“ឈាមខ្ញុំ” ជាយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីអបអរទិវាបរិច្ចាគឈាម ដែលនឹងរៀបចំនៅ វិមានកាណាឌីយ៉ា ថ្ងៃទី ១១ មិថុនា ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ ថ្ងៃត្រង់។
មោទកភាព “ឈាមខ្ញុំ” ជាខ្លឹមសារនៃយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលរៀបចំឡើងដើម្បីលើកទឹកចិត្តឲ្យបុគ្គលិក និងសាធារណជនចូលរួមបរិច្ចាគឈាមដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះឈាមសង្គ្រោះជីវិត ដែលតម្រូវការឈាមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរាប់ម៉ឺនប្លោក។ ឈាមគួរតែលះបង់ក្នុងបុព្វហេតុការពារទឹកដី លើកមុខមាត់ប្រទេសជាតិ ថែកេរដូនតា បង្កើតជីវិត និងសង្គ្រោះជីវិត ដែលទង្វើទាំងនេះពិតជាផ្តល់មោទកភាពចំពោះខ្លួនឯង គ្រួសារ និងប្រទេសជាតិ។ ដើម្បីដាស់ស្មារតីសាធារណជនទាំងអស់ឲ្យជ្រាបច្បាស់អំពីតម្លៃនៃឈាម យើងក៏បានបង្កើតជារូបភាពផ្សព្វផ្សាយដែលមានរូបតំណាងជាមួយអត្ថន័យខាងក្រោម៖
- កងយោធាកំពុងត្រូវរបួស។ យើងចង់បង្ហាញថា ពួកគាត់ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រទេស និងសេចក្តីសុខរបស់គ្រួសារកម្ពុជា។

- កីឡាករគុនខ្មែរ ប្រយុទ្ធតតាំងបែកឈាមពេញមុខ និងខ្លួន។ រូបនេះចង់បង្ហាញថា ពួកគាត់តស៊ូ ទោះបីបែកឈាមក្តី ក៏គាត់នៅតែបន្ត ព្រោះដើម្បីថែកេរដូនតា និងកសាងមុខមាត់ជូនប្រទេសជាតិ។
"ឈាមខ្ញុំ" អ្នកតស៊ូ
- ម្តាយសម្រាលកូន។ ម្តាយគ្រប់រូបមិនត្រឹមព្រមស្ម័គ្រទទួលលំបាកពេលពរពោះកូននោះទេ តែអ្នកម្តាយគ្រប់រូបហ៊ានប្រថុយជីវិត និងលះបង់ឈាមទាំងថ្លុកដើម្បីផ្តល់កំណើតឲ្យកូន។
"ឈាមខ្ញុំ" សង្គ្រោះជីវិត
ស្របនឹងនេះផងដែរ យើងក៏បានភ្ជាប់មកជាមួយនូវរូបមួយទៀតដែលជារូបតំណាងឲ្យយើងគ្រប់គ្នាដែលកំពុងបរិច្ចាគឈាម។ អត្ថន័យរូបនេះ ចង់បង្ហាញ និងជម្រុញឲ្យយើងគ្រប់គ្នាថា ទោះបីយើងអាចមិនមែនជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលមានភារកិច្ចក្នុងការតតាំងដើម្បីការពារទឹកដី តស៊ូថែកេរ ឬផ្តល់ជីវិតក្តី តែយើងនៅតែអាចក្លាយជាវិរជន ដែលអាចជួយសង្គ្រោះជីវិតខ្មែរដទៃទៀតផងដែរតាមរយៈការបរិច្ចាគឈាម។
"ឈាមខ្ញុំ" សង្គ្រោះជីវិត