សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • សមាជិកដែលត្រូវបានធានានឹងទទួលបាន ១០០% នៃទឹកប្រាក់ដែលត្រូវបានធានានៃផលិតផលបន្ថែមការពារចំណាយជំងឺធ្ងន់ធ្ងរជាក្រុម ក្នុងករណីដែលសមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់​ធ្ងរ។

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៥ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

បរិយាយផលិតផល

ស្មាយ ការពារចំណាយជំងឺធ្ងន់ធ្ងរជាក្រុម ជាផលិតផលបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម និងផលិតផលបន្ថែមនេះ ត្រូវយកខ្លឹមសារនៃផលិតផលបន្ថែមជាគោល។

១. ការធានារ៉ាប់រង

 នៅអំឡុងពេលដែលផលិតផលបន្ថែមនេះនៅមានសុពលភាព ប្រសិនបើសមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរដែលបានកំណត់ក្នុងឯកសារនេះ ក្រុមហ៊ុននឹងបង់ទឹកប្រាក់ដែលត្រូវបានធានានៃផលិតផលបន្ថែមនេះដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិត ឬឯកសារគាំទ្រវិសោធនកម្ម ទៅឲ្យសមាជិកដែលត្រូវបានធានា។ បន្ទាប់ពីការបង់អត្ថប្រយោជន៍ ការធានារ៉ាប់រងនៃផលិតផលបន្ថែមនេះ នឹងត្រូវបានបញ្ចប់ ប៉ុន្តែការធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម នៅតែបន្តមានសុពលភាព។

ទោះបីជាយ៉ាងណា ចំនួនទឹកប្រាក់ដែលត្រូវបង់ដូចដែលបានរៀបរាប់នៅកថាខណ្ឌខាងលើ មិនត្រូវលើសចំនួនទឹកប្រាក់ត្រូវធានាដែលស្ថិតក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ។

“ការធ្វើរោគវិនិច្ឆ័យ” មានន័យថាជាការធ្វើរោគវិនិច្ឆ័យដោយមានភស្តុតាងច្បាស់លាស់របស់វេជ្ជបណ្ឌិត ដែលជាឯកសារបញ្ជាក់ ជំងឺធ្ងន់ធ្ងរ ដូចដែលបានកំណត់ក្នុងផលិតផលបន្ថែមនេះ។ ក្នុងករណីដែលពុំមានភស្ដុតាងច្បាស់លាស់ ភស្ដុតាងដែលអាចប្រើប្រាស់ជំនួសបានត្រូវតែជារបាយការណ៍ដែលបានមកពីការពិនិត្យវិទ្យុសាស្ដ្រ គ្លីនីក ជាលិកាសាស្រ្ត ឬការពិនិត្យនៅមន្ទីរពិសោធន៍។

“វេជ្ជបណ្ឌិត” មានន័យថា វេជ្ជបណ្ឌិតសម័យទំនើបដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬសេវាកម្មវះកាត់ ដែលមិនមែនជាសមាជិកដែលត្រូវបានធានា ប្ដី ឬប្រពន្ធរបស់សមាជិកដែលត្រូវបានធានា ឬកូនចៅរបស់សមាជិកដែលត្រូវបានធានាឡើយ។

“ជំងឺធ្ងន់ធ្ងរ” មានន័យថាសមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ ដែលកើតឡើងយ៉ាងហោចណាស់ក្រោយរយៈពេលកៅសិប (៩០) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនទទួលធានា ឬពីការដាក់ឲ្យអនុវត្តឡើងវិញចុងក្រោយនៃបណ្ណសន្យារ៉ាប់រងបន្ថែម ហើយសមាជិកដែលត្រូវបានធានានៅរស់រានមានជីវិតយ៉ាងហោចណាស់សាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលសមាជិកដែលត្រូវបានធានាធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ។

ជំងឺធ្ងន់ធ្ងរដែលត្រូវបានទទួលការធានារ៉ាប់រងក្រោមផលិតផលបន្ថែមនេះគឺមានជំងឺទាំង ៥ ដូចខាងក្រោម៖

 ក) ជំងឺមហារីក (Cancer)

ជំងឺមហារីកត្រូវបានកំណត់ដោយការធ្វើរោគវិនិច្ឆ័យលើដុំសាច់មហារីក ដែលបញ្ជាក់ដោយការរីកលូតលាស់ដែលមិនអាចគ្រប់គ្រងបាន និងការរីករាតត្បាតនៃកោសិកាមហារីក ព្រមទាំងមានការបំផ្លិចបំផ្លាញជាលិកាធម្មតាផងដែរ។ ជំងឺមហារីក ត្រូវតែមានការបញ្ជាក់ដោយមានភស្តុតាងពីជាលិកាដុំសាច់មហារីកពីអ្នកជំនាញផ្នែកជំងឺមហារីក ឬរោគវិទូដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។

ជំងឺមហារីកមាន៖ មហារីកឈាម (Leukemia) មហារីកក្រពេញទឹករងៃ (Lymphoma) ឬ ដុំមហារីក ដុំពក មហារីកខួរឆ្អឹង មហារីកស្បែក (Sarcoma)។

ជំងឺដែលមិនរាប់បញ្ចូលមានដូចជា៖
១. ប្រភេទដុំសាច់ដែលមានចំណាត់ថ្នាក់តាមការវិភាគរកកោសិកាមហារីកជា ដុំសាច់ដែលបំរុងជាដុំមហារីក មិនរីករាលដាល ដែលអាចជាដុំមហារីក ឬភាពដែលអាចក្លាយជាដុំមហារីកដែលមានកម្រិតទាប ឬទាក់ទងនឹងមហារីកមាត់ស្បូន ដែលបែងចែកតាមកម្រិតដូចជា មហារីកមាត់ស្បូនកម្រិត១ (CIN-១) មហារីកមាត់ស្បូនកម្រិត២ (CIN-២) និងមហារីកមាត់ស្បូនកម្រិត៣ (CIN-៣) ។
២. ជំងឺមហារីក ក្រពេញប្រូស្តាត (Prostate) ដំណាក់កាលដំបូង មហារីកក្រពេញទីរ៉ូអីដ (Thyroid) មហារីកប្លោកនោម (Bladder) ដែលការវិភាគរកកោសិកាមហារីកមានចំណាត់ថ្នាក់ក្នុងកម្រិត T1N0M0 ឬមានកម្រិតទាបជាងដោយយោងទៅតាមចំណាត់ថ្នាក់ TNM(T: ទំហំរបស់ដុំសាច់មហារីក N: ចំនួនឡាមណូត (Lymph Nodes) ដែលមាននៅពេលដែលកើតមហារីក M: ការរីករាលដាលនៃកោសិកាមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ) ឬចំណាត់ថ្នាក់សមមូល។
៣. មហារីកឈាមរ៉ាំរ៉ៃ (Chronic Lymphocytic Leukemia) តិចជាងចំណាត់ថ្នាក់ RAI កម្រិតIII ជាមួយស្ថានភាពស្លេកស្លាំង។
៤. ក្រិនស្បែក មហារីកកោសិកាស្បែក (non-melanomas skin cancer) និងមហារីកស្បែក (malignant melanomas) ដែលមានចំណាត់ថ្នាក់តាមមហារីកតិចជាងដំណាក់កាលទី២ផ្អែកទៅតាមប្រព័ន្ធដំណាក់កាលមហារីកនៃគណៈកម្មាការចម្រុះរបស់អាមេរិកលើជំងឺមហារីក (AJCC)។
៥. ដុំសាច់ទាំងឡាយដែលកើតមានលើអ្នកផ្ទុកមេរោគអេដស៍។

 ខ) ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke)

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលត្រូវបានកំណត់ថាជាការស្ទះសរសៃឈាមក្នុងខួរក្បាល (cerebral thrombosis) ឬការហូរឈាមក្នុងខួរក្បាល (intracerebral hemorrhage) ឬការស្ទះសរសៃឈាមក្រៅលលាដ៏ក្បាល (extracranial embolism) ដែលបណ្ដាលឱ្យមានឱនភាពអចិន្រ្ដៃយ៍ផ្នែកប្រព័ន្ធប្រសាទដែលមានរយៈពេលយ៉ាងហោចណាស់ហុកសិប (៦០) ថ្ងៃ។ ការធ្វើរោគវិនិច្ឆ័យត្រូវមានសំអាងដោយការបែ្រប្រួលថ្មីតាមរយៈ CT ឬ MRI Scan និងដោយមានការបញ្ជាក់ដោយអ្នកឯកទេសផ្នែកប្រព័ន្ធប្រសាទ។

ជំងឺដែលមិនរួមបញ្ចូលមានដូចជា៖
១. ការងាប់ជាលិកាខួរក្បាល( Infarction of brain tissue) ឬការហូរឈាមក្នុងលាលាដ៍ក្បាល (intracranial bleeding) ដែលបណ្ដាលមកពីរបួសខាងក្រៅ
២. រោគសញ្ញាទាក់ទងនឹងខួរក្បាលដែលបណ្តាលមកពីការស្ទះសរសៃឈាម (transient ischemic attacks)
៣. ការកើតឡើងនៃការស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (ischemic neurological deficit)
៤. ជំងឺសរសៃឈាមដែលប៉ះពាល់ដល់ភ្នែក ឬចក្ខុប្រសាទ ឬមុខងារសោតប្រសាទ

គ) ជំងឺគាំងបេះដូង (Heart Attack)

ជំងឺគាំងបេះដូងសំដៅដល់ការឈប់ដំណើរការនៃផែ្នកណាមួយនៃសាច់ដុំបេះដូង ដែលបណ្ដាលមកពីកង្វះខាតនៃលំហូរឈាមទៅកាន់តំបន់ដែលពាក់ព័ន្ធ។ ការធ្វើរោគវិនិច្ឆ័យនេះត្រូវបំពេញនូវលក្ខណៈវិនិច្ឆ័យបីឬចើ្រនជាងនេះនៃលក្ខណៈវិនិច្ឆ័យទាំងបួនខាងក្រោម ដែលមានលក្ខណៈស៊ីសង្វាក់នឹងជំងឺគាំងបេះដូងថ្មី ៖

១. ប្រវត្តិនៃការចុកទ្រូង
២. បម្រែបម្រួលថ្មីនៃរង្វាស់ចង្វាក់បេះដូងដោយចរន្តអគ្កិសនី (ECG) បង្ហាញពីជាលិកាបេះដូងដែលខូចនៅផ្នែកណាមួយដែលឈាមមិនបានទៅចិញ្ចឹមដល់
៣. ការធ្វើរោគវិនិច្ឆ័យដោយធ្វើតេស្ត អង់ស៊ីមបេះដូង CK-MB ឬអង់ស៊ីមត្រូប៉ូនីន (Troponin) (T ឬ I) មានការកើនឡើងលើសពីកម្រិតធម្មតាដែលទទួលស្គាល់ជាទូទៅដោយមន្ទីរពិសោធន៍
៤. បរិមាណឈាមនៃការហូរចូលក្នុងថតបេះដូងឆ្វេងមានបរិមាណតិចជាងហាសិប (៥០) ភាគរយ ដែលត្រូវបានវាស់ពិនិត្យក្នុងរយះពេលបី (៣) ខែ ឬច្រើនជាងនេះ បន្ទាប់ពីហេតុការណ៍(គាំងបេះដូង)។

ឃ) ជំងឺសួតដំណាក់កាលចុងក្រោយ (End-Stage Lung Disease)

ជំងឺសួតដំណាក់កាលចុងក្រោយបណ្តាលឲ្យស្បៀតបំពង់ខ្យល់ដង្ហើមរ៉ាំរ៉ៃ ដែលបានបង្ហាញដោយករណីទាំងអស់ដូចខាងក្រោម៖

១. លទ្ធផលនៃការធ្វើតេស្ដ បរិមាណនៃការប្រឹងដកដង្ហើមចេញក្នុងមួយវិនាទី (FEV1 test) តិចជាង មួយ (១) លីត្រ
២. តម្រូវឲ្យមានការព្យាបាលដោយប្រើប្រាស់អុកស៊ីសែនជាអចិន្រ្តៃយ៍សម្រាប់ជំងឺខ្វះអុកស៊ីសែនក្នុងឈាម(hypoxemia)
៣. ការវិភាគឧស្ម័នក្នុងសរសៃឈាមក្រហម ដោយមានសម្ពាធចំណែកអុកស៊ីសែនស្មើ ឬតិចជាងសំពាធ ហាសិបប្រាំ (៥៥) មីលីម៉ែត្របារ៉ត (PaO2 < ៥៥ mmHg)
៤. ពិបាកដកដង្ហើម (Dyspnea)ទោះបីជាពេលសម្រាក

ង) ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (End-Stage Kidney​ Disease)

ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ សំដៅដល់ភាពមិនដំណើរការរ៉ាំរ៉ៃដែលមិនអាចព្យាបាលបាននៃតម្រងនោមទាំងពីរ។ ជំងឺតម្រងនោមដំណាក់កាលចុងក្រោយត្រូវតែមានភស្តុតាងបញ្ជាក់ពីការព្យាបាលដោយការលាងឈាម​យ៉ាងទៀងទាត់ឬការធ្វើវះកាត់ប្តូរតម្រងនោម។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ត្រូវជូនដំណឹងដល់ក្រុមហ៊ុនជាលាយលក្ខណ៍អក្សរក្នុង រយៈពេលហុកសិប (៦០) ថ្ងៃបន្ទាប់ពីថ្ងៃដែលសមាជិកដែលត្រូវបានធានា ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន​​​​ជំងឺធ្ងន់ធ្ងរលើកលែងតែមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំ​ណឹង​ពីការទាមទារសំ​ណង​ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ ឬមានហេតុផលសមស្របណាផ្សេងទៀត​​បញ្ជាក់ពីការខកខាននេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងឲ្យបានឆាប់បំផុតតាមដែលអាច​​​​​​​​​​​ធ្វើបាន ហើយការខកខានមិនបានជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេលកំណត់ មិនធ្វើឲ្យបាត់បង់សិទ្ធិក្នុងការទាម​ទារសំ​ណងឡើយ។

នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ធ្វើការទាមទារសំណង ពួកគេត្រូវផ្តល់ឯកសាររោគវិនិច្ឆ័យពីវេជ្ជបណ្ឌិត អមជាមួយនឹងឯកសារផ្សេងទៀត ដូចដែលបានរៀបរាប់ក្នុងនិយមន័យនៃរោគវិនិច្ឆ័យ ដោយការចំណាយជាបន្ទុករបស់ពួកគេ ដើម្បីប្រគល់ជូនក្រុមហ៊ុនក្នុងរយៈពេល មួយរយប៉ែតសិប (១៨០) ថ្ងៃ បន្ទាប់ពីថ្ងៃនៃការធ្វើរោគវិនិច្ឆ័យ ឬប្រតិបត្តិការវះកាត់។

ពេលដែលមានការទាមទារសំណងជំងឺធ្ងន់ធ្ងរ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអង្កេតបន្ថែមដោយសមហេតុផលទៅលើសមាជិកដែលត្រូវបានធានា ដោយរាប់បញ្ចូលទាំងការធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីជាជំនួយដល់ដំណើរការវាយតមៃ្លការទាមទារសំណង ដើម្បីកំណត់ថាតើដើមហេតុនៃជំងឺនោះ ស្ថិតនៅក្នុងវិសាលភាពនៃការធានារ៉ាប់រងក្នុងផលិតផលបន្ថែមនេះ ឬទេ។

ក្រុមហ៊ុនមានសិទ្ធិតម្រូវឲ្យសមាជិកដែលត្រូវបានធានាត្រួតពិនិត្យសុខភាពទៅតាមតម្រូវការចាំបាច់ក្នុងអំឡុងពេលនៃដំណើរការទាមទារសំណង។ លើសពីនេះទៀត ក្រុមហ៊ុនមានសិទ្ធិទាមទារនូវភស្តុតាងបញ្ជាក់បន្ថែម និងត្រួតពិនិត្យកំណត់ត្រា សុខភាព លទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ លទ្ធផលពីមន្ទីរពិសោធន៍ លទ្ធផលនៃការថតដោយកាំរស្មីអ៊ិច និងលទ្ធផលនៃការត្រួត ពិនិត្យផ្សេងៗទៀតពីសមាជិកដែលត្រូវបានធានា។ ក្នុងករណីដែលក្រុមហ៊ុនទាមទារឲ្យសមាជិកដែលត្រូវបានធានាធ្វើការពិនិត្យសុខភាពបន្ថែម ក្រុមហ៊ុននឹងទទួលខុសត្រូវលើការចំណាយនៃការពិនិត្យសុខភាពបន្ថែមនេះ។

ក្នុងករណីដែលសមាជិកដែលត្រូវបានធានាបដិសេធមិនព្រមឲ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យលើកំណត់ត្រាសុខភាព និងការធ្វើរោគវិនិច្ឆ័យផ្សេងទៀត ដែលជួយដល់ការពិចារណាលើការទូទាត់សំណង ក្រុមហ៊ុនមានសិទ្ធិក្នុងការបដិសេធមិនទូទាត់សំណងជូនសមាជិកដែលត្រូវបានធានា។

ផលិតផលបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម ដែលភ្ជាប់ផលិតផលបន្ថែមនេះអស់សុពលភាព ឬ
២. ប្រសិនបើគ្មានការបង់បុព្វលាភរ៉ាប់រងសម្រាប់ផលិតផលបន្ថែមក្នុងរយៈពេល សាមសិបមួយ (៣១) ថ្ងៃ នៃរយៈពេលអនុគ្រោះ ឬ
៣. នៅពេលដែលក្រុមហ៊ុនទូទាត់សងទឹកប្រាក់ដែលត្រូវបានធានា សម្រាប់ផលិតផលបន្ថែមនេះរួចរាល់ ឬ
៤. នៅខួបនៃបណ្ណសន្យារ៉ាប់រងជាក្រុមដែលភ្ជាប់ផលិតផលបន្ថែមនេះ ដែលអាចអនុវត្ដចំពោះតែសមាជិកដែលត្រូវបានធានាដែលឈានចូលដល់អាយុ ៦៦ ឆ្នាំ

ប្រសិនបើការទាមទារសំណងក្រោមផលិតផលបន្ថែមនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ក្រោមផលិតផលបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។

ក្រុមហ៊ុនអាចលុបចោលផលិតផលបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាងសាមសិប (៣០) ថ្ងៃជាមុន ប្រសិនបើមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះ ក្រុមហ៊ុននឹងបង្វិលបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាសម្រាប់តែផ្នែកដែលមិនទាន់បានធានាតែប៉ុណ្ណោះ។

ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបានដប់ (១០) ថ្ងៃមុនកាលបរិច្ឆេទការលុបចោលដែលបានកំណត់ក្នុងលិខិតជូនដំណឹង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងមានបំណងចង់លុបចោលផលិតផលបន្ថែមនេះមុនថ្ងៃផុតកំណត់ ដែលការលុបចោលនេះនឹងមាន សុពលភាពនៅថ្ងៃដែលបានកំណត់ក្នុងលិខិតជូនដំណឹង។ យោងតាមហេតុផលសមស្រប ក្រុមហ៊ុននឹងបង្វិលបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាសម្រាប់តែផ្នែកដែលមិនទាន់បានធានាតែប៉ុណ្ណោះ។

ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយ ក្រោមផលិតផលបន្ថែមនេះឡើយ លុះត្រាតែ សមាជិកដែលត្រូវបានធានា បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃផលិតផលបន្ថែមនេះ។

ផលិតផលបន្ថែមនេះ នឹងមិនធានារ៉ាប់រងចំពោះជំងឺធ្ងន់ធ្ងរណាមួយដែលកើតឡើងដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដីដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម៖

ក. ជំងឺដែលមានស្រាប់មានន័យថា៖

១. ជំងឺដែលកើតមានស្រាប់ ឬកំពុងមាន មុនពេលស្នើសុំបណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ;
២. មូលហេតុដែលបណ្ដាលឲ្យមានជំងឺមានស្រាប់ ឬកំពុងមាន មុនពេលស្នើសុំបណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ;
៣. សមាជិកដែលត្រូវបានធានាដឹងថាមានសញ្ញា ឬរោគសញ្ញានៃរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ;
៤. លទ្ធផលការធ្វើតេស្ដពីបន្ទប់ពិសោធន៍ ឬការអង្កេតបង្ហាញថាមានរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ

ខ. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថា មានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដីក្នុងរយៈពេលពីរ (២) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផលិតផលបន្ថែមមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវផលិតផលបន្ថែមនេះ ដោយគិតកាលបរិច្ឆេទចុងក្រោយគេ ឬ
គ. ការធ្វើរោគវិនិច្ឆ័យនៃជំងឺធ្ងន់ធ្ងរដែលមានរៀបរាប់ខាងលើដែលកើតឡើង មុនថ្ងៃដែលក្រុមហ៊ុនយល់ព្រមទទួល បណ្ណសន្យារ៉ាប់រងនេះ ឬក្នុងរយៈពេលកៅសិប (៩០) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែល ក្រុមហ៊ុនយល់ព្រមទទួល បណ្ណសន្យារ៉ាប់រងនេះ ឬកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ឬ
ឃ. ឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុស្រវឹង គ្រឿងញៀន ឬ
ង. ជំងឺអេដស៍ ឬការផ្ទុកមេរោគអេដស៍ ។