបុព្វលាភរ៉ាប់រងទាំងអស់ដែលពាក់ព័ន្ធនឹងចំណែកនេះទេ។

១៨.១ ប្រសិនបើអាយុ ឬថ្ងៃខែឆ្នាំកំណើត ឬព័ត៌មានពាក់ព័ន្ធដទៃទៀតដែលទាក់ទងនឹងសមាជិកដែលត្រូវបានធានានឹងត្រូវបានបញ្ជាក់ថាបានប្រកាសមិនត្រឹមត្រូវ ហើយប្រសិនបើការប្រកាសមិនត្រឹមត្រូវនោះប៉ះពាល់ដល់មាត្រដ្ឋាននៃអត្ថប្រយោជន៍ ឬមានការប៉ះពាល់ដល់ ខ និង លក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ អាយុពិត និងព័ត៌មានពិត នឹងត្រូវបានប្រើប្រាស់ក្នុងការសំរេចថាតើការធានារ៉ាប់រងនៅមានសុពលភាពក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ និងអត្ថប្រយោជន៍ដែលត្រូវបង់ពីបណ្ណសន្យារ៉ាប់រង ហើយត្រូវមានការកែតម្រូវប្រកបដោយសមធម៌ទៅលើបុព្វលាភរ៉ាប់រង។

១៨.២ នៅពេលដែលការប្រកាសអាយុមិនពិត ធ្វើឲ្យសមាជិកដែលត្រូវបានធានា ដែលគួរតែគ្មានសិទ្ធិសំរាប់ការធានាឬគួរតែត្រូវបានដកសិទ្ធិពីការធានា បែរជាត្រូវបានធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងបង្វិលនូវបុព្វលាភរ៉ាប់រងដែលបានបង់ ចំពោះសមាជិកដែលត្រូវបានធានានោះ។

ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រងនេះ គូភាគីវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់រវាងគ្នាផ្អែកតាមការចរចារ និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ វិវាទនោះនឹងត្រូវដោះស្រាយដោយមជ្ឈត្តការ ឬ ដោយប្រព័ន្ធតុលាការ។

ករណីលើកលែងចំពោះទឹកប្រាក់ទាមទារសម្រាប់ករណីមរណភាព

ការទាមទារសំណងករណីមរណភាព ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬ ការប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថា មានស្មារតីប្រក្រតី ឬ មិនប្រក្រតីនោះឡើយ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ

ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់សមាជិកអ្នកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ

គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។

ប្រសិនបើការទាមទារសំណងករណីមរណភាព របស់សមាជិកអ្នកដែលត្រូវបានធានាបណ្ដាលមកពី ករណីលើកលែងទាំងនេះពីចំនុច ក ទៅ គ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូន ទៅឲ្យទាយាទ របស់សមាជិកអ្នកដែលត្រូវបានធានា តែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ក្រុមហ៊ុន មានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។