
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ទទួលបាននូវចំនួនទឹកប្រាក់ធានារ៉ាប់រងដែលត្រូវបានរំលស់ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរ៉ាប់រងក្នុងការសងកម្ចីអាជីវកម្មលោកអ្នកជាមួយធនាគារដៃគូរបស់យើង។
- ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែដំណើរការ
- ភាពងាយស្រួល និង សន្សំសំចៃពេលវេលាដោយបង់បុព្វលាភធានារ៉ាប់រងតែមួយលើក
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៥០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ទៅ ៣០ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | បង់តែមួយលើក |
បរិយាយផលិតផល
១. និយមន័យ
“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។
“កាលបរិច្ឆេទចុះឈ្មោះ” សំដៅដល់ ថ្ងៃដែលសមាជិកដែលមានសិទ្ធិ ចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង ជាសមាជិកត្រូវបានធានារ៉ាប់រង។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្ដើម។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង” សំដៅដល់ កាលបរិច្ឆេទដែលទឹកប្រាក់កម្ចីត្រូវបានផ្ដល់ពីម្ចាស់បណ្ណសន្យារ៉ាប់រងទៅសមាជិកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រង (តែមួយលើក) ហើយក្រុមហ៊ុនយល់ព្រមធានាសមាជិកត្រូវបានធានារ៉ាប់រង។ កាលបរិច្ឆេទនេះ ត្រូវចាត់ទុកថាជាកាលបរិច្ឆេទកិច្ចសន្យាធានារ៉ាប់រងមានសុពលភាព សម្រាប់សមាជិកត្រូវបានធានារ៉ាប់រងក្នុងបណ្ណសន្យារ៉ាប់រងនេះ។
“កាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងផុតសុពលភាព។
“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និង សមាជិកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីសមាជិកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូររបស់សមាជិកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពចេញដោយវេជ្ជបណ្ឌិត និង សេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងម្ចាស់បណ្ណសន្យារ៉ាប់រង និងក្រុមហ៊ុន។
“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅដែលមិនមែនជាជំងឺ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់សមាជិកត្រូវបានធានារ៉ាប់រង។ ការធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី មិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់នោះទេ។
“ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលត្រូវបានរំលស់” សំដៅដល់ ចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុននឹងបង់ទៅឲ្យអ្នកទទួលផល ឬសមាជិកត្រូវបានធានារ៉ាប់រង ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដូចមានបញ្ជាក់នៅក្នុងតារាងនៃចំនួនទឹកប្រាក់ធានារ៉ាប់រងដែលត្រូវបានរំលស់របស់បណ្ណសន្យារ៉ាប់រងនេះ។
“តារាងបណ្ណសន្យារ៉ាប់រង” សំដៅដល់ តារាងដែលមានកំណត់ព័ត៌មានលម្អិតនៃបណ្ណសន្យារ៉ាប់រងដែលចេញដោយក្រុមហ៊ុន ដែលត្រូវបានចាត់ទុកជាឯកសារបន្ថែមនៃបណ្ណសន្យារ៉ាប់រងដែលជាផ្នែកមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះ។
“តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង” សំដៅដល់ ទឹកប្រាក់(ប្រសិនបើមាន)ដែលក្រុមហ៊ុនត្រូវបង់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រងដែលបោះបង់បណ្ណសន្យារ៉ាប់រង។
“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងសមាជិកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលសមាជិកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” សំដៅដល់ សមាជិកត្រូវបានធានារ៉ាប់រងទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកម្ខាង ឬភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពកម្រិតឃុំ/សង្កាត់ ឬខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
“ម្ចាស់បណ្ណសន្យារ៉ាប់រង” សំដៅដល់ នីតិបុគ្គលដែលជាអ្នកផ្ដល់កម្ចី និងជាអ្នកទទួលផលទីមួយ ដូចមានបញ្ជាក់នៅក្នុងបណ្ណសន្យារ៉ាប់រង។
“វេជ្ជបណ្ឌិត” សំដៅដល់ វេជ្ជបណ្ឌិតសម័យទំនើប ដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬ សេវាកម្មវះកាត់ ដែលមិនមែនជាសមាជិកត្រូវបានធានារ៉ាប់រង ឬ សមាជិកគ្រួសារ (រាប់ទាំងបុព្វញាតិ និងបច្ឆាញាតិ) របស់សមាជិកត្រូវបានធានារ៉ាប់រងឡើយ។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាសមាជិកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
“សមាជិកត្រូវបានធានារ៉ាប់រង” សំដៅដល់ សមាជិកដែលមានសិទ្ធិ ដែលចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រង។
“អ្នកទទួលផល" សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយសមាជិកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និង ជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រង បន្ទាប់ពីសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។
“អ្នកទទួលផលទីមួយ” សំដៅដល់ នីតិបុគ្គលដែលជាអ្នកផ្ដល់កម្ចី និងជាម្ចាស់បណ្ណសន្យារ៉ាប់រង។
“អ្នកទទួលផលទីពីរ” សំដៅដល់ បុគ្គលដែលត្រូវបានបញ្ជាក់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយសមាជិកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល ដោយយោងតាមកិច្ចសន្យាធានារ៉ាប់រង ហើយដែលនឹងទទួលបានអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីកាត់ចេញនូវចំនួនទឹកប្រាក់ដែលត្រូវបង់ទៅឲ្យអ្នកទទួលផលទីមួយ(ប្រសិនបើមាន) បន្ទាប់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង។
"ឥណវន្ត” សំដៅដល់ កូនបំណុលរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដែលខ្ចីកម្ចីពីម្ចាស់បណ្ណសន្យារ៉ាប់រង។
២. កម្មវត្ថុនៃការធានា
កម្មវត្ថុនៃការធានាក្រោមផលិតផលនេះ គឺរូបរាងកាយ និងអាយុជីវិតរបស់សមាជិកត្រូវបានធានារ៉ាប់រង។
៣. វិសាលភាពនៃការធានា
ការធានារ៉ាប់រងលើបំណុលរំលស់ ផ្តល់ការការពារដល់សមាជិកត្រូវបានធានារ៉ាប់រង ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។
៤. អត្ថប្រយោជន៍នៃការធានា
៤.១ អត្ថប្រយោជន៍ករណីមរណភាព
ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ហើយក្រុមហ៊ុនបានទទួលភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ដោយផ្អែកលើការកំណត់សមហេតុផលរបស់ក្រុមហ៊ុន និងអនុលោមតាមទម្រង់ និងវិធីសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន នោះក្រុមហ៊ុនត្រូវទូទាត់ប្រាក់សំណង ដែលស្មើនឹងចំនួនទឹកប្រាក់ធានារ៉ាប់រង នៃខែដែលសមាជិកត្រូវបានធានារ៉ាប់រងបានទទួលមរណភាព ដូចមានចែងនៅតារាងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានរំលស់ ទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យអ្នកទទួលផលទីពីរ ដែលមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រង តាមចំណែកដូចបានបញ្ជាក់ទៅឲ្យក្រុមហ៊ុន ឬក្នុងចំនួនស្មើៗគ្នា ក្នុងករណីមិនបានបញ្ជាក់ពីអត្រាចំណែក លើកលែងតែករណីមានការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ ហើយសមាជិកត្រូវបានធានារ៉ាប់រងបានជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរនោះ ជាមួយនឹងឯកសារតម្រូវនានាដូចបានបញ្ជាក់ដោយក្រុមហ៊ុន។
៤.២ អត្ថប្រយោជន៍ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយមានភស្តុតាងបញ្ជាក់ថាពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នេះកើតមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ហើយពិការភាពនោះបន្តក្នុងរយៈពេលយ៉ាងតិច ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ ហើយក្រុមហ៊ុនបានទទួលភស្តុតាងបញ្ជាក់ពីពិការភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ហើយដោយផ្អែកលើការកំណត់សមហេតុផល ក្រុមហ៊ុនចាត់ទុកថាសមាជិកត្រូវបានធានារ៉ាប់រងពិតជាទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុនត្រូវទូទាត់ប្រាក់សំណង ដែលស្មើនឹងចំនួនទឹកប្រាក់ធានារ៉ាប់រង នៃខែដែលសមាជិកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដូចមានចែងនៅតារាងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានរំលស់ ទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង ហើយកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបានបញ្ចប់ភ្លាម។
នៅក្នុងករណីដែលសមាជិកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយ សារការបាត់បង់ ហើយការបាត់បង់នេះមានភស្តុតាងបញ្ជាក់ច្បាស់លាស់ ឬមានការបញ្ជាក់បង្ហាញផ្នែកវេជ្ជសាស្រ្តយ៉ាងច្បាស់លាស់ថាសមាជិកត្រូវបានធានារ៉ាប់រងពិតជាទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុនត្រូវទូទាត់ប្រាក់សំណង ដែលស្មើនឹងចំនួនទឹកប្រាក់ធានារ៉ាប់រង នៃខែដែលសមាជិកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដូចមានចែងនៅតារាងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានរំលស់ ទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង ហើយកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបានបញ្ចប់ភ្លាម។
សម្រាប់ការទូទាត់ខាងលើ ប្រសិនបើមានបំណុលមិនទាន់ទូទាត់ ក្រុមហ៊ុននឹងកាត់កងបំណុលដែលមិនទាន់បានទូទាត់នោះពីចំនួនទឹកប្រាក់សំណងដែលត្រូវបង់ ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រង។
៥. ការបង់បុព្វលាភធានារ៉ាប់រង
ការបង់បុព្វលាភធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងនេះគឺបង់តែមួយលើក។
ការបង់បុព្វលាភធានារ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភធានារ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងៗនឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។
ការធានារ៉ាប់រងនឹងមានសុពលភាព បន្ទាប់ពីបុព្វលាភធានារ៉ាប់រងត្រូវបានបង់ និងក្រុមហ៊ុនបានអនុម័តលើបណ្ណសន្យារ៉ាប់រង។
៦. ករណីមិនធានា
សំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី នឹងមិនត្រូវទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅកម្ពុជា ឬ
គ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់សមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលណាម្នាក់។ យ៉ាងណាមិញ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះ នៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេ។
ប្រសិនបើការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់សមាជិកត្រូវបានធានារ៉ាប់រងដែលបណ្ដាលមកពីករណីមិនធានាពីចំណុច ក ទៅ គ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យទាយាទរបស់សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកត្រូវបានធានារ៉ាប់រងតែបុព្វលាភធានារ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងការប្រគល់បុព្វលាភធានារ៉ាប់រង ឬបង់ប្រាក់សំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
៧. ទីតាំងភូមិសាស្រ្តនៃការធានា
ក្រុមហ៊ុនផ្ដល់ការធានារ៉ាប់រងជាសកលចំពោះសមាជិកត្រូវបានធានារ៉ាប់រង។
៨. លក្ខណៈសម្បត្តិនៃអ្នកទទួលផល
៨.១ អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង
សមាជិកត្រូវបានធានារ៉ាប់រងមានសិទ្ធិកំណត់អ្នកទទួលផលទីពីរ ក្រៅពីអ្នកទទួលផលទីមួយដែលជាម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ នោះក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅតារាងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលត្រូវបានរំលស់ ទៅអ្នកទទួលផលទីមួយ ប៉ុន្តែចំនួនទឹកប្រាក់នេះនឹងមិនលើសពីចំនួនទឹកប្រាក់បំណុល ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់អ្នកទទួលផលទីមួយនៅពេលនោះឡើយ។ បន្ទាប់ពីបានទូទាត់បំណុលដែលនៅជំពាក់រួចរាល់ហើយ អត្ថប្រយោជន៍ដែលនៅសល់(ប្រសិនបើមាន) នឹងត្រូវបង់ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង អ្នកទទួលផលទីពីរ ឬទាយាទរបស់សមាជិកត្រូវបានធានារ៉ាប់រង ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងមិនបានកំណត់អ្នកទទួលផលទីពីរ។ កិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងនឹងត្រូវបញ្ចប់ភា្លម។
ប្រសិនបើមានតែអ្នកទទួលផលទីពីរតែម្នាក់ដែលត្រូវបានកំណត់ ហើយអ្នកទទួលផលទីពីរនោះទទួលមរណភាពមុន ឬស្របពេលជាមួយសមាជិកត្រូវបានធានារ៉ាប់រង សមាជិកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនអំពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរ។ ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរទៅក្រុមហ៊ុន នៅពេលសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទៅឲ្យទាយាទរបស់សមាជិកត្រូវបានធានារ៉ាប់រង។
ប្រសិនបើមានអ្នកទទួលផលទីពីរលើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលម្នាក់ក្នុងចំណោមនោះទទួលមរណភាពមុន ឬស្របពេលជាមួយសមាជិកត្រូវបានធានារ៉ាប់រង នោះសមាជិកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅអ្នកទទួលផលផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងខកខាន ឬមិនអាចជូនដំណឹងដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរអ្នកទទួលផលទីពីរនោះទេ នៅពេលដែលសមាជិកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ស្មើៗគ្នានៃអត្ថប្រយោជន៍ដែលនៅសេសសល់ទាំងឡាយរបស់អ្នកទទួលផលទីពីរដែលទទួលមរណភាព បន្ទាប់ពីទូទាត់បំណុល (ប្រសិនបើមាន) ទៅឲ្យអ្នកទទួលផលទីពីរផ្សេងៗទៀតដែលនៅរស់រានមានជីវិត។
៨.២ ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ
ក្នុងករណីដែលអ្នកទទួលផលទីពីរថ្មី គឺជាឪពុក/ម្ដាយ ប្ដី/ប្រពន្ធ ឬកូនរបស់សមាជិកត្រូវបានធានារ៉ាប់រង ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃដែលសមាជិកត្រូវបានធានារ៉ាប់រងបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណាក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលទីពីរដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលទីពីរនោះជាមុនពីសមាជិកត្រូវបានធានារ៉ាប់រង។
ក្នុងករណីដែលអ្នកទទួលផលទីពីរថ្មីមិនមែនជាឪពុក/ម្ដាយ ប្ដី/ប្រពន្ធ ឬកូនរបស់សមាជិកត្រូវបានធានារ៉ាប់រងទេនោះ ការផ្លាស់ប្ដូរអ្នកទទួលផលទីពីរ នឹងមានប្រសិទ្ធភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្ដល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្ដូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។
៨.៣ ការធ្វើឃាតដោយចេតនាពីអ្នកទទួលផលទីពីរ
ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងត្រូវបានសម្លាប់ដោយចេតនា ដោយអ្នកទទួលផលទីពីរ ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលត្រូវបង់ ដោយយោងតាមតារាងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលត្រូវបានរំលស់ ទៅឲ្យអ្នកទទួលផលទីមួយដែលមិនមែនជាចារី (ជនដៃដល់) សហចារី(អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្មនោះ ដោយចំនួនទឹកប្រាក់អត្ថប្រយោជន៍ស្មើនឹងចំនួនទឹកប្រាក់បំណុលដែលសមាជិកត្រូវបានធានារ៉ាប់រង ត្រូវសងទៅឲ្យអ្នកទទួលផលទីមួយ។ ក្រុមហ៊ុននឹងមិនប្រគល់បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ទៅឲ្យអ្នកទទួលផលទីពីរ ដែលចូលរួមក្នុងអំពើឃាតកម្មដោយចេតនាទៅលើសមាជិកត្រូវបានធានារ៉ាប់រងឡើយ ហើយចំណែកសំណងធានារ៉ាប់រងសម្រាប់អ្នកទទួលផលទីពីរដែលបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនា នឹងត្រូវបង្វិលដោយក្រុមហ៊ុនចូលមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង។
ក្នុងករណីមានអ្នកទទួលផលទីពីរលើសពីម្នាក់ បើអ្នកទទួលផលទីពីរណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើសមាជិកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រទៅនឹងទឹកប្រាក់ធានារ៉ាប់រងដែលនៅសេសសល់ បន្ទាប់ពីបានទូទាត់សំណងរួចរាល់ជូនអ្នកទទួលផលទីមួយទៅឲ្យអ្នកទទួលផលទីពីរ ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើសមាជិកត្រូវបានធានារ៉ាប់រង ដោយកាត់ចេញនូវចំណែកដែលអ្នកទទួលផលទីពីរដែលបានប្រព្រឹត្តនូវអំពើឃាតកម្មត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនប្រគល់បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ទៅឲ្យអ្នកទទួលផលទីពីរ ដែលចូលរួមក្នុងអំពើឃាតកម្មដោយចេតនាទៅលើសមាជិកត្រូវបានធានារ៉ាប់រងឡើយ ហើយចំណែកសំណងធានារ៉ាប់រងសម្រាប់អ្នកទទួលផលទីពីរដែលបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនា នឹងត្រូវបង្វិលដោយក្រុមហ៊ុនចូលមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង។
៩. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង
៩.១ ការកែប្រែបណ្ណសន្យារ៉ាប់រង
រាល់ការកែប្រែនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវការកែប្រែនោះ ហើយការកែប្រែនេះនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
៩.២ ការប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ
ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រងបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ ទៅកាន់ក្រុមហ៊ុន ហើយបណ្ដាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភធានារ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភធានារ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីដែលសមាជិកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្ដែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងដែលលើសជូនវិញ។
ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្ដែងរបស់សមាជិកត្រូវបានធានារ៉ាប់រងស្ថិតនៅហួសកម្រិតបុព្វលាភធានារ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះ នឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសេសសល់ (ប្រសិនបើមាន)។
១០. ការបន្តកិច្ចសន្យាធានារ៉ាប់រង
ការបន្តកិច្ចសន្យាធានារ៉ាប់រង មិនត្រូវបានអនុវត្តក្រោមបណ្ណសន្យារ៉ាប់រងនេះឡើយ។
១១. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង
១១.១ រយៈពេលពិចារណាចុងក្រោយ
ដោយផ្អែកលើហេតុផលណាមួយ សមាជិកត្រូវបានធានារ៉ាប់រងមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងជាមួយនឹងសំណើសុំបញ្ចប់ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីមានការប្រគល់វិញនោះ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។
ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួចជូនវិញ ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (ប្រសិនបើមាន) ដែលសមាជិកត្រូវបានធានារ៉ាប់រងជំពាក់ក្រុមហ៊ុន។
សមាជិកត្រូវបានធានារ៉ាប់រង ដែលបានទាមទារប្រាក់សំណងណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលកិច្ចសន្យាធានារ៉ាប់រងបានឡើយ។
១១.២ ការបោះបង់បណ្ណសន្យារ៉ាប់រង
សមាជិកត្រូវបានធានារ៉ាប់រងមានសិទ្ធិបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយបោះបង់បណ្ណសន្យារ៉ាប់រងនេះ ហើយទទួលតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង ដោយយោងតាមចំនួនដែលបានកំណត់នៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។
ប៉ុន្តែការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងនេះនឹងបញ្ចប់ពេញលេញ បន្ទាប់ពីក្រុមហ៊ុនយល់ព្រមចំពោះការបញ្ចប់នោះជាលាយលក្ខណ៍អក្សរ។
១២. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង
ការធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីមានករណីណាមួយដូចខាងក្រោមនេះកើតមានឡើង៖
• នៅពេលក្រុមហ៊ុនបានបង់គ្រប់នូវចំនួនទឹកប្រាក់ធានារ៉ាប់រងទាំងអស់ តាមកិច្ចសន្យាធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងម្នាក់ ឬ
• សមាជិកត្រូវបានធានារ៉ាប់រងឈានចូលអាយុ … ឆ្នាំ នៅកាលបរិច្ឆេទខួបបណ្ណសន្យារ៉ាប់រង ឬ
• កាលបរិច្ឆេទផុតសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រង ដូចមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតដែលចេញឲ្យសមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ។
ក្រុមហ៊ុនអាចលុបចោលកិច្ចសន្យាធានារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិនជាមុន ក្នុងករណីដែលមានភស្តុតាងបញ្ជាក់ថា សមាជិកត្រូវបានធានារ៉ាប់រងមានចេតនាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង នឹងត្រូវទូទាត់ជូនដោយយោងតាមចំនួន ដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) និង អត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។
១៣. ការទាមទារសំណង
១៣.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង
អ្នកដាក់ពាក្យស្នើសុំទាមទារសំណងអាចជាសមាជិកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬអ្នកតំណាងស្របច្បាប់។
១៣.២ នីតិវិធីនៃការផ្ដល់ព័ត៌មាន
១៣.២.១ ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនោះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីថ្ងៃដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។
ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលត្រូវផ្ដល់របាយការណ៍បញ្ជាក់ពីមរណភាពផ្លូវការមួយច្បាប់ ឬភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលត្រូវផ្ដល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល។
អ្នកទទួលផលត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យលើសមាជិកត្រូវបានធានារ៉ាប់រងនៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលត្រូវអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ឬភាគីរបស់សមាជិកត្រូវបានធានារ៉ាប់រង អនុលោមតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះ។
១៣.២.២ ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ សមាជិកត្រូវបានធានារ៉ាប់រង ឬ ភាគីនៃសមាជិកត្រូវបានធានារ៉ាប់រង ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេល 30 (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់កើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់សមាជិកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថា សមាជិកត្រូវបានធានារ៉ាប់រងមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់សមាជិកត្រូវបានធានារ៉ាប់រង តាមដែលក្រុមហ៊ុនយល់ថាសមស្រប នៅក្នុងរយៈពេលដំណើរការវាយតម្លៃសំណង។
១៣.៣ ឯកសារតម្រូវចំពោះករណីបោះបង់បណ្ណសន្យារ៉ាប់រង និងការទាមទារសំណង
ក. ករណីបោះបង់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង
១. បំពេញពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់សមាជិកត្រូវបានធានារ៉ាប់រងដែលមានបញ្ជាក់ភាពត្រឹមត្រូវដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
ខ. ករណីមរណភាពដោយសារជំងឺ
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផលទីពីរ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផលទីពីរ ឬទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
៧. ឯកសារផ្សេងទៀត ដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុន សម្រាប់ជំនួស ឬគាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
គ. ករណីមរណភាពដោយសារគ្រោះថ្នាក់ រាល់ឯកសារខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖
១. ច្បាប់ថតចម្លងកំណត់ហេតុអង្កេតគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
ឃ. ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់សមាជិកត្រូវបានធានារ៉ាប់រងដែលមានបញ្ជាក់ភាពត្រឹមត្រូវព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។
៥. ឯកសារផ្សេងទៀត ដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុន សម្រាប់ជំនួស ឬគាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
១៣.៤ រយៈពេលអតិបរមានៃការទូទាត់សំណង
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងជូនសមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ក្នុងរយៈពេលអតិបរមា ១៤ (ដប់បួន) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ការទាមទារសំណង និង ក្រុមហ៊ុនបានអនុម័តលើការទាមទារសំណង។
១៣.៥ របៀបទូទាត់សំណង
របៀបទូទាត់សំណងមានដូចជា ការទូទាត់សំណងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងទៀត។
១៣.៦ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមផលិតផលនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ដើម្បីទទួលបាន អត្ថប្រយោជន៍ក្រោមផលិតផលនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
១៣.៧ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយក្រោមផលិតផលនេះឡើយ លុះត្រាតែសមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃផលិតផលនេះ។
១៤. ការរក្សាព័ត៌មានសម្ងាត់
រាល់ព័ត៌មានដែលបានផ្ដល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឲ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
១៥. ការផ្សះផ្សាវិវាទ
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកា មជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។
១៦. ដែនយុត្តាធិការ
កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។
១៧. ប្រការទូទៅ
១៧.១ កាតព្វកិច្ចរបស់សមាជិកត្រូវបានធានារ៉ាប់រងក្នុងការផ្ដល់ព័ត៌មាន
សមាជិកត្រូវបានធានារ៉ាប់រងមានកាតព្វកិច្ចប្រកាស និងផ្ដល់ដល់ក្រុមហ៊ុននូវព័ត៌មានពេញលេញ និងត្រឹមត្រូវ ដែលតម្រូវដោយក្រុមហ៊ុនសម្រាប់ធ្វើការវាយតម្លៃហានិភ័យធានារ៉ាប់រង។ វាគឺជាភារកិច្ចរបស់សមាជិកត្រូវបានធានារ៉ាប់រង ក្នុងការផ្ដល់ដំណឹងដល់ក្រុមហ៊ុនពីការផ្លាស់ប្ដូរផ្សេងៗនៃស្ថានភាពសុខភាព មុខរបរ ឬសកម្មភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង នៅចន្លោះកាលបរិច្ឆេទចុះឈ្មោះ ឬការពិនិត្យសុខភាពលើកចុងក្រោយ និងកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង។ ការពិនិត្យសុខភាព (ប្រសិនបើមាន) មិនអាចជំនួសឲ្យកាតព្វកិច្ចរបស់សមាជិកត្រូវបានធានារ៉ាប់រង ក្នុងការលាតត្រដាងព័ត៌មានពេញលេញ និងត្រឹមត្រូវតាមចំណុច ១៧.៥ នេះឡើយ។
នៅក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងមានប្រសិទ្ធភាពអនុវត្ត ក្រុមហ៊ុនមានសិទ្ធិក្នុងការព្យួរបណ្ណសន្យារ៉ាប់រងនេះដោយឯកតោភាគី ហើយរក្សាទុកបុព្វលាភធានារ៉ាប់រងទាំងអស់ដែលបានបង់រួច នៅពេលដែលបណ្ណសន្យារ៉ាប់រងនេះត្រូវបានព្យួរ ប្រសិនបើសមាជិកត្រូវបានធានារ៉ាប់រង បានផ្ដល់ព័ត៌មានមិនពេញលេញ និងមិនត្រឹមត្រូវដោយចេតនា។
១៧.២ សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្រោមបណ្ណសន្យារ៉ាប់រង
សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានចាត់ទុកជាកម្មសិទ្ធិផ្តាច់មុខរបស់សមាជិកត្រូវបានធានារ៉ាប់រង លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។
ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិរបស់បណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនបន្ទាប់ពីបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរ។
១៧.៣ ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្ដីប្រកាសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកត្រូវបានធានារ៉ាប់រង នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រង ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់សមាជិកត្រូវបានធានារ៉ាប់រង សេចក្តីអះអាងលើសុខភាព និងការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយសមាជិកត្រូវបានធានារ៉ាប់រង និងនៅពេលបុព្វលាភធានារ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។
ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬ សមាជិកត្រូវបានធានារ៉ាប់រង មានចេតនាផ្ដល់សេចក្ដីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានផ្លាស់ប្ដូរទៅលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិគិតបុព្វលាភធានារ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ (ប្រសិនបើបណ្ណសន្យារ៉ាប់រងមិនទាន់បានចេញឲ្យជាផ្លូវការ)។ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាព ការផ្តល់ព័ត៌មានមិនពិត ឬ ការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងដោយចេតនា នឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះអាចក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្ដល់ប្រាក់សំណងតាមកិច្ចសន្យា។
ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្ដីប្រកាសណាមួយ ដែលមិនមែនជាសេចក្ដីប្រកាសធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកត្រូវបានធានារ៉ាប់រង នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី ១ នៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងក្នុងចំណុចទី ១៧.៨ នេះទេ។
ភ្នាក់ងារ ឬជើងសាធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទនៃខួបបង់បុព្វលាភធានារ៉ាប់រង ឬបដិសេធការផ្ដល់ការជូនដំណឹង ឬភស្ដុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។
១៧.៤ រូបិយប័ណ្ណ
ចំណុចនេះ ត្រូវបានពណ៌នានៅក្រោមផ្នែកស្ដីពី “រូបិយប័ណ្ណ” នៅលើតារាងបណ្ណសន្យារ៉ាប់រង។
១៧.៥ លក្ខខណ្ឌមិនអាចតវ៉ាបាននៃកិច្ចសន្យាធានារ៉ាប់រង
លើកលែងតែមានកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្តរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាពនោះទេ លើកលែងតែករណីម្ចាស់បណ្ណសន្យារ៉ាប់រង ឬ/និងសមាជិកត្រូវបានធានារ៉ាប់រងមិនមានអត្ថប្រយោជន៍ដែលអាចធានាបានក្នុងការធានារ៉ាប់រងនេះ។
ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាចំពោះការធានារ៉ាប់រងរបស់សមាជិកត្រូវបានធានារ៉ាប់រងណាម្នាក់ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្តរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចុះឈ្មោះនោះទេ លើកលែងតែក្នុងករណីផ្ដល់ព័ត៌មានមិនពិតពីអាយុ ឬភេទរបស់សមាជិកត្រូវបានធានារ៉ាប់រង ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។
១៧.៦ ពាក្យស្នើសុំធានារ៉ាប់រង
ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកត្រូវបានធានារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់អ្នកដាក់ពាក្យស្នើសុំ ដែលជាសមាជិកដែលមានសិទ្ធិ ទៅកាន់ក្រុមហ៊ុន តាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។
១៧.៧ វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត
ក្រុមហ៊ុនត្រូវចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ទៅឲ្យសមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ ដើម្បីបញ្ជាក់ថា បុគ្គលនោះបានទទួលការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ។
១៧.៨ ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។