
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ផ្ដល់ជូនទឹកប្រាក់បន្ថែម ២.៥% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅរៀងរាល់ ២ ឆ្នាំម្ដង (ចុងឆ្នាំ) (១)
- ផ្ដល់ជូនអត្ថប្រយោជន៍ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង
- ផ្ដល់ជូនអត្ថប្រយោជន៍ ២០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ (២)
- ផ្ដល់ជូនអត្ថប្រយោជន៍ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីជំងឺ។ (២)
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ៥ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៦៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៥០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ៥ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ៣ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ៥ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៦៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៥០០០ ដុល្លារ |
Coverage term | ៥ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ៣ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
ចំណាំ
(១) លើកលែងតែឆ្នាំនៃកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។
(២) បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ត្រូវបានទូទាត់រួច។
បរិយាយផលិតផល
១. និយមន័យ
“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។
“ការរងរបួស” សំដៅដល់ របួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើម ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត នៅក្រោយពេលដែលបុព្វលាភធានារ៉ាប់រងត្រូវបានបង់រួចរាល់ ហើយក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រង ។
“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីអ្នកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមាន បណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូរដោយអ្នកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពធ្វើដោយវេជ្ជបណ្ឌិត និង សេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជា កិច្ចសន្យាធានារ៉ាប់រងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។
“ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ ខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិចេ្ឆទដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត ឬ កាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ។
“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ដែលមិនមែនជាជំងឺ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រង។ ការធ្វើ អត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី មិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់នោះទេ។
“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃឆ្នាំដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត។
“តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង” សំដៅដល់ ទឹកប្រាក់ (ប្រសិនបើមាន) ដែលក្រុមហ៊ុនត្រូវបង់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងដែលបោះបង់បណ្ណសន្យារ៉ាប់រងអាយុជីវិត។
“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងក្នុងកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” សំដៅដល់ អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
• ដៃទាំងពីរ ឬ
• ជើងទាំងពីរ ឬ
• ដៃម្ខាង និងជើងម្ខាង ឬ
• ភ្នែកទាំងពីរ ឬ
• ភ្នែកម្ខាង និងដៃម្ខាង ឬ
• ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកម្ខាង ឬទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
“មន្ទីរពេទ្យ” សំដៅដល់ គ្រឹះស្ថានបងើ្កតឡើងស្របច្បាប់ ដែលធ្វើប្រតិបត្តិការដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖
១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ មណ្ឌលកែប្រែអ្នកដែលញៀនគ្រឿងស្រវឹង ឬ ថ្នាំញៀន គិលានុបដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។
“វេជ្ជបណ្ឌិត” សំដៅដល់ វេជ្ជបណ្ឌិតសម័យទំនើប ដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែប វេជ្ជសាស្រ្ដ ឬ សេវាកម្មវះកាត់ ដែលមិនមែនជាអ្នកត្រូវបានធានារ៉ាប់រង ឬ សមាជិកគ្រួសារ (រាប់ទាំងបុព្វញាតិ និងបច្ឆាញាតិ) របស់អ្នកត្រូវបានធានារ៉ាប់រងឡើយ។
“អ្នកត្រូវបានធានារ៉ាប់រង” សំដៅដល់ បុគ្គលដែលត្រូវចាត់ទុកជាអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ឬឯកសារភ្ជាប់ដែលត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រង។
“អ្នកទទួលផល” សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និង ជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាមបណ្ណសន្យារ៉ាប់រង បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព។
២. កម្មវត្ថុនៃការធានា
កម្មវត្ថុនៃការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺរូបរាងកាយ និងអាយុជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។
៣. វិសាលភាពនៃការធានា
វិសាលភាពនៃការធានាគឺ មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពី ជំងឺ ឬ គ្រោះថ្នាក់។
៤. អត្ថប្រយោជន៍នៃការធានា
៤.១ ពណ៌នាអំពីអត្ថប្រយោជន៍នៃការធានា
៤.១.១ អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារជំងឺ
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវទូទាត់ជូនអ្នកទទួលផល ឬអ្នកត្រូវបានធានារ៉ាប់រង។
៤.១.២ អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រៃ្តយ៍ដោយសារគ្រោះថ្នាក់
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ នៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង ២០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវទូទាត់ជូនអ្នកទទួលផល ឬអ្នកត្រូវបានធានារ៉ាប់រង។
ចំណាំ៖ ករណីការធ្វើអត្តឃាត ឬ ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ដែលកើតឡើងក្រោយរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ មិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់នោះទេ។ ក្នុងករណីនេះ អត្ថប្រយោជន៍ដែលអាចនឹងផ្តល់ជូន ត្រូវស្មើនឹងអត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ។
៤.១.៣ អត្ថប្រយោជន៍នៅថ្ងៃដល់កំណត់នៃបណ្ណសន្យារ៉ាប់រង
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវទូទាត់ជូនអ្នកត្រូវបានធានារ៉ាប់រងជាអត្ថប្រយោជន៍នៅថ្ងៃដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។
៤.១.៤ ទឹកប្រាក់បន្ថែម
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតនៅក្នុងអំឡុងពេលនៃការធានារ៉ាប់រង ទឹកប្រាក់បន្ថែម ២.៥% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ជូនអ្នកត្រូវបានធានារ៉ាប់រងនៅរៀងរាល់ ២ ឆ្នាំម្ដង (ចុងឆ្នាំ) លើកលែងតែឆ្នាំនៃកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។
៤.២ ការផ្លាស់ប្តូរអត្ថប្រយោជន៍ធានារ៉ាប់រង
នៅមុនពេលដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវអត្ថប្រយោជន៍ករណីមរណភាព និង/ឬ ពិការភាពទាំងស្រុងនិងអចិន្រ្តៃយ៍ ដោយសារជំងឺ និង/ឬ ដោយសារគ្រោះថ្នាក់ដោយផ្អែកលើកត្តាហានិភ័យគ្រោះថ្នាក់ការងារ ឬបញ្ហាសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង។ ការផ្លាស់ប្តូរនឹងមានសុពលភាព លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រងទទួលយកការកែប្រែនោះ ហើយក្រុមហ៊ុនចេញ បណ្ណសន្យារ៉ាប់រង។
៥. ការបង់បុព្វលាភធានារ៉ាប់រង
៥.១ វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់នៅមុន ឬនៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មានជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬ ប្រចាំខែ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬ របៀបបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។
ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀបនៃការបង់បុព្វលាភធានារ៉ាប់រង ផ្សេងពីរបៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុនត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
អ្នកត្រូវបានធានារ៉ាប់រងអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះនឹងមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើសុំផ្លាស់ប្តូរនោះ។
ការបង់បុព្វលាភធានារ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភធានារ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងៗនឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។
៥.២ រយៈពេលអនុគ្រោះ
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងនៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភធានារ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រង ដោយមិនគិតការប្រាក់។
៥.៣ ការផុតសុពលភាព
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលអនុគ្រោះ ដូចមានចែងក្នុងប្រការ ៥.២ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពដោយគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង លើកលែងតែក្នុងករណីដែលមានប្រការផ្សេងទៀតដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលអាចធ្វើឲ្យបណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្ត។ ក្រុមហ៊ុននឹងបង់តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ជូនអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ឬ ទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីផុតសុពលភាព។
៦. ករណីមិនធានា
សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ ដោយប្រយោលក្តី នឹងមិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬ ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលណាម្នាក់។ យ៉ាងណាមិញ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះ នៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេ ឬ
គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។
ប្រសិនបើការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតចេញពីករណីមិនធានាពីចំណុច ក ទៅ គ ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យអ្នកទទួលផល ឬ ទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រងតែបុព្វលាភធានារ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងការប្រគល់បុព្វលាភធានារ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយ ដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ (ប្រសិនបើមាន)។
៧. ទីតាំងភូមិសាស្រ្តនៃការធានា
ក្រុមហ៊ុនផ្តល់ការធានារ៉ាប់រងជាសកលចំពោះអ្នកត្រូវបានធានារ៉ាប់រង។
៨. លក្ខណៈសម្បត្តិនៃអ្នកទទួលផល
៨.១ អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិកំណត់អ្នកទទួលផល។ បន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ផ្សេងៗដូចបានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនបានបញ្ជាក់ពីអ្នកទទួលផល នោះអត្ថប្រយោជន៍ទាំងអស់នឹងត្រូវបង់ទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។
ប្រសិនបើមានតែអ្នកទទួលផលតែម្នាក់ដែលបានកំណត់ ហើយអ្នកទទួលផលនោះទទួលមរណភាព មុន ឬ ស្របពេលជាមួយអ្នកត្រូវបានធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផល។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខាន ឬ មិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទៅក្រុមហ៊ុន នៅពេលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់ អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។
ប្រសិនបើមានអ្នកទទួលផលលើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលម្នាក់ក្នុងចំណោមអ្នកទទួលផលទាំងអស់ទទួលមរណភាពមុន ឬស្របពេលជាមួយអ្នកត្រូវបានធានារ៉ាប់រង នោះអ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផល ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ ទៅអ្នកទទួលផលផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខាន ឬ មិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសល់របស់អ្នកទទួលផលដែលបានទទួលមរណភាព ទៅអ្នកទទួលផលផ្សេងៗទៀតដែលនៅរស់នូវចំនួនស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។
៨.២ ការផ្លាស់ប្តូរអ្នកទទួលផល
ក្នុងករណីដែលអ្នកទទួលផលថ្មី គឺជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកត្រូវបានធានារ៉ាប់រង ការផ្លាស់ប្តូរអ្នកទទួលផល នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រងបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវប្រសិនបើអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលនោះជាមុនពីអ្នកត្រូវបានធានារ៉ាប់រង។
ក្នុងករណីដែលអ្នកទទួលផលថ្មីមិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកត្រូវបានធានារ៉ាប់រងទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលនឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និង កត់ត្រា ពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។
៨.៣ ការធ្វើឃាតដោយចេតនាដោយអ្នកទទួលផល
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផល ឬអ្នកទទួលផលជាចារី សហចារី (អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការសម្លាប់អ្នកត្រូវបានធានារ៉ាប់រង ការទទួលខុសត្រូវរបស់ក្រុមហ៊ុនត្រូវកម្រិតត្រឹមតែតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់ បណ្ណសន្យារ៉ាប់រង (Policy Surrender Value)ទៅឲ្យទាយាទស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រងដែលមិនមែនជាចារី (ជនដៃដល់) សហចារី (អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្ម។ យ៉ាងណាមិញ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រង មិនទាន់មានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) នោះក្រុមហ៊ុននឹងសម្រួលដោយប្រគល់ជូនវិញទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង តែបុព្វលាភធានារ៉ាប់រងជាក់ស្តែងសរុបដែលបានបង់រួចហើយតែប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងករណីដែលមានអ្នកទទួលផលលើសពីម្នាក់ បើអ្នកទទួលផលណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនត្រូវទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ធានារ៉ាប់រងទៅឲ្យអ្នកទទួលផល ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលដែលបានប្រព្រឹត្តនូវអំពើឃាតកម្ម ដែលត្រូវបានទទួល។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ដែលជាផ្នែកនៃបុព្វលាភធានារ៉ាប់រងនេះឡើយ។
នៅពេលប្រគល់បុព្វលាភធានារ៉ាប់រង ឬតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង ឬទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្នុងករណីឃាតកម្មធ្វើដោយអ្នកទទួលផលក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ (ប្រសិនបើមាន)។
៩. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង
រាល់ការកែប្រែនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវវិសោធនកម្មនោះ ហើយវិសោធនកម្មនេះនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
៩.១ ការផ្លាស់ប្ដូរការងារ
អ្នកត្រូវបានធានារ៉ាប់រង ត្រូវផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗទៅក្រុមហ៊ុនស្ដីពីការផ្លាស់ប្ដូរការងាររបស់ខ្លួន ហើយត្រូវបង់បុព្វលាភធានារ៉ាប់រងបន្ថែម បើសិនជាតម្រូវ។
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រង ខកខានមិនបានផ្ដល់ដំណឹងជូនក្រុមហ៊ុនពីការផ្លាស់ប្ដូរការងាររបស់ខ្លួនទេ ហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងរងរបួស ឬមានគ្រោះថ្នាក់នៅពេលដែលបំពេញការងារដែលមានហានិភ័យជាងការងារចាស់ ក្រុមហ៊ុននឹងផ្ដល់សំណងក្នុងទំហំដែលចំនួនបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសម្រាប់ការធានារ៉ាប់រងក្រោមលក្ខខណ្ឌនៃការងារចាស់ ដែលអាចទិញការធានារ៉ាប់រងក្រោមលក្ខខណ្ឌនៃការងារថ្មីតែប៉ុណ្ណោះ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងផ្លាស់ប្ដូរទៅធ្វើការងារដែលក្រុមហ៊ុនចាត់ទុកថាជាការងារដែលមានហានិភ័យតិចជាងមុន នោះក្រុមហ៊ុននឹងកាត់បន្ថយអត្រាបុព្វលាភធានារ៉ាប់រងទៅតាមនោះ (ប្រសិនបើមាន) ហើយបង្វិលសងផ្នែកសមាមាត្រនៃបុព្វលាភធានារ៉ាប់រង ដោយគិតពីកាលបរិច្ឆេទនៃការផ្លាស់ប្ដូរ បន្ទាប់ពីទទួលបានភស្ដុតាងបញ្ជាក់ពីការផ្លាស់ប្ដូរ។
៩.២ ការផ្លាស់ប្តូរព័ត៌មានផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង
ក្នុងករណីព័ត៌មានផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមាននៅក្នុងពាក្យស្នើសុំធានារ៉ាប់រង និងឯកសារផ្សេងទៀតមានការផ្លាស់ប្តូរ អ្នកត្រូវបានធានារ៉ាប់រងត្រូវផ្តល់ដំណឹងជូនក្រុមហ៊ុនជាមួយនឹងហេតុផលសមស្រប។ ការផ្លាស់ប្តូរនឹងមានសុពលភាព បន្ទាប់ពីក្រុមហ៊ុនបានអនុម័តយល់ព្រម។
១០. ការបន្តកិច្ចសន្យាធានារ៉ាប់រង
១០.១ ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង
ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ ក្រោយពីកាលបរិច្ឆេទផុតសុពលភាព ហើយតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនទាន់បានធ្វើការទូទាត់ នោះអ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដូចខាងក្រោម៖
របៀបទី ១ ៖ បង់ប្រាក់ដែលយឺតយ៉ាវមិនបានបង់ទាំងអស់ និងការប្រាក់ដែលបានបង្គរទុក ដែលស្មើនឹង ការប្រាក់នៃការកំណត់តម្លៃធានារ៉ាប់រង (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។
របៀបទី ២ ៖ ផ្លាស់ប្តូរកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ដោយបូកបន្ថែមរយៈពេលផុត សុពលភាពជាមួយកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពចាស់។ សម្រាប់ការជ្រើសរើសរបៀបទី ២ នេះ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងថ្មី ដោយយោងតាមអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង នៅកាលបរិច្ឆេទសុពលភាពថ្មី។ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុននូវទំហំទឹកប្រាក់ដែលខុសគ្នារវាង បុព្វលាភធានារ៉ាប់រងដែលបានបង់ និងបុព្វលាភធានារ៉ាប់រងថ្មី។ របៀបទី ២ នេះ នឹងមិនត្រូវបានដាក់ឲ្យអនុវត្តទេ ប្រសិនបើបណ្ណសន្យារ៉ាប់រងមានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់ បណ្ណសន្យារ៉ាប់រង និង/ឬ បណ្ណសន្យារ៉ាប់រងស្ថិតក្រោមការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិ ដូចដែលបានកំណត់ក្នុងចំណុច ១០.២។
ដើម្បីដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងត្រូវអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖
១. ធ្វើលិខិតស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ដោយប្រើទម្រង់ដែលផ្តល់ដោយក្រុមហ៊ុន។
២. ដាក់ឯកសារដែលបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងពិតជាមានសុខភាពល្អ និងស្ថិតក្នុងលក្ខខណ្ឌ
ដែលអាចធានាបាន។ អ្នកត្រូវបានធានារ៉ាប់រងត្រូវទទួលខុសត្រូវក្នុងការចំណាយដើម្បីទទួលបានឯកសារនេះ។
៣. សងរាល់បំណុលទាំងអស់ទៅក្រុមហ៊ុន (ប្រសិនបើមាន) ជាមួយនឹងការប្រាក់ដែលបានបង្គរទុក។
ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុន អនុម័តទទួលយក។
១០.២ ការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិ
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងមុនពេលរយៈពេលអនុគ្រោះផុតកំណត់ ក្រុមហ៊ុននឹងធ្វើការកាត់យកបុព្វលាភធានារ៉ាប់រងពីតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដើម្បីបង់បុព្វលាភធានារ៉ាប់រង ហើយប្រតិបត្តិការនេះនឹងត្រូវបន្តរហូតដល់តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង នៅសល់តិចជាងចំនួនបុព្វលាភធានារ៉ាប់រង ក្នុងករណីនេះបណ្ណសន្យារ៉ាប់រងត្រូវផុតសុពលភាព។ ក្នុងករណីនេះ ក្រុមហ៊ុននឹងគិតការប្រាក់ស្មើនឹងការប្រាក់នៃការកំណត់តម្លៃធានារ៉ាប់រង (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។
ក្នុងករណីដែលតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនគ្រប់គ្រាន់ ក្នុងការបង់ចំនួនបុព្វលាភធានារ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ក្រុមហ៊ុននឹងកែប្រែរបៀបនៃការបង់បុព្វលាភធានារ៉ាប់រង ដើម្បីឲ្យទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងដែលនៅសល់គ្រប់គ្រាន់សម្រាប់កាត់កងបុព្វលាភធានារ៉ាប់រង។
១១. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង
បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
ក. នៅពេលដែលបណ្ណសន្យារ៉ាប់រងនេះដល់កាលបរិច្ឆេទកំណត់អស់សុពលភាព ឬ ត្រូវបានលុបចោល ឬត្រូវបានបោះបង់
ខ. នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ត្រូវបង់រួច។
ការបញ្ចប់បណ្ណសន្យារ៉ាប់រងនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងណាមួយដែលកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភធានារ៉ាប់រងវិញដោយពុំមានគិតការប្រាក់។
១២. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង
១២.១ រយៈពេលពិចារណាចុងក្រោយ
ដោយផ្អែកលើហេតុផលណាមួយ អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនេះជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត។ ក្នុងករណីមានការប្រគល់វិញនោះ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។
ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (ប្រសិនបើមាន) ដែលអ្នកត្រូវបានធានារ៉ាប់រងជំពាក់ក្រុមហ៊ុន។
អ្នកត្រូវបានធានារ៉ាប់រងដែលបានទាមទារអត្ថប្រយោជន៍ណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងបានឡើយ។
១២.២ ការលុបចោលបណ្ណសន្យារ៉ាប់រង
ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់ មិនតិចជាង ៣០ (សាមសិប) ថ្ងៃជាមុន ក្នុងករណីដែលមានភស្តុតាងបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងមានចេតនាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងនឹងត្រូវទូទាត់ជូន ដោយយោងតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) និង អត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។
១២.៣ ការបោះបង់បណ្ណសន្យារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិបញ្ចប់កិច្ចសន្យារ៉ាប់រង ដោយបោះបង់បណ្ណសន្យារ៉ាប់រង និង ទទួលយកតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង ដោយយោងតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) និង អត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។
ទោះជាយ៉ាងណា ការបោះបង់បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចប់សព្វគ្រប់ លុះត្រាតែក្រុមហ៊ុនផ្តល់ការយល់ព្រមលើការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងនេះជាលាយលក្ខណ៍អក្សរ។
១៣. ការទាមទារសំណង
១៣.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង
អ្នកដាក់ពាក្យស្នើសុំទាមទារសំណងអាចជាអ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬ អ្នកតំណាងស្របច្បាប់។
១៣.២ នីតិវិធីនៃការផ្ដល់ព័ត៌មាន
១៣.២.១ ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផលចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្រប ដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។
អ្នកទទួលផលត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុ សមស្របពីក្រុមហ៊ុន អ្នកទទួលផលត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដែលការចំណាយជាបន្ទុករបស់អ្នកទទួលផល។
អ្នកទទួលផលត្រូវយល់ព្រម និង សហការសម្រាប់ការធ្វើកោសល្យវិច័យលើអ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និង ក្រមសាសនាដែលអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ឬ ភាគីរបស់អ្នកត្រូវបានធានារ៉ាប់រង អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។
១៣.២.២ ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកត្រូវបានធានារ៉ាប់រង ឬភាគីនៃអ្នកត្រូវបានធានារ៉ាប់រង ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬ បន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់បានកើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់វេជ្ជបណ្ឌិត និង ភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង តាមដែលក្រុមហ៊ុនយល់ថាចាំបាច់នៅក្នុងអំឡុងពេលដំណើរការវាយតម្លៃលើការទាមទារសំណង។
១៣.៣ ឯកសារតម្រូវចំពោះករណីបោះបង់បណ្ណសន្យារ៉ាប់រង និងការទាមទារសំណង
ក. ករណីបោះបង់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង
១. បំពេញពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង
២. កញ្ចប់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
ខ. ករណីមរណភាពដោយសារជំងឺ
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផល ដែលមានបញ្ជាក់ ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាពដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផល ឬ ទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
៧. ឯកសារផ្សេងទៀត ដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុន សម្រាប់ជំនួស ឬគាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
គ. ករណីមរណភាពដោយគ្រោះថ្នាក់
រាល់ឯកសារក្នុងចំណុច (ខ) ខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖
១. ច្បាប់ថតចម្លងកំណត់ហេតុអង្កេតគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
ឃ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រងដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៥. ឯកសារផ្សេងទៀតដែលត្រូវបានចាត់ទុកថាចាំបាច់ដោយក្រុមហ៊ុនសម្រាប់ជំនួស ឬគ្រាំទ្រ ឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
១៣.៤ រយៈពេលអតិបរមានៃការទូទាត់សំណង
ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តអំពីការបដិសេធ ឬការអនុម័តសំណងជាលាយលក្ខណ៍អក្សរជូនអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្នុងរយៈពេលអតិបរមា ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ការទាមទារសំណង។
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងជូនអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្នុងរយៈពេលអតិបរមា ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណង និងអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលឯកភាពទទួលយកសំណងធានារ៉ាប់រង ចំពោះការទូទាត់សំណងទាំងស្រុង ឬ ក្នុងរយៈពេលផ្សេងដូចបានកំណត់នៅក្នុងកិច្ចព្រមពៀងដោយឡែករវាងក្រុមហ៊ុន និង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ចំពោះការទូទាត់សំណងជាដំណាក់កាល។
១៣.៥ របៀបទូទាត់សំណង
របៀបទូទាត់សំណងមានដូចជា ការទូទាត់សំណងតាមរយៈលិខិតសន្យា (បង់ប្រាក់) (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងទៀត។
១៣.៦ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយ ត្រូវបានប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារសំណងនោះឡើយ។
១៣.៧ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្តល់សំណងណាមួយក្រោមបណ្ណសន្យារ៉ាប់រងនេះឡើយ លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។
១៤. ការរក្សាព័ត៌មានសម្ងាត់
រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬ អនុញ្ញាតឲ្យដោយច្បាប់ ឬ បទប្បញ្ញត្តិជាធរមាន។
១៥. ការផ្សះផ្សាវិវាទ
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។
១៦. ដែនយុត្តាធិការ
កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។
១៧. ប្រការទូទៅ
១៧.១ ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីអះអាងលើសុខភាព និង ការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយអ្នកត្រូវបានធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានការផ្លាស់ប្តូរលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភធានារ៉ាប់រងបន្ថែម ឬ បដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ (ប្រសិនបើបណ្ណសន្យារ៉ាប់រងមិនទាន់បានចេញឲ្យជាផ្លូវការ)។ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាព ការផ្តល់ព័ត៌មានមិនពិត ឬ ការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងដោយចេតនា នឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះអាចក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និង បដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។
ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី១ នៃប្រការ ១៧.១ “ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង” នោះទេ។
ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬ កែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬ ពន្យារកាលបរិច្ឆេទខួបនៃការបង់បុព្វលាភធានារ៉ាប់រង ឬ បដិសេធការផ្តល់ការជូនដំណឹង ឬ ភស្តុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះអាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង។
១៧.២ លក្ខខណ្ឌមិនអាចតវ៉ាបាននៃកិច្ចសន្យាធានារ៉ាប់រង
លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញចុងក្រោយ ប្រសិនបើបណ្ណសន្យារ៉ាប់រងត្រូវដាក់ឲ្យអនុវត្តឡើងវិញ លើកលែងតែករណីអ្នកត្រូវបានធានារ៉ាប់រងមិនមានផលប្រយោជន៍ពីការធានារ៉ាប់រង (Insurable interest) ក្នុងការធានារ៉ាប់រងនេះ ឬបានផ្តល់ព័ត៌មានមិនពិតពីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។
១៧.៣ ការប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ហើយ បណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភធានារ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភធានារ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងដែលលើសជូនវិញ។
ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់ អ្នកត្រូវបានធានារ៉ាប់រងសិ្ថតនៅហួសកម្រិតបុព្វលាភធានារ៉ាប់រង ទៅតាមការអនុវត្តអាជីវកម្មទូទៅរបស់ ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែល ក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រង (ដោយមិនមានការប្រាក់) ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (ប្រសិនបើមាន)។
១៧.៤ ពាក្យស្នើសុំធានារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។
១៧.៥ រូបិយប័ណ្ណ
រូបិយប័ណ្ណនៃចំនួនទឹកប្រាក់ធានារ៉ាប់រង និងបុព្វលាភធានារ៉ាប់រង ត្រូវកំណត់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។
១៧.៦ សិទ្ធិ និងការប្រើប្រាស់សិទ្ធិស្ថិតក្រោមបណ្ណសន្យារ៉ាប់រង
សិទ្ធិ និងការប្រើប្រាស់សិទ្ធិស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានចាត់ទុកជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។
ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិរបស់បណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនដោយមានជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។
១៧.៧ ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។