
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ទទួលបាននូវចំនួនទឹកប្រាក់ធានារ៉ាប់រង ដែលត្រូវបានរំលស់ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ បណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្តល់សំណងនៃចំនួនទឹកប្រាក់ធានារ៉ាប់រង ទៅឲ្យអ្នកទទួលផលប្រយោជន៍
- ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែដំណើរការ
- ភាពងាយស្រួល និង បត់បែនក្នុងការបង់បុព្វលាភ
- បង់បុព្វលាភរយៈពេលខ្លី ទទួលបានការការពាររយៈពេលវែង
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៦៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៥០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ៥ ទៅ ៣០ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
បរិយាយផលិតផល
១. និយមន័យ
“ក្រុមហ៊ុន” មានន័យថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដូចមានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។
“បណ្ណសន្យារ៉ាប់រង” មានន័យថាបណ្ណសន្យារ៉ាប់រងអាយុជីវិត។
“កិច្ចសន្យាធានារ៉ាប់រង” បណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត សន្យារ៉ាប់រងបន្ថែម ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង សំណើលើការផ្លាស់ប្តូរដែលចុះហត្ថលេខាដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពពីវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ឯកសារទាំងនេះត្រូវចាត់ទុកថា ជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។
“អ្នកដែលត្រូវបានធានា” មានន័យថា បុគ្គលដែលចាត់ទុកថាអ្នកដែលត្រូវបានធានានៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬ ឯកសារ ភ្ជាប់ផ្សេងៗ ដែលត្រូវបានធានាស្ថិតក្រោមកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភធានារ៉ាប់រង” មានន័យថា ចំនួនទឹកប្រាក់ដែលបានបង់ជូនក្រុមហ៊ុនដោយអ្នកដែលត្រូវបានធានា ដែលជាតម្លៃតបស្នងលើ កាតព្វកិច្ចដែលកំណត់ដោយក្រុមហ៊ុន។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅទៅលើឯកសារដែលចេញដោយក្រុមហ៊ុន បញ្ជាក់ថាអ្នកដែលត្រូវបានធានាពិតជាបានទិញធានារ៉ាប់រងពីក្រុមហ៊ុនពិតប្រាកដមែន។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមអនុវត្ត។
“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថាអំឡុងពេលនីមួយៗក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬកាលបរិច្ឆេទនៅពេលដល់ខួប។
“ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលត្រូវបានរំលស់” សំដៅដល់ចំនួនទឹកប្រាក់សរុប ដែលក្រុមហ៊ុននឹងបង់ទៅឲ្យអ្នកដែលត្រូវបានធានា ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង ដូចមានបញ្ជាក់នៅក្នុងតារាងនៃចំនួនទឹកប្រាក់រំលស់ដែលត្រូវបានធានារបស់ បណ្ណសន្យារ៉ាប់រងនេះ។
“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលផលទាំងនោះមិនមែនកើតឡើង ដោយចេតនា ឬការប្តេជ្ញាចិត្តរបស់អ្នកដែលត្រូវបានធានា។
“ការរងរបួស” មានន័យថា របួសរាងកាយ ដែលបង្កឡើងដោយផ្ទាល់ ដោយគ្រោះថ្នាក់ផ្សេងៗ ដោយឡែក និងឯករាជ្យពីមូលហេតុ ផ្សេងៗទៀត។
“អ្នកទទួលផលប្រយោជន៍” មានន័យថា បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផលប្រយោជន៍ របស់អ្នកដែលត្រូវបានធានា យោងតាមកិច្ចសន្យាធានារ៉ាប់រង និងជាបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ផ្សេងៗ ស្ថិតក្រោមបណ្ណ សន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកដែលត្រូវបានធានាទទួលមរណភាព។
“អ្នកទទួលផលប្រយោជន៍ទីមួយ” សំដៅដល់នីតិបុគ្គលម្នាក់ដែលជាអ្នកផ្ដល់កម្ចី។
“អ្នកទទួលផលប្រយោជន៍ទីពីរ” សំដៅដល់បុគ្គលម្នាក់ដែលត្រូវបានបញ្ជាក់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកដែលត្រូវបានធានា ឲ្យក្លាយជាអ្នកទទួលផលប្រយោជន៍ម្នាក់ ដោយយោងតាមកិច្ចសន្យាធានារ៉ាប់រង ដែលនឹងទទួលបានអត្ថប្រយោជន៍នានាដែលត្រូវបង់ឲ្យ ដោយយោងតាមបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីកាត់ចំនួនទឹកប្រាក់ដែលត្រូវបង់ទៅឲ្យអ្នកទទួលផលប្រយោជន៍ទីមួយ (បើមាន)។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” មានន័យថា អ្នកដែលត្រូវបានធានា បាត់បង់ទាំងស្រុង មិនអាចកម្រើកជាអចិន្ត្រៃយ៍ ឬមិនអាចស្រោចស្រង់វិញបានជាអចិន្រ្តៃយ៍នូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃ កដៃ ហើយ (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
២. ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងនេះ គឺផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកដែលត្រូវបានធានា ក្នុងពាក្យស្នើសុំធានារ៉ាប់រង ការប្រកាសអំពីសុខភាព និងការប្រកាសបន្ថែមនានាផ្សេងទៀតដែលចុះហត្ថលេខាដោយអ្នក ដែលត្រូវបានធានា និងនៅពេលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនសូម ចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រងជូន។
ក្នុងករណីដែលអ្នកត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬធ្លាប់បានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងនឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។
ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាស ធ្វើឡើងដោយអ្នកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងប្រការនៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ២ នោះទេ។
ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទ ដល់ខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណង ដោយយោងតាម លក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែ ក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង/សន្យារ៉ាប់រងបន្ថែម។
៣. ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៤. រូបិយបណ្ណ
ចំណុចទាំងនេះ ត្រូវបានពិពណ៌នានៅក្រោមផ្នែកស្តីពី “រូបិយបណ្ណ” នៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។
៥. លក្ខខណ្ឌមិនអាចតវ៉ាបាននៃកិច្ចសន្យាធានារ៉ាប់រង
លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីភាពពេញលេញនៃកិច្ច សន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬប្រសិនបើបណ្ណសន្យារ៉ាប់រងត្រូវយកមកអនុវត្តឡើងវិញ ដែលគិតចាប់ពីកាលបរិច្ឆេទនៃការអនុវត្តចុងក្រោយ លើកលែងតែ ករណីអ្នកដែលត្រូវបានធានាមិនមានអត្ថប្រយោជន៍ដែលអាចធានាបានក្នុងការធានារ៉ាប់រងនេះ ឬបានប្រកាសមិនពិតពីអាយុ របស់អ្នកដែលត្រូវបានធានាស្ថិតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។
៦. សិទ្ធិ និងការប្រើប្រាស់សិទ្ធិស្ថិតក្រោមបណ្ណសន្យារ៉ាប់រង
សិទ្ធិ និងការអនុវត្តសិទ្ធិតាមបណ្ណសន្យារ៉ាប់រងនេះ ត្រូវចាត់ទុកថាជាសិទ្ធិផ្តាច់មុខរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានការកំណត់ផ្សេងពីការផ្ទេរសិទ្ធិទៅឲ្យបុគ្គលផ្សេង។
រាល់ការផ្ទេរសិទ្ធិ និងការអនុវត្តសិទ្ធិដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រងទៅឲ្យបុគ្គលផ្សេង ត្រូវធ្វើឡើងដោយមានការអនុញ្ញាត ពីក្រុមហ៊ុនជាមុន ដោយមានលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរ។
៧. ពាក្យស្នើសុំធានារ៉ាប់រង
អ្នកដែលត្រូវបានធានា ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់របស់ក្រុមហ៊ុន។
៨. អ្នកទទួលផលប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រង
អ្នកដែលត្រូវបានធានាមានសិទ្ធិកំណត់អ្នកទទួលផលប្រយោជន៍ទីពីរ ក្រៅពីអ្នកទទួលផលប្រយោជន៍ទីមួយ។ ក្នុងករណី អ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទាំងអស់ទៅឲ្យអ្នកទទួលផលប្រយោជន៍ទីមួយមុនគេ ដោយយោងតាមចំនួនទឹកប្រាក់ដែលបានរំលស់ ដូចមានកំណត់នៅក្នុងតារាងនៃចំនួនទឹកប្រាក់រំលស់ដែលត្រូវបានធានានោះ ប៉ុន្តែ ចំនួននោះ មិនត្រូវលើសបំណុលនៅសល់ដែលអ្នកត្រូវបានធានាជំពាក់អ្នកទទួលផលប្រយោជន៍ទីមួយនោះទេ។ បន្ទាប់ពីទូទាត់សងបំណុលនៅសល់រួច (បើមាន) អត្ថប្រយោជន៍ដែលនៅសេសសល់ នឹងត្រូវបានបង់ទៅឲ្យអ្នកទទួលផលប្រយោជន៍ទីពីរ ឬទាយាទរបស់អ្នកដែលត្រូវបានធានា ប្រសិនបើអ្នកដែលត្រូវបានធានានោះ មិនទាន់បានកំណត់អ្នកទទួលផលប្រយោជន៍ទីពីរ។
ប្រសិនបើមានអ្នកទទួលផលប្រយោជន៍ទីពីរលើសពីម្នាក់ត្រូវបានកំណត់ ហើយម្នាក់ក្នុងចំណោមនោះទទួលមរណភាពមុនអ្នកដែលត្រូវបានធានា នោះអ្នកដែលត្រូវបានធានា ចាំបាច់ត្រូវផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលប្រយោជន៍ទីពីរ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅឲ្យអ្នកទទួលផលប្រយោជន៍ទីពីរផ្សេងទៀតដែលនៅរស់រានមានជីវិត។ បើអ្នកដែលត្រូវបានធានា ខកខានមិនបានផ្ដល់ដំណឹងដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលប្រយោជន៍ទីពីរនោះទេ នៅពេលដែលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ស្មើគ្នានៃអត្ថប្រយោជន៍ដែលនៅសេសសល់ទាំងឡាយរបស់អ្នកទទួលផលប្រយោជន៍ដែលទទួលមរណភាព បន្ទាប់ពីទូទាត់បំណុល (បើមាន) ទៅឲ្យអ្នកទទួលប្រយោជន៍ទីពីរម្នាក់ៗដែលនៅរស់រានមានជីវិត។
ប្រសិនបើអ្នកដែលត្រូវបានធានា ត្រូវបានសម្លាប់ដោយចេតនាពីសំណាក់អ្នកទទួលផលប្រយោជន៍ទីពីរ ក្រុមហ៊ុនត្រូវបង់ អត្ថប្រយោជន៍ដែលបានកំណត់ ដោយយោងតាមចំនួនទឹកប្រាក់រំលស់ដែលត្រូវបានធានាទៅឲ្យអ្នកទទួលផលប្រយោជន៍ទីមួយ ដែលមិនមែនជាអ្នកប្រព្រឹត្តអំពើនោះ អ្នកសហការប្រព្រឹត្ត និងអ្នកផ្ដើមគំនិត ឬ អ្នកផ្សំគំនិតក្នុងអំពើសម្លាប់នោះ ដោយចំនួន អត្ថប្រយោជន៍គឺស្មើនឹងចំនួនបំណុលដែលអ្នកដែលត្រូវបានធានា ត្រូវសងទៅឲ្យអ្នកទទួលផលប្រយោជន៍ទីមួយ។ ក្រុមហ៊ុននឹងមិនបង់អត្ថប្រយោជន៍ធានារ៉ាប់រងណាមួយ និងមិនប្រគល់បុព្វលាភរ៉ាប់រងដែលមានសិទ្ធិទទួលរបស់អ្នកទទួលផលប្រយោជន៍ទីពីរ ដែលចូលរួមក្នុងអំពើសម្លាប់ដោយចេតនាទៅលើអ្នកដែលត្រូវបានធានាឡើយ។ ក្នុងករណី អ្នកទទួលផលប្រយោជន៍ទីពីរ មានលើសពីម្នាក់ បើអ្នកទទួលផលប្រយោជន៍ទីពីរមិនមែនជាអ្នកប្រព្រឹត្ត អ្នកសហការប្រព្រឹត្ត និងអ្នកផ្ដើមគំនិត ឬ អ្នកផ្សំគំនិតក្នុងអំពើសម្លាប់នោះទេ នៅពេលដែលក្រុមហ៊ុនបានបង់អត្ថប្រយោជន៍នានាដែលត្រូវបង់រួច ដោយយោងតាមចំនួនទឹកប្រាក់រំលស់ដែលត្រូវបានធានា ទៅឲ្យអ្នកទទួលផលប្រយោជន៍ទីមួយរួចរាល់ហើយ ដែលចំនួននោះ ស្មើនឹងបំណុលដែលអ្នកត្រូវបានធានាត្រូវសងនោះ ចំនួនអត្ថប្រយោជន៍ដែលនៅសេសសល់ ត្រូវបង់ដោយក្រុមហ៊ុនតាមតម្លៃសមាមាត្រទៅឲ្យអ្នកទទួលផលប្រយោជន៍ទីពីរនោះ ដោយកាត់ចំនួនទឹកប្រាក់ដែលអ្នកទទួលផលប្រយោជន៍ទីពីរដែលសម្លាប់អ្នកដែលត្រូវបានធានា មិនមានសិទ្ធិទទួល។ ក្នុងន័យនេះក្រុមហ៊ុន មិនត្រូវបង់អត្ថប្រយោជន៍ធានារ៉ាប់រងណាមួយ និងមិនប្រគល់បុព្វលាភរ៉ាប់រងដែលមានសិទ្ធិទទួលរបស់អ្នកទទួលផលប្រយោជន៍ទីពីរ ដែលចូលរួមក្នុងអំពើសម្លាប់ដោយចេតនា ទៅលើអ្នកដែលត្រូវបានធានានោះឡើយ។
៩. ការផ្លាស់ប្ដូរអ្នកទទួលផលប្រយោជន៍ទីពីរ
ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍ទីពីរថ្មី គឺជាឪពុក/ម្ដាយ សហព័ទ្ធ ឬកូនរបស់អ្នកដែលត្រូវបានធានា ការផ្លាស់ប្ដូរអ្នកទទួលផលប្រយោជន៍ទីពីរ នឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃដែលអ្នកត្រូវបានធានាបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រង។
ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលប្រយោជន៍ដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នោះជាមុន។
ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍ទីពីរមិនមែនជាឪពុក/ម្ដាយ សហព័ទ្ធ ឬកូនរបស់អ្នកដែលត្រូវបានធានាទេនោះ ការផ្លាស់ប្ដូរអ្នកទទួលផលប្រយោជន៍ទីពីរ នឹងមានប្រសិទ្ធភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្ដល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រង។
១០. វិសោធនកម្មបណ្ណសន្យារ៉ាប់រង
រាល់ការធ្វើវិសោធនកម្មបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលនូវវិសោធនកម្មនោះ និងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬ ក៏ចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
១១. ការប្រកាសមិនត្រឹមត្រូវអំពីអាយុ និងភេទ
ប្រសិនបើអ្នកដែលត្រូវបានធានាបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនប្រមូលបុព្វលាភរ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលបានបង់ទៅឲ្យក្រុមហ៊ុនក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភរ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីអ្នកដែលត្រូវបានធានាបង់បុព្វលាភរ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងដែលលើសជូនវិញ។
ប្រសិនបើក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា នៅពេលបញ្ចប់កិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់អ្នកដែលត្រូវបាន ធានា សិ្ថតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹង ត្រូវបានចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់ បុព្វលាភរ៉ាប់រងជូនវិញ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (បើមាន) ទៅឲ្យអ្នកដែលត្រូវបានធានា ឬអ្នកទទួលផល ប្រយោជន៍ក្នុងករណីណាមួយក៏ដោយ ដែលអាចនឹងកើតឡើង។
១២. ការបង់បុព្វលាភរ៉ាប់រង
បុព្វលាភរ៉ាប់រងត្រូវបង់នៅមុន ឬ នៅថ្ងៃដែលត្រូវបង់ ដោយរបៀបនៃការបង់មាន ជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬ ភ្នាក់ងារទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍ អក្សរពីក្រុមហ៊ុន ឬមធ្យោបាយបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកដែលត្រូវបានធានា និង ក្រុមហ៊ុន។ ក្រុមហ៊ុននឹងចេញបង្កាន់ដៃទទួលប្រាក់បញ្ជាក់ពីការបានបង់បុព្វលាភរ៉ាប់រងទុកជាភស្តុតាង។
ក្នុងករណីដែលក្រុមហ៊ុនយល់ព្រមឲ្យបង់បុព្វលាភរ៉ាប់រង តាមរបៀបនៃការបង់បុព្វលាភផ្សេងៗ លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភរ៉ាប់រងដែលមិនទាន់បានបង់ទៅក្រុមហ៊ុនត្រូវចាត់ទុកជាបំណុល ហើយក្រុមហ៊ុនមានសិទ្ធិកាត់យកពីចំនួន ទឹកប្រាក់ដែលបានបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
អ្នកដែលត្រូវបានធានាអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពអំពីការផ្លាស់ប្តូរនោះ។
ការបង់បុព្វលាភរ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភរ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យា មូលប្បទានបត្រ រូបិយាណត្តិ ឬ តាមរយៈមធ្យោបាយផ្សេងៗ នឹងត្រូវចាត់ទុកថាបានបង់នៅពេលដែលទឹកប្រាក់នោះអាចដកជាសាច់ប្រាក់បាន។
១៣. អំឡុងពេលអនុគ្រោះ
នៅពេលដែលអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រង នៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុនអនុញ្ញាត ឲ្យរយៈពេលសាមសិបមួយ (៣១) ថ្ងៃបន្ថែមទៀត ដែលជាអំឡុងពេលអនុគ្រោះ គិតចាប់ពីកាលបរិច្ឆេទនៃការបង់បុព្វលាភរ៉ាប់រង។ ក្នុងអំឡុងពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ក្នុងអំឡុងពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភរ៉ាប់រងដែលនៅជំពាក់តាមឆ្នាំដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រង ពីចំនួនទឹក ប្រាក់ដែលក្រុមហ៊ុនត្រូវបង់ តាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។
១៤. ការផុតសុពលភាព
ប្រសិនបើអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រង ក្នុងអំឡុងពេលអនុគ្រោះដូចមានចែងក្នុង ប្រការ ១៣ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពអាស្រ័យលើកាលបរិច្ឆេទដែលត្រូវបង់ប្រាក់។ លើកលែងតែ ក្នុងករណីដែលមាន ប្រការផ្សេងទៀតដែលអាចមានសុពលភាពអនុវត្ត មានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ។
១៥. ការលុបចោលបណ្ណសន្យារ៉ាប់រង
អ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងមកក្រុមហ៊ុនរយៈពេលដប់ (១០) ថ្ងៃជាមុន ប្រសិនបើអ្នកដែលត្រូវបានធានា មានបំណងចង់ធ្វើការលុបបណ្ណសន្យារ៉ាប់រងមុនថ្ងៃផុតសុពលភាព។ ផ្អែកលើហេតុផលសមស្រប ក្រុមហ៊ុននឹងបង្វិលជូននូវចំនួន កៅសិបភាគរយ (៩០%) នៃទឹកប្រាក់បុព្វលាភដែលនៅសល់ ទៅឲ្យអ្នកដែលត្រូវបានធានាវិញ បន្ទាប់ពីកាត់ចេញនូវទឹកប្រាក់ បុព្វលាភដែលនៅសល់ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព។
១៦. ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា អ្នកទទួលផលប្រយោជន៍ ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល សាមសិប (៣០) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាព លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែល នាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថា មានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថា មានបណ្ណសន្យារ៉ាប់រង។
អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬ ភស្តុតាងផ្លូវការ ដែលបញ្ជាក់ពី មរណភាពរបស់អ្នកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់អ្នកទទួលផលប្រយោជន៍។
អ្នកទទួលផលប្រយោជន៍ត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យអ្នកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ប្រយោជន៍ ឬ ភាគីរបស់អ្នកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។
១៧. ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែល ត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬនៅថ្ងៃដែលគ្រោះថ្នាក់បានកើតឡើង និងដាក់ភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាង បន្ថែមចាំបាច់ ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកដែលត្រូវបានធានា។ ក្នុងករណីអាក់ខាន មិនបានជូនដំណឹងមកក្រុមហ៊ុន អ្នកដែលត្រូវបានធានា ត្រូវបង្ហាញភស្តុតាងសមហេតុផលណាមួយដែលអាចទទួលយកបានមក ក្រុមហ៊ុន បញ្ជាក់ពីភាពអាក់ខាននោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយនៃអ្នកដែលត្រូវបានធានា ដែលខ្លួនយល់ថាចាំបាច់ ក្នុងអំឡុងពេលវាយតម្លៃ លើការទាមទារសំណង។
១៨. ឯកសារតម្រូវចំពោះការទាមទារសំណងដើម្បីដាក់ជូនក្រុមហ៊ុនមានដូចខាងក្រោម៖
ក. ក្នុងករណីមរណភាពដោយសារជម្ងឺ៖
១. បំពេញពាក្យស្នើសុំទាមទារសំណងមរណភាពដែលកំណត់ដោយក្រុមហ៊ុន
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ របស់អ្នកទទួលផលប្រយោជន៍ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬ មតកជនដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
ក្នុងករណីគ្រោះថ្នាក់ដល់អាយុជីវិត ឬ ផ្សេងៗ ក្រុមហ៊ុននឹងតម្រូវឲ្យមានឯកសារបន្ថែម ក្រៅពីការរៀបរាប់នៅក្នុងចំណុចខាងលើ ដូចជា៖
១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
២. ច្បាប់ថតចម្លងរបាយការណ៍ត្រួតពិនិត្យសាកសព ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
ខ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានា ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មក ជាមួយនូវឯកសារច្បាប់ដើម។
១៩. ការលើកលែង
ការលើកលែងសម្រាប់ប្រាក់សំណងករណីមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
សំណងករណីមរណភាព និងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជា ផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ
គ. ការមានផ្ទៃពោះ ឬ ការសម្រាលកូន ឬ បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាលកូន ឬ
ឃ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកំរិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។
ការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ របស់អ្នកដែលត្រូវបានធានាបណ្ដាល មកពីករណីមិនធានាទាំងនេះ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដីក្នុងករណីពី ក ទៅ ឃ នោះក្រុមហ៊ុននឹងប្រគល់ជូនវិញ ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
២០. ការដោះស្រាយវិវាទ
ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រង គូភាគីវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់រវាងគ្នា ដោយផ្អែកតាមការចរចារដោយសន្តិវិធី និងការផ្សះផ្សារវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបាន វិវាទនោះត្រូវដោះស្រាយដោយមជ្ឈត្តការ ឬ ដោយប្រព័ន្ធតុលាការ។
២១. រយៈពេលពិចារណាចុងក្រោយ
អ្នកដែលត្រូវបានធានាមានសិទ្ធិ ក្នុងហេតុផលផ្សេងៗ ប្រគល់បណ្ណសន្យារ៉ាប់រងនេះ ភ្ជាប់ជាមួយសំណើសុំលុបចោល ជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលម្ភៃមួយ (២១) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានផ្ញើរបណ្ណសន្យារ៉ាប់រងនេះទៅ។ ប្រសិនបើត្រឡប់មកវិញ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចាត់ទុកជាមោឃៈតាំងពីដើមដំបូង។ ក្រុមហ៊ុននឹងធ្វើការបង្វិលបុព្វលាភរ៉ាប់រងដែលបានបង់រួចជូនវិញ ដោយកាត់កងថ្លៃពិនិត្យសុខភាពជាក់ស្តែង និងបំណុល (បើមាន) ដែលអ្នកត្រូវបានធានាជំពាក់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការយកថ្លៃប្រតិបត្តិការសេវាកម្មនេះ។
អ្នកដែលត្រូវបានធានា ដែលបានទាមទារអត្ថប្រយោជន៍លើបណ្ណសន្យារ៉ាប់រងរួចហើយ មិនអាចលុបចោលបណ្ណសន្យា រ៉ាប់រងនេះឡើយ។