សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • ទទួលបានអត្ថប្រយោជន៍ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់(1)‎‎‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎
  • ទទួលបានអត្ថប្រយោជន៍ទ្វេដងក្នុងករណីមរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់(១)
  • ទទួលបានទឹកប្រាក់បន្ថែម ៥% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅរៀងរាល់ ៥ ឆ្នាំ រហូតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង(២)
  • ទទួលបានអត្ថប្រយោជន៍ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង(៣)
  • មិនមានការតម្លើងតម្លៃបុព្វលាភធានារ៉ាប់រងពេញមួយរយៈពេលធានារ៉ាប់រង

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៤០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១៥ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១៥ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៤០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១៥ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១៥ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

ចំណាំ

(1)​ បណ្ណសន្យារ៉ាប់រងនេះ​ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍​ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍​ ត្រូវបានទូទាត់រួច។

(2) អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូន ប្រសិនបើមិនមានការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ណាមួយកើតឡើងនៅក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។

(3) អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូន ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងនៅមានជីវិតរហូតដល់កាលបរិច្ឆេទផុតសុពលភាព ហើយមិនមានការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ណាមួយកើតឡើងនៅក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។

បរិយាយផលិតផល

“ក្រុមហ៊ុន” មានន័យថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដូចមានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

“បណ្ណសន្យារ៉ាប់រង” មានន័យថាបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកដែលត្រូវបានធានាក្នុងកិច្ចសន្យាធានារ៉ាប់រង។

“កិច្ចសន្យាធានារ៉ាប់រង” មានន័យថាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកដែលត្រូវបានធានា ដែលតាមរយៈនោះ ក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពីអ្នកដែលត្រូវបានធានា។ កិច្ចសន្យាធានារ៉ាប់រង រួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត បណ្ណសន្យារ៉ាប់រងបន្ថែម ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ឬសំណើសុំផ្លាស់ប្តូរដែលចុះហត្ថលេខាដោយ ក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពពីវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។

“អ្នកដែលត្រូវបានធានា” មានន័យថា បុគ្គលដែលចាត់ទុកថាអ្នកដែលត្រូវបានធានានៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬ ឯកសារភ្ជាប់ ដែលត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រង។

“បុព្វលាភរ៉ាប់រង” មានន័យថាជាចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានាត្រូវបង់ទៅឲ្យក្រុមហ៊ុនតាមការកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។

“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” មានន័យថាឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកដែលត្រូវបានធានាបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើម។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថាអំឡុងពេលនីមួយៗក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃបណ្ណសន្យារ៉ាប់រង។

“តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង” មានន័យថា ទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ទៅឲ្យអ្នកដែលត្រូវបានធានា ដែលបោះបង់បណ្ណសន្យារ៉ាប់រងអាយុជីវិត (ប្រសិនបើមាន)។

“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកដែលត្រូវបានធានា។

“ការរងរបួស” មានន័យថារបួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។

“អ្នកទទួលផលប្រយោជន៍” មានន័យថាបុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកដែលត្រូវបានធានាឲ្យធ្វើជាអ្នកទទួលផលប្រយោជន៍ យោងតាមកិច្ចសន្យាធានារ៉ាប់រង និងជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មានន័យថាអ្នកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ

- ជើងម្ខាង និងភ្នែកម្ខាង។

ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។

ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពី ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាព ត្រូវបានបញ្ជាក់ត្រឹមត្រូវ។

ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ លិខិតបញ្ជាក់បែបនេះ អាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន។

“កីឡាគ្រោះថ្នាក់” មានន័យថាកីឡាដែលពាក់ព័ន្ធនឹងសកម្មភាពដែលបង្កឲ្យមានហានិភ័យនៃការបាត់បង់ ឬឱនភាពធ្ងន់ធ្ងរលើសមត្ថភាពសំខាន់ចាំបាច់នៃចលនា/មុខងាររបស់មនុស្ស។ ដូច្នេះ កីឡាគ្រោះថ្នាក់មានកម្រិតលំដាប់ហានិភ័យខ្ពស់។

កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកដែលត្រូវបានធានាក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីអះអាងលើសុខភាព និងការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយអ្នកដែលត្រូវបានធានា និងនៅពេលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។

ក្នុងករណីដែលអ្នកដែលត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានការផ្លាស់ប្តូរលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងនឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី ១ នៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ២ នោះទេ។

ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទដល់ខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធការផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះ ត្រូវបានពិពណ៌នានៅក្រោមផ្នែកស្តីពី “រូបិយបណ្ណ” នៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវីញចុងក្រោយ ប្រសិនបើបណ្ណសន្យារ៉ាប់រងត្រូវដាក់ឲ្យអនុវត្តឡើងវិញ លើកលែងតែករណីអ្នកដែលត្រូវបានធានាមិនមានអត្ថប្រយោជន៍ដែលអាចធានាបានក្នុងការធានារ៉ាប់រងនេះ ឬបានផ្តល់ព័ត៌មានមិនពិតពីអាយុរបស់អ្នកដែលត្រូវបានធានា ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។

សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានចាត់ទុកជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។

ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិរបស់បណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនបន្ទាប់ពីបានជូនដំណឹងជាលាយលក្ខណ៍អក្សរ។

អ្នកដែលត្រូវបានធានា ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់របស់ក្រុមហ៊ុន។

អ្នកដែលត្រូវបានធានាមានសិទ្ធិកំណត់អ្នកទទួលផលប្រយោជន៍ និងបន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ផ្សេងៗដូចមានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបញ្ជាក់ពីអ្នកទទួលផលប្រយោជន៍ នោះអត្ថប្រយោជន៍ទាំងអស់នឹងត្រូវបង់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។

ប្រសិនបើមានតែអ្នកទទួលផលប្រយោជន៍តែម្នាក់ដែលបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍នោះទទួលមរណភាព មុន ឬស្របពេលជាមួយអ្នកដែលត្រូវបានធានា អ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុន នៅពេលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។

ប្រសិនបើមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍ម្នាក់ ក្នុងចំណោមអ្នកទទួលផលប្រយោជន៍ទាំងអស់ទទួលមរណភាពមុន ឬស្របពេលជាមួយអ្នកដែលត្រូវបានធានា នោះអ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅអ្នកទទួលផលប្រយោជន៍ផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសេសសល់របស់អ្នកទទួលផលប្រយោជន៍ដែលបានទទួលមរណភាព ទៅអ្នកទទួលផលប្រយោជន៍ផ្សេងៗទៀតដែលនៅរស់នូវចំនួន ស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។

ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍ថ្មី គឺជា ឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬកូនរបស់អ្នកដែលត្រូវបានធានា ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃដែលអ្នកដែលត្រូវបានធានាបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលប្រយោជន៍ដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នោះជាមុនពីអ្នកដែលត្រូវបានធានា។

ក្នុងករណីដែលមានអ្នកទទួលផលប្រយោជន៍ថ្មីមិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬកូនរបស់អ្នកដែលត្រូវបានធានាទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

ប្រសិនបើអ្នកដែលត្រូវបានធានាត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផលប្រយោជន៍ ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលត្រូវបង់ ដោយយោងតាមចំនួនទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងទៅឲ្យទាយាទស្របច្បាប់របស់អ្នកដែលត្រូវបានធានាដែលមិនមែនជាចារី (ជនដៃដល់) សហចារី(អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្ម។ ផ្ទុយទៅវិញ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រង មិនទាន់មានតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង នោះក្រុមហ៊ុននឹងប្រគល់ជូនវិញទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្តែងសរុបដែលបានបង់រួចហើយតែប៉ុណ្ណោះដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងករណីដែលមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ បើអ្នកទទួលផលប្រយោជន៍ណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ដែលត្រូវបានធានា ទៅឲ្យអ្នកទទួលផលប្រយោជន៍ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលប្រយោជន៍ដែលបានប្រព្រឹត្តនូវអំពើឃាតកម្មត្រូវបានទទួល។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ទាំងអស់ដែលជាផ្នែកនៃបុព្វលាភរ៉ាប់រងនេះឡើយ។

នៅពេលប្រគល់បុព្វលាភរ៉ាប់រង ឬតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងក្នុងករណីឃាតកម្មដោយអ្នកទទួលផលប្រយោជន៍ ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់តាមបណ្ណសន្យារ៉ាប់រងនេះ។

រាល់ការធ្វើវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវវិសោធនកម្មនោះ និងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រាវិសោធនកម្មនោះក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។

ប្រសិនបើអ្នកដែលត្រូវបានធានាបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ហើយបណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភរ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភរ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីអ្នកដែលត្រូវបានធានាបានបង់បុព្វលាភរ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងដែលលើសជូនវិញ។

ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់អ្នកដែលត្រូវបានធានាសិ្ថតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រង ទៅឲ្យអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ ទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (បើមាន) ។

បុព្វលាភរ៉ាប់រងត្រូវបង់នៅមុន ឬ នៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មាន ជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬ ភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬវិធីសាស្រ្តបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកដែលត្រូវបានធានា និង ក្រុមហ៊ុន។ ក្រុមហ៊ុននឹងចេញបង្កាន់ដៃទទួលប្រាក់បញ្ជាក់ពីការបានទទួលបុព្វលាភរ៉ាប់រងទុកជាភស្តុតាង។

ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ឲ្យបង់បុព្វលាភរ៉ាប់រង តាមរបៀបផ្សេងៗនៃការបង់បុព្វលាភ លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភរ៉ាប់រងដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុន ត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងនេះ។

អ្នកដែលត្រូវបានធានាអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភ រ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើរសុំផ្លាស់ប្តូរនោះ។

ការបង់បុព្វលាភរ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភរ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យា (បង់ប្រាក់) មូលប្បទានបត្រ រូបិយាណត្តិ ឬ តាមរយៈមធ្យោបាយផ្សេងៗ នឹងត្រូវចាត់ទុកថាបានបង់នៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។

នៅពេលដែលអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រង នៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលសាមសិបមួយ (៣១) ថ្ងៃបន្ថែមទៀត ដែលជារយៈពេលអនុគ្រោះ គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភរ៉ាប់រងដែលនៅជំពាក់ឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះ ពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។

ប្រសិនបើអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រង ក្នុងរយៈពេលអនុគ្រោះដូចមានចែងក្នុង ប្រការ ១៤ នោះ បណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពដោយគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង លើកលែងតែក្នុងករណីដែលមានប្រការផ្សេងទៀតដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលអាចធ្វើឲ្យបណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្ត។ ទោះជាយ៉ាងណា ក្រុមហ៊ុននឹងបង់តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ជូនអ្នកដែលត្រូវបានធានាក្នុងករណីផុតសុពលភាព។

ក្នុងអំឡុងពេលពីរ (២) ឆ្នាំក្រោយពីការផុតសុពលភាព ហើយតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនទាន់បានធ្វើការទូទាត់ នោះអ្នកដែលត្រូវបានធានាអាចធ្វើការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដូចខាងក្រោម៖

របៀបទី ១ ៖ បង់ប្រាក់ដែលយឺតយ៉ាវមិនបានបង់ទាំងអស់ និងការប្រាក់ដែលបានបង្គរទុក ដែលស្មើនឹង ការប្រាក់នៃការកំណត់តម្លៃធានារ៉ាប់រង (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។

របៀបទី ២ ៖ ផ្លាស់ប្តូរកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ដោយបូកបន្ថែមរយៈពេលផុតសុពលភាពជាមួយកាលបរិច្ឆេទសុពលភាពចាស់។ សម្រាប់ការជ្រើសរើសរបៀបទី ២ នេះ អ្នកដែលត្រូវបានធានាត្រូវបង់ថ្លៃបុព្វលាភរ៉ាប់រងថ្មី ដោយយោងតាមអាយុរបស់អ្នកដែលត្រូវបានធានា នៅកាលបរិច្ឆេទសុពលភាពថ្មី។ អ្នកដែលត្រូវបានធានាត្រូវបង់ទៅឲ្យក្រុមហ៊ុននូវទឹកប្រាក់ដែលខុសគ្នារវាងបុព្វលាភរ៉ាប់រងដែលបានបង់ និងបុព្វលាភថ្មី។

ដើម្បីដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង អ្នកដែលត្រូវបានធានាត្រូវអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖

១. ធ្វើលិខិតស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ដោយប្រើទម្រង់ដែលផ្តល់ដោយក្រុមហ៊ុន

២. ដាក់ឯកសារដែលបញ្ជាក់ថា អ្នកដែលត្រូវបានធានាពិតជាមានសុខភាពល្អ និងស្ថិតក្នុងលក្ខខណ្ឌដែលអាចធានាបាន។ អ្នកដែលត្រូវបានធានាត្រូវទទួលខុសត្រូវក្នុងការចំណាយដើម្បីទទួលបានឯកសារនេះ។

៣. សងរាល់បំណុលទាំងអស់ទៅក្រុមហ៊ុន (ប្រសិនបើមាន) ជាមួយនឹងការប្រាក់ដែលបានបង្គរទុក ដូចមានបញ្ជាក់នៅក្នុង បណ្ណសន្យារ៉ាប់រង។

ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុន អនុម័តទទួលយក។

អ្នកដែលត្រូវបានធានាមានសិទ្ធិបញ្ឈប់កិច្ចសន្យារ៉ាប់រង ដោយបោះបង់បណ្ណសន្យារ៉ាប់រង និងទទួលយកតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង ដោយយោងតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (បើមាន)។

ទោះជាយ៉ាងណា ការបញ្ឈប់បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចប់សព្វគ្រប់ លុះត្រាតែក្រុមហ៊ុនផ្តល់ការយល់ព្រមលើការស្នើសុំបញ្ឈប់នេះជាលាយលក្ខណ៍អក្សរ។

ប្រសិនបើអ្នកដែលត្រូវបានធានា ខកខានក្នុងការបង់បុព្វលាភរ៉ាប់រងក្រោយពីរយៈពេលអនុគ្រោះផុតកំណត់ កម្ចីបណ្ណសន្យារ៉ាប់រងនឹងត្រូវយកពីតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ដើម្បីបង់បុព្វលាភរ៉ាប់រង ប្រតិបត្តិការនេះនឹងត្រូវបន្តរហូតដល់តម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងនៅសល់តិចជាងចំនួនបុព្វលាភរ៉ាប់រង ក្នុងករណីនេះបណ្ណសន្យារ៉ាប់រងត្រូវផុតសុពលភាព។ ករណីនេះ ក្រុមហ៊ុននឹងគិតការប្រាក់កម្ចី ស្មើនឹងការប្រាក់នៃការកំណត់តម្លៃធានារ៉ាប់រង (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។

ក្នុងករណីដែលតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនគ្រប់គ្រាន់ក្នុងការបង់ចំនួនបុព្វលាភរ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ក្រុមហ៊ុននឹងកែប្រែរបៀបនៃការបង់បុព្វលាភរ៉ាប់រង (ដូចមានចែងក្នុងប្រការ ១៣) ដើម្បីឲ្យទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រងនៅសល់គ្រប់គ្រាន់សម្រាប់កាត់កងបុព្វលាភរ៉ាប់រង។

បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យារ៉ាប់រង។

អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់អ្នកទទួលផលប្រយោជន៍។

អ្នកទទួលផលប្រយោជន៍ត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យលើអ្នកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផលប្រយោជន៍ ឬភាគីរបស់អ្នកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែល ត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យ វិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់កើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកដែលត្រូវបានធានា លើកលែងតែមានភស្ដុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់អ្នកដែលត្រូវបានធានា តាមដែលក្រុមហ៊ុនយល់ថាសមស្រប នៅក្នុងរយៈពេលដំណើរការវាយតម្លៃសំណង។

ក. ករណីបោះបង់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលត្រូវបានទទួលពីការបោះបង់បណ្ណសន្យារ៉ាប់រង

១. បំពេញពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

ខ. ករណីមរណភាពដោយសារជំងឺ

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផលប្រយោជន៍ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី

ករណីមរណភាពដោយគ្រោះថ្នាក់ដោយចៃដន្យ រាល់ឯកសារខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖

១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

គ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន

៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។

២២.១ ករណីលើកលែង សម្រាប់ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវ បណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ

ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ

គ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។

ប្រសិនបើការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកដែលត្រូវបានធានាបណ្ដាលមកពីករណីលើកលែងពីចំណុច ក ទៅ គ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យអ្នកទទួលផលប្រយោជន៍ ឬទាយាទរបស់អ្នកដែលត្រូវបានធានា ឬអ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

ការទាមទារអត្ថប្រយោជន៍បន្ថែមករណីមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ ដែលបណ្តាលមកពីករណីណាមួយខាងក្រោមនេះទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវ បណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ

ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តល្មើសព្រហ្មទណ្ឌណាមួយពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ

គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកំរិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា ឬ

ឃ. ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់ រួមមានជាអាទិ៍ ប៉ុន្តែមិនកំណត់ត្រឹមតែ ការជ្រមុជក្នុងទឹក (Scuba Diving) ការឡើងភ្នំ (Mountain Climbing) ការលោតឆ័ត្រយោង (Parachuting) ឬការប្រណាំងដោយល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីពផ្សេងៗ ឬ

ង. ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះពហុម៉ាស៊ីន ដែលមានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគធ្វើដំណើរព្រមទាំងមានអាជ្ញាបណ្ណត្រឹមត្រូវ ឬ

ច. សង្រ្គាម ឬអំពើហិង្សា រួមមានដូចជា ការលុកលុយ សកម្មភាពឈ្លានពានរបស់បរទេស អំពើរបស់សត្រូវ (ទោះបីជាមាន ឬគ្មានការប្រកាសសង្រ្គាមក៏ដោយ) សង្រ្គាមស៊ីវិល អំពើបះបោរ បដិវត្តន៍ កុបកម្ម ការជ្រៀតជ្រែករបស់អាជ្ញាធរយោធា ឬ ការដណ្តើមអំណាច។

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍បន្ថែមករណីមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ ដែលបណ្តាលមកពីករណីលើកលែង ពី ក ដល់ ច ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្តី ទៅឲ្យអ្នកទទួលផលប្រយោជន៍ ឬទាយាទរបស់អ្នកដែលត្រូវបានធានាឡើយ។

ដោយផ្អែកលើហេតុផលណាមួយ អ្នកដែលត្រូវបានធានាមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនេះជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរក្នុងរយៈពេលម្ភៃមួយ (២១) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត។ ក្នុងករណីមានការប្រគល់វិញនោះ បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។

ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភរ៉ាប់រងដែលបានបង់រួច ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (បើមាន) ដែលអ្នកដែលត្រូវបានធានាជំពាក់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការយកថ្លៃសេវាប្រតិបត្តិការនេះ។

អ្នកដែលត្រូវបានធានាដែលបានទាមទារប្រាក់សំណងណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងបានឡើយ។

ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រងនេះ គូភាគីវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់គ្នា ដោយផ្អែកតាមការចរចារ និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ វិវាទនោះនឹងត្រូវដោះស្រាយដោយមជ្ឈត្តការ ឬដោយប្រព័ន្ធតុលាការ។