
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- បង់បុព្វលាភធានារ៉ាប់រងរយៈពេល ១០ ឆ្នាំ តែទទួលបានការការពាររយៈពេល ១៥ ឆ្នាំ ។
- ទទួលបាន ២០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ឬពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ (១)
- ទទួលបាន ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ់ាប់រងនៅមានជីវិតរហូតដល់ដំណាច់ឆ្នាំទី ១៥ ។ (២)
- ទទួលបានទឹកប្រាក់បន្ថែម ៥% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នៅរៀងរាល់ ៥ ឆ្នាំម្តង។ (២)
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១៥ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ១០ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១៥ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ១០ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
ចំណាំ
(១) បណ្ណសន្យាធានារ៉ាប់រងនេះ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ត្រូវបានទូទាត់រួច។
(១) បណ្ណសន្យារ៉ាប់ររងនេះ នឹងត្រូវបញ្ចប់នៅពេលអ្នកធានារ៉ាប់រងមានអាយុ ៧១ ឆ្នាំ។
(២) អត្ថប្រយោជន៍នេះ នឹងត្រូវផ្តល់ជូនប្រសិនបើ មិនមានការទាមទារសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ណាមួយកើតឡើងនៅអំឡុងនៃរយៈពេលធានារ៉ាប់រង។
បរិយាយផលិតផល
១. និយមន័យ
“ក្រុមហ៊ុន” មានន័យថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដូចមានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។
“បណ្ណសន្យារ៉ាប់រង” មានន័យថាបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកដែលត្រូវបានធានាក្នុងកិច្ចសន្យាធានារ៉ាប់រង។
“កិច្ចសន្យាធានារ៉ាប់រង” មានន័យថាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកដែលត្រូវបានធានា ដែលតាមរយៈនោះ ក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពីអ្នកដែលត្រូវបានធានា។ កិច្ចសន្យាធានារ៉ាប់រង រួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត សន្យារ៉ាប់រងបន្ថែម ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង សំណើលើការផ្លាស់ប្តូរដែលចុះហត្ថលេខាដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពពីវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ឯកសារទាំងនេះត្រូវចាត់ទុកថា ជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។
“អ្នកដែលត្រូវបានធានា” មានន័យថា បុគ្គលដែលចាត់ទុកថាអ្នកដែលត្រូវបានធានានៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬ ឯកសារ ភ្ជាប់ផ្សេងៗ ដែលត្រូវបានធានាស្ថិតក្រោមកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភរ៉ាប់រង” មានន័យថាជាចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានាត្រូវបង់ទៅឲ្យក្រុមហ៊ុនតាមការកំណត់របស់ក្រុមហ៊ុន។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅទៅលើឯកសារដែលចេញដោយក្រុមហ៊ុន បញ្ជាក់ថាអ្នកដែលត្រូវបានធានាពិតជាបានទិញធានារ៉ាប់រងពីក្រុមហ៊ុនពិតប្រាកដមែន។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមអនុវត្ត។
“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថាអំឡុងពេលនីមួយៗក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬកាលបរិច្ឆេទនៅពេលដល់ខួប។
“តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង” មានន័យថាទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ទៅឲ្យអ្នកដែលត្រូវបានធានា ដែលបោះបង់បណ្ណសន្យារ៉ាប់រងអាយុជីវិត (ប្រសិនបើមាន)។
“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលផលទាំងនោះមិនមែនកើតឡើង ដោយចេតនា ឬការប្តេជ្ញាចិត្តរបស់អ្នកដែលត្រូវបានធានា។
“ការរងរបួស” មានន័យថា របួសរាងកាយ ដែលបង្កឡើងដោយផ្ទាល់ ដោយគ្រោះថ្នាក់ផ្សេងៗ ដោយឡែក និងឯករាជ្យពីមូលហេតុ ផ្សេងៗទៀត។
“អ្នកទទួលផលប្រយោជន៍” មានន័យថា បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផលប្រយោជន៍ របស់អ្នកដែលត្រូវបានធានា យោងតាមកិច្ចសន្យាធានារ៉ាប់រង និងជាបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ផ្សេងៗ ស្ថិតក្រោមបណ្ណ សន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកដែលត្រូវបានធានាទទួលមរណភាព។
“ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍” មានន័យថាអ្នកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ ហើយ (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលការវិភាគកោសល្យវិច័យត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
២. ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងនេះ គឺផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកដែលត្រូវបានធានាក្នុងពាក្យស្នើសុំធានារ៉ាប់រង ការប្រកាសអំពីសុខភាព និងការប្រកាសបន្ថែមនានាផ្សេងទៀតដែលចុះហត្ថលេខាដោយអ្នកដែលត្រូវបានធានា និងនៅពេលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនសូមចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រងជូន។
ក្នុងករណីដែលអ្នកដែលត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬធ្លាប់បានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរ លើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងនឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។
ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងប្រការនៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ២ នោះទេ។
ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទដល់ខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណង ដោយយោងតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។
៣. ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៤. រូបិយបណ្ណ
ចំណុចនេះ ត្រូវបានពិពណ៌នានៅក្រោមផ្នែកស្តីពី “រូបិយបណ្ណ” នៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។
៥. លក្ខខណ្ឌមិនអាចតវ៉ាបាននៃកិច្ចសន្យាធានារ៉ាប់រង
លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីភាពពេញលេញនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬប្រសិនបើបណ្ណសន្យារ៉ាប់រងត្រូវយកមកអនុវត្តឡើងវិញ ដែលគិតចាប់ពីកាលបរិច្ឆេទនៃការអនុវត្តចុងក្រោយ លើកលែងតែករណីអ្នកដែលត្រូវបានធានាមិនមានអត្ថប្រយោជន៍ដែលអាចធានាបានក្នុងការធានារ៉ាប់រងនេះ ឬបានប្រកាសមិនពិតពីអាយុរបស់អ្នកដែលត្រូវបានធានាស្ថិតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។
៦. សិទ្ធិ និងការអនុវត្តសិទ្ធិក្រោមបណ្ណសន្យារ៉ាប់រង
សិទ្ធិ និងការអនុវត្តសិទ្ធិតាមបណ្ណសន្យារ៉ាប់រងនេះ ត្រូវចាត់ទុកថាជាសិទ្ធិផ្តាច់មុខរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានការកំណត់ផ្សេងពីការផ្ទេរសិទ្ធិទៅឲ្យបុគ្គលផ្សេង។
រាល់ការផ្ទេរសិទ្ធិ និងការអនុវត្តសិទ្ធិដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រងទៅឲ្យបុគ្គលផ្សេង ត្រូវធ្វើឡើងដោយមានការអនុញ្ញាត ពីក្រុមហ៊ុនជាមុន ដោយមានលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរ។
៧. ពាក្យស្នើសុំធានារ៉ាប់រង
អ្នកដែលត្រូវបានធានា ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។
៨. អ្នកទទួលផលប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រង
អ្នកដែលត្រូវបានធានាមានសិទ្ធិកំណត់អ្នកទទួលផលប្រយោជន៍ និងបន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា ក្រុមហ៊ុនគួរតែបង់អត្ថប្រយោជន៍ផ្សេងៗដូចមានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបញ្ជាក់ពីអ្នកទទួលផលប្រយោជន៍ នោះអត្ថប្រយោជន៍ទាំងអស់នឹងត្រូវបង់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។
ប្រសិនបើមានតែអ្នកទទួលផលប្រយោជន៍តែម្នាក់ដែលបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍នោះទទួលមរណភាពមុនអ្នកដែលត្រូវបានធានា ឬក្នុងពេលជាមួយគ្នា អ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុន នៅពេលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។
ប្រសិនបើមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍ម្នាក់ ក្នុងចំណោមអ្នកទទួលផលប្រយោជន៍ទាំងអស់ទទួលមរណភាពមុនអ្នកដែលត្រូវបានធានា អ្នកដែលត្រូវបានធានាត្រូវជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ផ្សេងៗ ទៅអ្នកទទួលផលប្រយោជន៍ផ្សេងទៀតដែលនៅរស់រានមានជីវិតទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរ។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកទទួលផលប្រយោជន៍ទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសេសសល់របស់អ្នកទទួលផលប្រយោជន៍ដែលបានទទួលមរណភាព ទៅអ្នកទទួលផលប្រយោជន៍ផ្សេងៗទៀតដែលនៅរស់នូវចំនួនស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។
៩. ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍
ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍ គឺជា ឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬកូនរបស់អ្នកដែលត្រូវបានធានា ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃអ្នកដែលត្រូវបានធានាបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលប្រយោជន៍ដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នោះជាមុន។
ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍មិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬកូនរបស់អ្នកដែលត្រូវបានធានាទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។
១០. ការធ្វើឃាតដោយចេតនាពីអ្នកទទួលផលប្រយោជន៍
ប្រសិនបើអ្នកដែលត្រូវបានធានាត្រូវបានសម្លាប់ដោយចេតនា ដោយអ្នកទទួលផលប្រយោជន៍ ក្រុមហ៊ុននឹងបង់តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងទៅឲ្យទាយាទស្របច្បាប់របស់អ្នកដែលត្រូវបានធានា។ ផ្ទុយទៅវិញ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រង មិនទាន់មានតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង នោះក្រុមហ៊ុននឹងប្រគល់ជូនវិញទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្តែងសរុបដែលបានបង់រួចហើយតែប៉ុណ្ណោះ។
ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍មានលើសពីម្នាក់ ប្រសិនបើអ្នកទទួលផលប្រយោជន៍ណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនា លើអ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ត្រូវបានធានាទៅឲ្យអ្នកទទួលផលប្រយោជន៍ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់ចេញនូវចំណែកត្រូវទទួលបានរបស់អ្នកទទួលផលប្រយោជន៍ដែលបានប្រព្រឹត្តនូវអំពើឃាតកម្ម ។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ទាំងអស់ដែលជាផ្នែកនៃបុព្វលាភរ៉ាប់រងឡើយ។
នៅពេលប្រគល់បុព្វលាភរ៉ាប់រង ឬតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងក្នុងករណីឃាតកម្មដោយអ្នកទទួលផលប្រយោជន៍ ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់តាមបណ្ណសន្យារ៉ាប់រងនេះ។
១១. វិសោធនកម្មបណ្ណសន្យារ៉ាប់រង
រាល់ការធ្វើវិសោធនកម្មបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលនូវវិសោធនកម្មនោះ និងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬ ក៏ចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ដោយ អ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
១២. ការប្រកាសមិនត្រឹមត្រូវអំពីអាយុ និងភេទ
ប្រសិនបើអ្នកដែលត្រូវបានធានាបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនប្រមូលបុព្វលាភរ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមកម្រិតនៃការធានាដែលបុព្វលាភរ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីអ្នកដែលត្រូវបានធានាបង់បុព្វលាភរ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងដែលលើសជូនវិញ។
ប្រសិនបើក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា នៅពេលបញ្ចប់កិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់អ្នកដែលត្រូវបានធានា សិ្ថតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងត្រូវបានចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងជូនវិញ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (បើមាន) ទៅឲ្យអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ក្នុងករណីណាមួយក៏ដោយ ដែលអាចនឹងកើតឡើង។
១៣. ការបង់បុព្វលាភរ៉ាប់រង
បុព្វលាភរ៉ាប់រងត្រូវបង់នៅមុន ឬ នៅកាលបរិច្ឆេទ ដែលត្រូវបង់ ដោយរបៀបនៃការបង់មាន ជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬ ភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬមធ្យោបាយបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកដែលត្រូវបានធានា និង ក្រុមហ៊ុន។ ក្រុមហ៊ុននឹងចេញបង្កាន់ដៃទទួលប្រាក់បញ្ជាក់ពីការបានបង់បុព្វលាភរ៉ាប់រងទុកជាភស្តុតាង។
ក្នុងករណីដែលក្រុមហ៊ុនយល់ព្រមឲ្យបង់បុព្វលាភរ៉ាប់រង តាមរបៀបផ្សេងៗនៃការបង់បុព្វលាភ លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភរ៉ាប់រងដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុនត្រូវចាត់ទុកជាបំណុល ហើយក្រុមហ៊ុនមានសិទ្ធិកាត់យកពីចំនួនទឹកប្រាក់ដែលបានបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
អ្នកដែលត្រូវបានធានាអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រងតាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភ រ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពអំពីការផ្លាស់ប្តូរនោះ។
ការបង់បុព្វលាភរ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភរ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យា មូលប្បទានបត្រ រូបិយាណត្តិ ឬ តាមរយៈមធ្យោបាយផ្សេងៗ នឹងត្រូវចាត់ទុកថាបានបង់នៅពេលដែលទឹកប្រាក់នោះអាចដកជាសាច់ប្រាក់បាន។
១៤. រយៈពេលអនុគ្រោះ
នៅពេលដែលអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រង នៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុនអនុញ្ញាត ឲ្យរយៈពេលសាមសិបមួយ (៣១) ថ្ងៃបន្ថែមទៀត ដែលជារយៈពេលអនុគ្រោះ គិតចាប់ពីកាលបរិច្ឆេទនៃការបង់បុព្វលាភរ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាពក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភរ៉ាប់រងដែលនៅជំពាក់តាមឆ្នាំដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រង ពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ តាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។
១៥. ការផុតសុពលភាព
ប្រសិនបើអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រង ក្នុងរយៈពេលអនុគ្រោះដូចមានចែងក្នុង ប្រការ ១៤ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពអាស្រ័យលើកាលបរិច្ឆេទដែលត្រូវបង់ប្រាក់។ ទោះជាយ៉ាងណា ក្រុមហ៊ុន នឹងបង់តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ជូនអ្នកដែលត្រូវបានធានាក្នុងករណីផុតសុពលភាព។ លើកលែងតែ ក្នុងករណីដែលមានប្រការផ្សេងទៀតដែលអាចមានសុពលភាពអនុវត្ត មានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ។
១៦. ការបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ
ក្នុងអំឡុងពេលពីរ (២) ឆ្នាំក្រោយពីការផុតសុពលភាព ហើយតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនទាន់បានធ្វើការទូទាត់ នោះអ្នកដែលត្រូវបានធានាអាចធ្វើការបន្តបណ្ណសន្យារ៉ាប់រងដូចខាងក្រោម៖
របៀបទី ១ ៖ ត្រូវទូទាត់ថ្លៃយឺតយ៉ាវទាំងស្រុង និងអត្រាការប្រាក់ដែលបានបង្គរទុក ដែលស្មើនឹងអត្រាការប្រាក់វាយតម្លៃ (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ ។
របៀបទី ២ ៖ ការផ្លាស់ប្តូរកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឲ្យត្រូវជាមួយនឹងរយៈពេលផុតសុពលភាព។ សម្រាប់ការជ្រើសរើសរបៀបទី ២ នេះ អ្នកដែលត្រូវបានធានាត្រូវបង់ថ្លៃបុព្វលាភរ៉ាប់រងថ្មី ដោយយោងតាមអាយុរបស់អ្នកដែលត្រូវបានធានា នៅកាលបរិច្ឆេទសុពលភាពថ្មី។
ដើម្បីបន្តបណ្ណសន្យារ៉ាប់រង អ្នកដែលត្រូវបានធានាត្រូវអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖
១. ធ្វើលិខិតស្នើសុំបន្តជាលាយលក្ខណ៍អក្សរ ដោយប្រើទម្រង់ដែលផ្តល់ដោយក្រុមហ៊ុន
២. ដាក់ឯកសារដែលបញ្ជាក់ថា អ្នកដែលត្រូវបានធានាពិតជាមានសុខភាពល្អ និងស្ថិតក្នុងលក្ខខណ្ឌដែលអាចធានាបាន។ អ្នកដែលត្រូវបានធានាត្រូវទទួលខុសត្រូវក្នុងការចំណាយដើម្បីទទួលបានឯកសារនេះ។
៣. ធ្វើការសងរាល់បំណុលទាំងអស់ទៅក្រុមហ៊ុន (ប្រសិនបើមាន) ជាមួយនឹងការប្រាក់ដែលបានបង្គរទុក ដូចមានបញ្ជាក់នៅក្នុងបណ្ណសន្យារ៉ាប់រង។
ការបន្តនេះនឹងមានសុពលភាពនៅពេលដែលក្រុមហ៊ុនអនុម័តទទួលយក។
១៧. ការបោះបង់បណ្ណសន្យារ៉ាប់រង
អ្នកដែលត្រូវបានធានាមានសិទ្ធិបញ្ចប់កិច្ចសន្យាដោយបោះបង់បណ្ណសន្យារ៉ាប់រង និងទទួលយកតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង ដោយយោងទៅតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង និងអត្ថប្រយោជន៍ដែលមានសិទ្ធិត្រូវទទួលបាន (បើមាន)។
ទោះជាយ៉ាងណា ការបញ្ចប់បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចប់សព្វគ្រប់ លុះត្រាតែក្រុមហ៊ុនផ្តល់ការយល់ព្រមលើការស្នើសុំបញ្ចប់នេះជាលាយលក្ខណ៍អក្សរ។
១៨. កម្ចីបុព្វលាភរ៉ាប់រងស្វ័យប្រវត្តិ
ប្រសិនបើអ្នកដែលត្រូវបានធានា ខកខានក្នុងការបង់បុព្វលាភរ៉ាប់រងក្រោយពីរយៈពេលអនុគ្រោះផុតកំណត់ កម្ចីបណ្ណសន្យារ៉ាប់រងនឹងត្រូវយកពីតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ដើម្បីបង់បុព្វលាភរ៉ាប់រង ប្រតិបត្តិការនេះនឹងត្រូវបន្តរហូតដល់តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងនៅសល់តិចជាងចំនួន បុព្វលាភរ៉ាប់រង ក្នុងករណីនេះបណ្ណសន្យារ៉ាប់រងត្រូវផុតសុពលភាព។ ករណីនេះ ក្រុមហ៊ុននឹងគិតការប្រាក់កម្ចី ស្មើនឹងអត្រាការប្រាក់វាយតម្លៃ (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។
ក្នុងករណីដែលតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនគ្រប់គ្រាន់ក្នុងការបង់ចំនួនបុព្វលាភរ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ក្រុមហ៊ុននឹងកែប្រែរបៀបនៃការបង់បុព្វលាភរ៉ាប់រង ដើម្បីឲ្យទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងនៅសល់គ្រប់គ្រាន់សម្រាប់កាត់កងបុព្វលាភរ៉ាប់រង។
១៩. ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាព លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យារ៉ាប់រង។
អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬ ភស្តុតាងផ្លូវការ ដែលបញ្ជាក់ពី មរណភាពរបស់អ្នកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់អ្នកទទួលផលប្រយោជន៍។
អ្នកទទួលផលប្រយោជន៍ត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យអ្នកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ប្រយោជន៍ ឬ ភាគីរបស់អ្នកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។
២០. ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែល ត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬនៅថ្ងៃដែលគ្រោះថ្នាក់បានកើតឡើង និងដាក់ភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុនដែលការចំណាយទាំងនោះគឺជាបន្ទុករបស់អ្នកដែលត្រូវបានធានា។ ក្នុងករណីអាក់ខានមិនបានជូនដំណឹងមកក្រុមហ៊ុន អ្នកដែលត្រូវបានធានាត្រូវបង្ហាញភស្តុតាង ឬមូលហេតុសមហេតុផលណាមួយដែលអាចទទួលយកបានមកក្រុមហ៊ុន ដើម្បីបញ្ជាក់ពីភាពអាក់ខាននោះ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយនៃអ្នកដែលត្រូវបានធានា ដែលខ្លួនយល់ថាចាំបាច់ ក្នុងអំឡុងពេលវាយតម្លៃ លើការទាមទារសំណង។
២១. ឯកសារតម្រូវចំពោះករណីបោះបង់បណ្ណសន្យារ៉ាប់រង និងការទាមទារសំណង
ក. ករណីបោះបង់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង
១. បំពេញពាក្យស្នើសុំលុបបណ្ណសន្យារ៉ាប់រង
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
ខ. ករណីមរណភាពដោយសារជំងឺ
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ របស់អ្នកទទួលផលប្រយោជន៍ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬទាយាទដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
ករណីមរណភាពដោយគ្រោះថ្នាក់ដោយចៃដន្យ រាល់ឯកសារខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖
១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
២. ច្បាប់ថតចម្លងរបាយការណ៍ត្រួតពិនិត្យសាកសព ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
គ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលត្រូវបានធានា ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។
២២. ករណីលើកលែង
ករណីលើកលែងចំពោះទឹកប្រាក់ទាមទារសំណងសម្រាប់ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
សំណងករណីមរណភាពឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តីមិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថា មានស្មារតីប្រក្រតី ឬមិនប្រក្រតីនោះឡើយ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់បន្តសុពលភាព បណ្ណសន្យារ៉ាប់រងឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ
គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។
ការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកដែលត្រូវបានធានាបណ្ដាលមកពីករណីលើកលែងទាំងនេះ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដីក្នុងករណីពី ក ទៅ គ នោះក្រុមហ៊ុននឹងប្រគល់ជូនវិញទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
២៣. ការដោះស្រាយវិវាទ
ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រង គូភាគីវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់រវាងគ្នា ដោយផ្អែកតាមការចរចារដោយសន្តិវិធី និងការផ្សះផ្សារវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបាន វិវាទនោះត្រូវដោះស្រាយដោយមជ្ឈត្តការ ឬ ដោយប្រព័ន្ធតុលាការ។
២៤. រយៈពេលពិចារណាចុងក្រោយ
អ្នកដែលត្រូវបានធានាមានសិទ្ធិសម្រេចក្នុងហេតុផលណាមួយក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រង ជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលម្ភៃមួយ (២១) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានផ្ញើបណ្ណសន្យារ៉ាប់រងនេះទៅអ្នកដែលត្រូវបានធានា។ ប្រសិនបើត្រឡប់មកវិញ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចាត់ទុកជាមោឃៈតាំងពីដើមដំបូង។ ក្រុមហ៊ុននឹងធ្វើការបង្វិលបុព្វលាភរ៉ាប់រងដែលបានបង់រួចជូនវិញ ដោយកាត់កងថ្លៃពិនិត្យសុខភាពជាក់ស្តែង និងបំណុល (បើមាន) ដែលអ្នកត្រូវបានធានាជំពាក់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការយកថ្លៃប្រតិបត្តិការសេវាកម្មនេះ។
អ្នកដែលត្រូវបានធានាដែលបានទាមទារអត្ថប្រយោជន៍ផ្នែកណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះឡើយ។