អគ្គនាយកថ្មីនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី លោក Loke Kah Meng មានទំនុកចិត្តថា ក្រុមហ៊ុនធានារ៉ាប់រងមួយនេះអាចនឹងទទួលបានកំណើនដ៏រឹងមាំបន្តទៀតនៅក្នុងឆ្នាំនេះ ទោះបីវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
ស្ថាប័នហិរញ្ញវត្ថុ Global Banking and Finance Review បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជារយៈពេល ៣ ឆ្នាំជាប់ៗគ្នាគឺពីឆ្នាំ ២០១៨, ២០១៩ និង ២០២០។
ក្នុងឱកាសអបអរសាទរខួបលើកទី ៥ របស់ខ្លួននៅថ្ងៃទី ១ ខែមេសា លោក Loke បានមានប្រសាសន៍ថាក្រុមហ៊ុនអាចទទួលបានសមិទ្ធផលដ៏ធំធេងមួយទៀតខណៈដែលវិស័យធានារ៉ាប់រងអាយុជីវិតក្នុងស្រុកហាក់ស្ថិតនៅលើគន្លងនៃកំណើនកាន់តែរឹងមាំ។
«យើងរំពឹងនឹងបន្តក៏ដូចជាពន្លឿនល្បឿននៃកំណើនយ៉ាងហោចណាស់ឱ្យបាន ២ ទៅ ៣ ដង នៃមធ្យមភាគឧស្សាហកម្ម ដោយមានមហិច្ឆតាក្លាយទៅជាក្រុមហ៊ុនឈានមុខនៅលើទីផ្សារ ផ្អែកលើបុព្វលាភអាជីវកម្មថ្មីសរុប»។
លោកបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងនឹងសម្រេចបានតាមរយៈការពង្រីកបណ្តាញជាមួយដៃគូធនាគារ និងបង្កើនការគ្របដណ្តប់ទៅលើសាខា។ ណែនាំយុទ្ធសាស្ត្រឆាប់រហ័សដើម្បីបង្កើនការចែកចាយភ្នាក់ងារ ដែលយើងនឹងជ្រើសរើសបុគ្គលជាសហគ្រិនដែលមានបំណងបើកអាជីវកម្មផ្ទាល់ខ្លួន ដោយមិនចាំបាច់មានទុនផ្ទាល់ខ្លួន»។
មុនពេលជំងឺកូវីដផ្ទុះឡើង ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅក្នុងតំបន់អាស៊ានអស់រយៈពេលជិត ១ ទសវត្សរ៍ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យម ៨ ភាគរយក្នុង ១ ឆ្នាំ។
យោងតាមសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថាកត្តានេះបានធ្វើឱ្យវិស័យធានារ៉ាប់រងមានកំណើនគួរឱ្យកត់សម្គាល់ដោយបុព្វលាភដុលសរុបកើនឡើងជាមធ្យម ៣៥ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមកនេះ។
«ការប៉ាន់ស្មានគោលនៃអត្រាកំណើនឧស្សាហកម្មធានារ៉ាប់រងអាយុជីវិត គួរតែមានយ៉ាងហោចណាស់ ២ ដងនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បច្ចុប្បន្នប្រទេសកម្ពុជាគឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបខណៈប្រជាជនដែលមានកម្រិតជីវភាពមធ្យមកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានជួយលើកកម្ពស់ស្តង់ដា និងគុណភាពនៃការរស់នៅរបស់ពួកគេ»។
«យុវជនកម្ពុជាកាន់តែច្រើនមានការអប់រំខ្ពស់ដែលបានយល់ដឹងអំពីសារៈសំខាន់នៃធានារ៉ាប់រងនិងតម្រូវការសម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុនាពេលអនាគតដើម្បីការពារពួកគេនិងក្រុមគ្រួសារអំពីព្រឹត្តិការណ៍អកុសលណាមួយ»។
«នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាឧបករណ៍ដ៏មានឥទ្ធិពល។ យើងព្យាយាមពង្រីកសេវាកម្មរបស់យើងឱ្យបានទៅដល់ប្រជាជនកម្ពុជាវ័យក្មេងជំនាន់ ក្រោយតាមរយៈហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងទៀត។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលរបស់យើង យើងក៏បានដាក់ចេញនូវប្រព័ន្ធ “U Smile System” ដែលជាវេទិកាឌីជីថលដ៏ពិសេសរបស់យើងដើម្បីជួយកាត់បន្ថយពេលវេលាសម្រាប់ការចេញគោលនយោបាយដើម្បីឱ្យស្របតាមនិន្នាការទីផ្សារ»។
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំទិវារត់ប្រណាំងស្ត្រីកាលពីឆ្នាំមុន ដែលជាផ្នែកមួយនៃ CSR របស់ខ្លួន។ ដោយដឹងថានឹងមានការរំខានដល់សេដ្ឋកិច្ចជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាទិសដៅនៃផែនការអាជីវកម្មបច្ចុប្បន្នក្នុងរយៈពេលមធ្យម ទោះបីជាមានបញ្ហាប្រឈមដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។

ដើម្បីកាត់បន្ថយបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានកំណត់ទិសដៅទីផ្សារចំពោះប្រជាជនមានកម្រិតជីវភាពមធ្យមដែលកំពុងកើនឡើងសម្រាប់ផលិតផល សន្សំ និងការអប់រំក៏ដូចជាអតិថិជនរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុជាមួយនឹងប្រាក់កម្ចីការការពារដោយប្រើប្រាស់ផលិតផល “Credit Life” របស់ក្រុមហ៊ុន។
ខណៈពេលដែលក្រុមហ៊ុនប្រារព្ធខួបដ៏សំខាន់របស់ខ្លួននៅក្នុងឆ្នាំនេះ ក្រុមហ៊ុនមានគម្រោងរៀបចំព្រឹត្តិការណ៍ពិសេសមួយ ដើម្បីអបអរដល់ឱកាសនេះ និងចែករំលែកភាពជោគជ័យរបស់ខ្លួនជាមួយអតិថិជនរបស់ខ្លួន។
«សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រារព្ធខួប ៥ ឆ្នាំរបស់ខ្លួននៅថ្ងៃទី ១ ខែមេសា យើងសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងដែលបានគាំទ្រយើងអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះក្នុងនោះក៏មានការប្រកួតប្រជែង 'Sovannaphum Life 5th Anniversary Contest' ដែលមានរង្វាន់ជាទឹកប្រាក់សរុប ១២៥ លានរៀល»។
លោកបន្ថែមថា៖ «យើងនឹងធ្វើការចាប់រង្វាន់នូវទឹកប្រាក់ ៥ លានរៀលចំនួន ៥ រង្វាន់ក្នុង ១ ខែទៅក្នុងគណនីសន្សំនៅក្នុងធនាគារ ឬដៃគូស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ការប្រកួតប្រជែងនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា និងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដែលមានរយៈពេល ៥ ខែ»។
លើសពីនេះទៀតខួប ៥ ឆ្នាំនេះក៏នឹងរួមបញ្ចូលយុទ្ធនាការ ៣៦០ ដឺក្រេដែលគ្របដណ្តប់លើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយខាងក្រៅ ពហុព័ត៌មាន កាសែតបោះពុម្ព និងសារព័ត៌មានឌីជីថល រួមនឹងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។
លោក Loke Kah Meng បានបន្តថា៖ «ក្នុងនាមជាអាជីវកម្មដែលផ្តោតសំខាន់លើប្រជាជន ក្រុមហ៊ុនជឿជាក់លើការស្តាប់អតិថិជនរបស់ខ្លួន។ សុវណ្ណាភូមិ ឡាយហ្វ៍ សង្ឃឹមថានឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀតដើម្បីផ្តល់នូវសន្តិភាពផ្លូវចិត្ត និងការពារហិរញ្ញវត្ថុគ្រួសារនៅទូទាំងប្រទេស ដោយបង្កើតឡើងវិញជាមួយនឹងពាក្យស្លោក «នៅទីនេះដើម្បីអ្នកនៅទីនេះដើម្បីកម្ពុជា»៕